ភ្នំពេញ៖ អស់រយៈពេលជិត២សប្តាហ៍ហើយ ដែលរឿងរបស់ អតីតបេក្ខជន ក្នុងកម្មវិធី «Cambodian idol» លោក អ៊ាម វន្នី បានទទួលទាំងការ រងការរិះគន់ និងសរសើរជាបន្តបន្ទាប់ ក្រោយពីមានអ្នកលើកតម្កើងលោក ប្រៀបធៀបទៅ នឹងអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ។ នៅក្នុងនោះ សូម្បីតែតារាចម្រៀងជើងចាស់ សំឡេងផ្អែមស្រទន់ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបញ្ចេញសាររិះគន់ ទៅលើព័ត៌មានដែលតម្កើង បេក្ខជនវ័យក្មេងរូបនេះ ស្មើនឹងអធិរាជ សិល្បៈជំនាន់ដើមនោះ ។
តាមរយៈសារខ្លីមួយ ដែលតារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន ដោយអ្នកនាង បានលើកឡើងថា «មនុស្សម្នាក់ៗសុទ្ធតែ មានចំណុចខ្លាំង និងចំណុចខ្សោយ។ ប៉ុន្តែបើអ្នកណា មានចំណុចល្អច្រើនជាងគេ ទទួលបានការគាំទ្រច្រើនជាងគេ ល្បីយូរអង្វែងជាងគេ អ្នកនោះ គឺជាអ្នកខ្លាំង !!! លោក ស៊ីន ស៊ីសាមុត គឺជាគ្រូនៃសម្លេង ជាវិរបុរសនៃតន្ត្រី ចម្រៀងខ្មែរ ។ ព្រះមហាក្សត្រ រាប់ពីជំនាន់ដើម រហូតបច្ចុប្បន្ន រួមនឹងប្រជាពលរដ្ឋខ្មែរ ៩៩.៩ភាគរយ និងមានបរទេសផង បានចាត់ទុកលោកជានិមិត្តរូប នៃ សិល្បៈចម្រៀងខ្មែរ ហើយបានផ្តល់រហស្សនាមដល់លោកជា " អធិរាជសម្លេង " បើអ្នកណាមិនទទួលស្គាល់ នូវតម្លៃនេះទេ អ្នកនោះមិនមែនជាបណ្ឌិត » ។
មូលហេតុដែលបណ្តាលឲ្យ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ម៉េង កែវពេជ្ជតា បញ្ចេញប្រតិកម្ម ការពារលោក អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត នោះ បន្ទាប់ពីមាន Account Facebook មួយ ដែលជាអណិកជនខ្មែររស់នៅក្រៅប្រទេស បានសរសេរសារ រៀបរាប់ពីចំណុចខ្លាំង និងចំណុចខ្សោយ របស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត និងធ្វើការរិះគន់ថា អធិរាជសម្លេងមាស ច្រៀងបទចម្រៀង ចម្លងពីបរទេស និងលើកកម្ពស់ អតីតបេក្ខជនវ័យក្មេង ក្នុងកម្មវិធី «Cambodian idol» លោក អ៊ាម វន្នី មកធ្វើការប្រៀបធៀប ជាមួយអធិរាជសម្លេងមាស របស់យើង ។
ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់បេក្ខជន អ៊ាម វន្នី ក៏លោកធ្លាប់បានបកស្រាយបញ្ជាក់ ដល់មហាជនឲ្យដឹងផងដែរ ថា លោកមិនមែនជាមនុស្ស ដែលលើកតម្កើងខ្លួន ហួសមាឌនោះទេ ។ ការប្រៀប្រដូចលោក ទៅតារាចម្រៀងអធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត ក៏ជាការធ្វើឡើង ពីសំណាក់អ្នកគាំទ្រដែរ ពោលលោកមិនបានដឹកខ្លួនឡើយ។ យ៉ាងណាមិញ ក្នុងនាមលោកជាតារាចម្រៀងជំនាន់ក្រោយ លោកពិតជាគោរព និងទទួលស្គាល់យ៉ាងពិតប្រាកដ ចំពោះកេរ្តិ៍ឈ្មោះដែលមិនអាចកាត់ថ្លៃបាន របស់លោក ស៊ីន ស៊ីសាមុត ហើយពិតជាមិនហ៊ានដាច់ខាត បើឲ្យលោកយកខ្លួនទៅប្រៀបធៀប ជាមួយលោកតា ស៊ីន ស៊ីសាមុតនោះ ៕
- អាន ៖ អ៊ាម វន្នី ប្រតិកម្មនឹងការ រិះគន់របស់លោក មាស រិទ្ធី ថា គ្មានភស្ដុតាង ច្បាស់លាស់
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល