CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះគ្រាប់បែក ក្នុងហ្វូងបាតុករ សម្លាប់មនុស្ស យ៉ាងតិច ៤ នាក់ ៣ នាក់ជាក្មេងតូចៗ

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានថ្កោលទោស ចំពោះករណី ប្រើប្រាស់អំពើហឹង្សា មានតាំងពី ការបាញ់បោះគ្រាប់ ពិត និងបំផ្ទុះគ្រាប់បែក ទៅលើហ្វូងបាតុករ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី កាលពីថ្ងៃចុងសប្តាហ៍ កន្លងទៅនេះ ដោយនៅក្នុងនោះ បានសម្លាប់មនុស្ស ដល់ទៅ ៤ នាក់ ៣ នាក់ជាក្មេងតូចៗ ខណៈ លោកស្រីបានជម្រុញអោយមានការតាមដានស៊ើបអង្កេតនិងតាមជាប់ឧក្រិដ្ឋជន យកមកផ្ទន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស ស៊ីអិនអិន ។

សេចក្តីរាយការណ៍ ពីមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ Erawan បានគូសបញ្ជាក់អោយដឹងថា ក្មេងស្រីតូច វ័យទើបតែ៦ ឆ្នាំ និងក្មេងប្រុសតូច វ័យទើបតែ ១២ ឆ្នាំ រួមទាំងស្រី្តវ័យចំណាស់ជាង ៤០ ឆ្នាំម្នាក់ទៀត ទាំងបីនាក់ បានស្លាប់ នៅឯខាងក្រៅផ្សារទំនើបក្នុងក្រុងបាងកក Ratchaprasong ដែលជាទីកន្លែង នៃការប្រជុំផ្តុំ ការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ ។


អនុសេនីយ៍ទោ លោក Paradon Patthanathabut ជាប្រធាន នាយកដ្ឋានសន្តិសុខថ្នាក់ជាតិ របស់ប្រ ទេសថៃ បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ២២ នាក់ បានទទួលរង របួស ដោយនៅក្នុងនោះ ច្រើននាក់បានទទួលរងរបួសធ្ងន់ ។


ផ្ទុយទៅវិញ លោក Jirawut Tantasri ជាមន្រ្តីប៉ូលីសផ្លូវការម្នាក់ បានសរបញ្ជាក់អោយដឹងថា កាលពី រាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ក្មេងស្រីតូចវ័យ ទើបតែ ៥ ឆ្នាំ បានស្លាប់បាត់បង់ជីវិត ខណៈ ៣៤ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល អំឡុងពេល នៃការកើតមានឡើង ករណីផ្ទុះ អាវុធ ទៅលើហ្វូងបាតុករ ផ្ទុះការតវ៉ា ប្រឆាំងទៅនឹងរដ្ឋាភិបាល នៅឯភាគខាងកើតប្រទេស ពោលគឺ នៅក្នុងខេត្ត Trat ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Protest