បុរសម្នាក់បានដុតខ្លួនឯង នៅក្បែរវិមានរដ្ឋសភាអាមេរិក នៅក្រុង Washington បន្ទាប់ពីករណីនគរបាលបាញ់សម្លាប់ស្ដ្រីម្នាក់ដែលបានបើករថយន្ដបុករបាំងសន្ដិសុខរបស់សេតវិមាន បណ្ដាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅអាមេរិក។
មនុស្សមួយចំនួន បានរត់មកជួយពន្លត់ភ្លើង។ រូប ៖ Yahoo
កន្លែងកើតហេតុ ដុតសម្លាប់ខ្លួន។ រូប ៖ NYDailyNews
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី ៤ នៅឧទ្យានជាតិ Mall ដែលស្ថិតនៅកណ្ដាលនៃកូនភ្នំ Capitol (កន្លែងមានវិមានរដ្ឋសភា) និងសេតវិមាន។
សាក្សីជាច្រើន បានឱ្យដឹងថា ពួកគេបានឃើញមនុស្សម្នាក់ ចាក់សាំងពណ៌ក្រហមស្រោចក្បាល និងដុតខ្លួន។ Vanessa Sink បានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថា ៖ “ទើបតែបានឃើញហេតុការណ៍ដ៏ល្ងង់ខ្លៅ ....បុរសម្នាក់ដុតខ្លួនឯង នៅ Mall។ មនុស្សម្នាក់បានរត់ទៅដល់ និងបានពន្លត់ភ្លើង។ ខ្ញុំមិនបានឃើញគេដុតភ្លើង ប៉ុន្ដែបានឃើញអណ្ដាតភ្លើងឆេះពេញរាងកាយរបស់គាត់។ ពិតជាមិនគួរឱ្យជឿ” ។ Vanessa Sink បន្ដថា បុរសដុតខ្លួនឯងនោះ ត្រូវបានគេជួយសង្គ្រោះ ដោយមានឧទ្ធម្ភាគចក្រ នាំទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ក្រោយពីបានពន្លត់ភ្លើង នគរបានក៏បានហៅជំនួយសង្គ្រោះបន្ទាន់។ រូប ៖ Presstv
ប្រភពពីទំព័រ Sky News ដែលបានដកស្រង់សំដីរបស់មន្ដ្រីពន្លត់អាគ្គីភ័យម្នាក់ ឱ្យដឹងថា បុរសដុតខ្លួនឯងនោះ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរលាកពេញរាងកាយ និងអាចមានគ្រោះថ្នាក់ដល់ជីវិត។
ឧទ្ធម្ភាគចក្រមួយគ្រឿង មកដល់កន្លែងកើតហេតុ ដើម្បីដឹកអ្នកធ្វើអត្ដឃាត។ រូបថត ៖ Vanessa Sink/@LiveMusicGirl
គួររំឭកថា ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីមានករណីស្ដ្រីម្នាក់ត្រូវបានបាញ់សម្លាប់នៅលើរថយន្ដ ក្បែរវិមានរដ្ឋសភា ដោយកងសន្ដិសុខការពារសេតវិមាន ក្រោយពីស្ដ្រីរូបនោះ បានបើករថយន្ដបុករបាំងសន្ដិសុខ និងបានបើកគេចខ្លួន ហើយត្រូវនគរបាលដេញតាមចាប់ ដូចនៅក្នុងភាពយន្ដ។ កាលពីប៉ុន្មានសប្ដាហ៍មុន មនុស្ស ១៣នាក់ ក៏បានស្លាប់ នៅក្នុងមូលដ្ឋានទ័ពជើងទឹកអាមេរិក ផងដែរ នៅក្នុងហេតុការណ៍ផ្ទុះអាវុធបាញ់ប្រហារដ៏កក្រើកមួយ។
ដោយ ៖ តារា
ប្រភព ៖ Sky News/ NYDailyNews