ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី ផ្ទុះអាវុធ នៅឯពន្ធនាគារ មួយកន្លែង រវាងបុរសជា ខ្មាន់កាំភ្លើង និងទណ្ឌិត ឯទៀត នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស CNN ។
គួរបញ្ជាក់ផងដែរថា ករណីផ្ទុះអាវុធ នៅក្នុងពន្ធនាគារ មួយកន្លែងនេះ បានកើតឡើង ចម្ងាយប្រមាន ១២០ ម៉ាយ ភាគនិរតី ក្រុងម៉ិកសិក ប្រទេស ម៉ិកសិក ដោយនៅក្នុងនោះ ពន្ធនាគារ ដែលជាកន្លែង កើតហេតុផ្ទាល់ តែម្តង មានឈ្មោះថា Tuxpan មានទីតាំងស្ថិតនៅក្នុងក្រុង Iguala ។ បន្ថែមពីលើនេះ បើតាមការអោយដឹង ពីការិយាល័យ អគ្ករាជអាជ្ញារដ្ឋ Guerrero ធ្វើសន្និសិទសារព័ត៌មានអោយដឹង ថា ករណី ផ្ទុះ អាវុធ លើកនេះ បានកើតឡើង នាវេលា ព្រឹកព្រលឹម ថ្ងៃសុក្រ ម្សិលមិញនេះ ។
មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មានដដែល បន្តអោយដឹងថា ខ្មាន់កាំភ្លើង ដៃប្រដាប់ទៅដោយ កាំភ្លើង ទាំង ៦ រូប បានបន្លំខ្លួន ធ្វើជាមន្រ្តីសាធារណៈ ដោយនៅខណៈនោះ បាននាំទណ្ឌិតថ្មីផ្សេងទៀតចូល ទៅក្នុងពន្ធនាគារ ។ ទន្ទឹមនឹងការបន្លំខ្លួន ចូលទៅក្នុង ពន្ធនាគារហើយនោះ ពួកគេ ក៏បានបើកការ វាយប្រហារ បាញ់រះមកលើ ទណ្ឌិតឯទៀត ក៏ដូចជា ឆ្មាំគុកផងដែរ។ ជាលទ្ធផល ក្រោយពេលប៉ះ ទង្គិច ក្រុមបើកការវាយប្រហារ ៥ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ទណ្ឌិត ៤ នាក់ផ្សេងទៀត ក៏ បានស្លាប់ដូចគ្នាដែរ។
ដោយឡែក បុរសដែលជា សមាជិក ក្រុមវាយប្រហារ ក៏កំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ បន្ទាប់ពី គេបានរួចខ្លួនតែម្នាក់ឯង ពីការបាញ់សម្លាប់ ខណៈមកទល់នឹងបច្ចុប្បន្ននេះ គេកំពុងតែប្រ ឈមនឹងការសាកសួរចម្លើយពី ក្រុមមន្រ្តីប៉ូលីស ។ បើតាមរបាយការណ៍ អះអាងថា ការវាយប្រហារ សម្រុកចូល ក្នុងពន្ធនាគារលើកនេះ បំណងពួកគេ គឺចង់លួចរថយន្ត ភីកអាប់ តែទោះជាយ៉ាងណា ការតាមដានស៊ើបអង្កេត នៅតែបន្តមាន នៅឡើយ ពីសំណាក់ មន្រ្តីជំនាញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN