ព័ត៌មានអន្តរជាតិ ៖ ជនអន្តោប្រវេសន៍ខុសច្បាប់ ច្រើនជាង ១,១០០ នាក់ ត្រូវបានក្រុមសមត្ត កិច្ចជំនាញ កងទ័ពជើងទឹក ប្រទេសអ៊ីតាលី ជួយសង្គ្រោះស្រង់ចេញពីផ្ទៃមហាសាគរ ខណៈ ពេលដែលពួកគេក៏កំពុងតែជិះគរគ្នា នៅលើទូកតូចៗចំនួន ៩ គ្រឿងផ្សេងៗពីគ្នា នេះបើយោង តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញ ផ្សាយកាលពីវេលាល្ងាច ម្សិលមិញនេះ ។
គួរបញ្ជាក់ផងដែរថា បេសកម្មជួយសង្គ្រោះលើកនេះ អាចធ្វើទៅបាន បន្ទាប់ពីឧទ្ធម្ភាគចក្របាន ប្រទះឃើញទូកមួយគ្រឿងនៅភាគខាងត្បូងកោះ Lampedusa មានទីតាំងនៅចន្លោះផ្លូវដែនទឹក រវាងប្រទេសទុយនេស៊ី និង ប្រទេស អ៊ីតាលី។គួររំឭកផងដែរថា កាលពីឆ្នាំកន្លងទៅក្រុមមនុស្ស ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ មានគ្នាដល់ទៅ ៣០០ នាក់ បានស្លាប់បាត់បង់ជីវិតនៅ ត្រង់ចំណុចនេះ បន្ទាប់ពីទូករបស់ពួកគេលិច។
កាលដែលបានឃើញជនអន្តោប្រវេសន៍ ធ្វើដំណើរពនេចរប្រកបទៅដោយភាពខុសច្បាប់ហើយ នោះ ក្រុមមន្រ្តីជំនាញ ក៏បានចេញយុទ្ធនាការ ចុះទៅជួយសង្គ្រោះផ្ទាល់តែម្តងពោលបាននាំខ្លួន ពួកគេទៅកាន់កំពង់ផែ Augusta កោះធំបំផុត នៅមេដីទែរ៉ានេ កោះ Sicilian ។
បន្ថែមពីលើ នេះប្រភពដដែលបន្តអោយដឹងថា ជារៀងរាល់ឆ្នាំ ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់ មកពីទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ក៏ដូចជា មកពី មជ្ឈឹមបូព៌ា បាននាំគ្នាធ្វើចំណាកស្រុក ដោយខុសច្បាប់ តាមរយៈកូនទូកតូចៗរបស់ខ្លួន នៅលើដែនសមុទ្រ Mediterranean ដើម្បីធ្វើ ដំណើរទៅភាគកណ្តាលទ្វីបអឺរ៉ុប ក្នុងគោលបំណង សុំសិទ្ធជ្រកកោន តែជាអកុសល ជារឿយៗ ពួកគេ រាប់រយនាក់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលដំណើរពនេចរ របស់ខ្លួន ទទួល បរាជ័យ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ