បើទោះជាក្រុមអ្នកវិទ្យាសាស្ដ្របានបញ្ជាក់ថា ឆ្នាំ ២០១២ មិនមែនជាឆ្នាំនៃទីបញ្ចប់នៃផែនដី
យោងទៅតាមប្រក្រតិទិនរបស់ជនជាតិ Maya នោះក៏ដោយ ប៉ុន្ដែមនុស្សទូទៅបានដឹងហើយ
ថា ក្នុងអំឡុងពេលប៉ុន្មានខែជិតចូលដល់ឆ្នាំ ២០១២ ពិភពលោកបានទទួលរងគ្រោះធម្មជាតិ
យ៉ាងធ្ងន់ធ្ងរដែលបណ្ដាលអោយមនុស្សស្លាប់រាប់មិនអស់ រួមជាមួយនឹងអំពើហឹង្សានានាដ៏គួរ
រន្ធត់ផងដែរ។
រលកយក្សនៅជប៉ុន
រលកយក្សមួយបានកើតឡើងបន្ទាប់ពីរញ្ជួយដីដែលមានកម្លាំង ៩រិចទ័រ នៅប្រទេសជប៉ុន
កាលពីដើមខែមិនា ឆ្នាំ ២០១១ បានសម្លាប់មនុស្សជិត ១៦.០០០នាក់ និង ៤.០០០នាក់ផ្សេង
ទៀតបានខ្លួន។
កម្លាំងបំផ្លាញរបស់រលកយក្សនេះ បានធ្វើអោយមនុស្សទូទាំងពិភពលោកត្រូវភ័យខ្លាច ប៉ុន្ដែ
អ្វីដែលគួរអោយខ្លាចជាងគេនោះ គឺរោងចក្រនុយក្លេអែរ Fukushima ទទួលរងការខូចខាត
ដោយសារឥទ្ធិពលនៃរញ្ជួយដី និងរលកយក្ស បណ្ដាលអោយចំហាយវិទ្យុសកម្មត្រូវសាយ
ភាយចេញមកក្រៅ។ គ្រោះថ្នាក់នុយក្លេអែរនៅ Fukushima ត្រូវបានគេវាយតម្លៃថា ប្រហាក់
ប្រហែលនឹងបញ្ហាគ្រោះថ្នាក់នុយក្លេអែរ Chernobyl ដែលបានកើតឡើងកាលពីឆ្នាំ ១៩៨០
នៅអតិតសូវៀត។
រញ្ជួយដីនៅ Turkey ,New Zealand, Peru, និងបាក់ដីនៅ Brazil
មនុស្សប្រមាណជា ២៥៧ នាក់នៅក្នុងទីប្រជុំជន Rio de Janeiro (Brazil) បានស្លាប់ដោយ
ទឹកជំនន់ហូរគួចខណៈពេលពួកគេកំពុងគេងលង់លក់នៅក្នុងផ្ទះ កាលពីដើមខែមករា។
ខណៈនោះដែរ នៅចម្ងាយប្រហែល ១០០គម ភាគខាងជើងទីប្រជុំជន Rio de Janeiro ក៏
មានអ្នកស្លាប់ច្រើនជាង ១៣០នាក់ដោយសារគ្រោះធម្មជាតិនេះ ចំណែកនៅឯ Nova
Friburgo ក៏មានមនុស្សស្លាប់ជាង ១០០នាក់ផងដែរ។
កាលពីថ្ងៃទី ២២ ខែកុម្ភៈ គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៦,៣រិចទ័រ បានកើតឡើងនៅ
ឯChristchurch ដែលជាទីក្រុងធំទីពីររបស់ New Zealand បណ្ដាលអោយមានមនុស្សស្លាប់
៧៥នាក់ និងបាត់ខ្លួន ៣០០នាក់។ គ្រោះធម្មជាតិនេះ បានធ្វើអោយអគាររាប់សិបត្រូវដួល
រលំ និងរថយន្ដរាប់រយគ្រឿងត្រូវខូចខាត។
នៅក្នុងខែសីហា គ្រោះរញ្ជួយដីមួយមានកម្លាំង ៧,៩ រិចទ័រ កើតឡើងនៅប្រទេស ប៉េរូ ក្បែរ
ព្រំដែន Brazil បានបណ្ដាលអោយមនុស្សស្លាប់ចំនួន ៣៨០នាក់។ អគារជាច្រើននៅរដ្ឋធានី
នៃប្រទេសនេះក៏ត្រូវបាក់រលំ និងខ្លះទៀតត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រទេសទួរគីក៏ត្រូវរងការខូចខាតយ៉ាងខ្លាំង នៅក្នុងគ្រោះរញ្ជួយដីមួយដែលបានកើតឡើង
កាលពីខែតុលា នៅភាគខាងកើតនៃប្រទេស។ មនុស្សចំនួន ៦០០នាក់បានបាត់បង់ជីវិត
ផ្ទះ រាប់ពាន់ខ្នងត្រូវបាក់រលំទាំងស្រុង បន្ទាប់ពីរញ្ជួយដី ៧,២ រិចទ័រនេះ។
ទឹកជំនន់នៅប្រទេសថៃ និងព្យុះនៅពីលិពីន
គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងអំឡុង ៥០ឆ្នាំមកនេះនៅប្រទេសថៃ បានបង្ក
ឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច និងជីវិតមនុស្ស។ការជឿជាក់របស់ប្រជាជន
ទៅលើនាយករដ្ឋមន្ដ្រីថៃ លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ក៏បានថយចុះ ខណៈពេលមាន
មនុស្សជិត ៦០០ នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះធម្មជាតិនេះ។
មុននេះប្រហែល ២សប្ដាហ៍ ព្យុះ Washi បានវាយប្រហារទៅនៅប្រទេស ពីលិពីន បណ្ដាល
អោយមនុស្សជាង ៦០០នាក់បានស្លាប់ និងជាច្រើននាក់បាត់ខ្លួន ព្រមទាំងបង្កការខូចខាត
យ៉ាងធ្ងន់ធ្ងរផងដែរ។
គ្រោះថ្នាក់លិច និងបុកកប៉ាល់ សាឡាងចម្លង
ឆ្នាំ ២០១១ ក៏មានមនុស្សស្លាប់យ៉ាងច្រើនដោយសារកប៉ាល់ សាឡាង បុកគ្នា ឬលិចជាដើម។
ក្នុងនោះដែរ ក៏មានករណីលិចកប៉ាល់ទេសចរណ៍នៅលើទន្លេ Volga របស់រូស្ស៊ី បណ្ដាលឲ្យ
មនុស្ស ១៨៥នាក់ត្រូវបាត់បង់ជីវិត។ ក្រៅពីនេះ ករណីលិចសាឡាងនៅប្រទេស ឥណ្ដូនេស៊ី
ក្នុងពេលកន្លង ក៏បណ្ដាលអោយមានអ្នកស្លាប់ចំនួន ៣០០នាក់។
នៅប្រទេសចិន ក៏មានគ្រោះថ្នាក់រថភ្លើងល្បឿនលឿនបុកគ្នា បណ្ដាលអោយមនុស្ស
៤០នាក់។ រីឯនៅឥណ្ឌាវិញ មនុស្សស្លាប់ចំនួន ១៥០នាក់ ដោយសារកប៉ាល់ក្រឡាប់។
ឃាតកម្មនៅ Norway និង Belgium
មានមនុស្សស្លាប់ដោយអយុត្តិធម៌យ៉ាងហោច ៨០នាក់នៅក្នុងអំពើបាញ់ប្រហារមួយរបស់
ឃាតករជនជាតិ Norway ។ អំពើភេរវកម្មធំៗទាំងពីរនៅក្នុងរដ្ឋធានី Oslo គឺត្រូវបានធ្វើ
ឡើង ដោយមនុស្សតែម្នាក់ នោះគឺឧក្រិដជន ឈ្មោះ Anders Behring Breivik អាយុ ៣២ឆ្នាំ។
ឧក្រិដជនរូបនេះ បានចំណាយពេលជាច្រើនឆ្នាំដើម្បីរៀបចំគម្រោងដ៏សាហាវបែបនេះ។
ចំណែកករណីបាញ់ប្រហារនៅ Belgium ក្នុងខែនេះវិញ បានបណ្ដាលអោយមនុស្ស ៥នាក់
ស្លាប់ និង ១២២ នាក់រងរបួសធ្ងន់ ធ្វើអោយប្រជាជានក្នុងទីក្រុង Liege នៅភាគខាងកើតនៃ
ប្រទេសនេះ មានការភ័យខ្លាច។
សង្គ្រាមនៅលីប៊ី និងអំពើហង្សានៅ ស៊ីរី
នៅមុនពេលអតិតមេដឹកនាំផ្ដាច់ការរបស់ប្រទេសលីប៊ី ឧត្តមសេនី ហ្គាដាហ៊្វី បានស្លាប់ ប្រជា
ជនប្រមាណជាជាង ៣០.០០០ត្រូវបាត់បង់ជីវិត នៅក្នុងសង្គ្រាមស៊ីវីលនៃប្រទេសនេះ។ ប៉ុន្ដែ
នេះគ្រាន់តែជាការប៉ាន់ស្មានក្រៅផ្លូវការរបស់អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្ន មិនទាន់
មានរបាយការណ៍ជាក់លាក់ជាផ្លូវការណាមួយស្ដីពីការស្លាប់នៅទីនេះនៅឡើយ។
ខណៈនេះដែរ ការប៉ះទង្គិចអាវុធនានានៅប្រទេសស៊ីរី កំពុងរីករាលដាលធំឡើងៗ ដែលអាច
ឈានដល់ការកើនមានសង្គ្រាមស៊ីវីល។ មកទល់នឹងពេលនេះ អស្ថេរភាពនយោបាយនៅ
ប្រទេសស៊ីរី បានសម្លាប់មនុស្សជាង ៤.០០០នាក់។
គ្រោះអត់ឃ្លាននៅអាហ្វ្រិកខាងកើត
នៅក្នុងតំបន់អាហ្វ្រិកខាងកើត គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល
៦០ឆ្នាំមកនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្រីក្រនៅទូទាំងតំបន់។ ប្រទេស
Somalia, Ethiopia និង Kenya ទទួលវិបត្តិស្បៀងអាហារ បណ្ដាលអោយជីវមនុស្សជាង ១០
លាននាក់ត្រូវគំរាមកំហែង។
កាលពីថ្ងៃទី២០ខែកក្កដា អង្គការសហប្រជាជាតិបានចេញសេចក្ដីព្រមានអំពីគ្រោះអត់ឃ្លាន
នេះ។ បច្ចុប្បន្ន តាមការប៉ាន់ស្មាន យ៉ាងហោចណាស់ក៏មានអ្នកស្លាប់ ១០០០.០០០នាក់
ដោយសារភាពអត់ឃ្លាន។ ដោយឡែកនៅភាគខាងត្បូងប្រទេស Somalia មានមនុស្សរាប់
ពាន់នាក់ ត្រូវបានគេជឿថា បានស្លាប់ដោយសារបញ្ហានេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD