ព័ត៌មានអន្តរជាតិ ៖ យ៉ោងហោចណាស់ មនុស្ស ច្រើនជាង ៨០ នាក់ បានទទួលរងរបួស ដោយនៅក្នុងនោះ មានទាំងធ្ងន់ និង ស្រាល បន្ទាប់ពីផ្នែកខ្លះ នៃពិដាន រោងកុន មួយកន្លែង បានធ្លាក់បាក់រលំចុះមក នៅពេល កំពុងតែ ប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌ មានបរទេស ស្កាយ ដែលទើបតែ បានចេញផ្សាយ កាលពីរំលង អាធ្រាត្រ យប់មិញនេះ។
គួរបញ្ជាក់ផងដែរថា ករណី បាក់រលំ ពិដាន ធ្លាក់ចុះ មកនៅរោងកុន មួយកន្លែង ខាងលើនេះ គឺ បានកើត ឡើងនៅឯ រោងកុន Appollo Theatre មានទីតាំង ស្ថិតនៅក្នុង ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ។ ភ្លាមៗ នោះ ក៏មានកិច្ចអន្តរាគមន៍ ជាពិសេស ដោយនៅក្នុងនោះ បានបញ្ជូន មន្រ្តីជំនាញក្នុងការ ចុះជួយសង្គ្រោះ និង រថយន្តសង្គ្រោះ បន្ទាន់ ដល់ទៅ ២៥ គ្រឿងទៅកន្លែង កើតហេតុ ពោលគឺ ពួកគេ បានចេញប្រតិបត្តិការ ក្នុងការ បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងអូសទាញ យកជនរងគ្រោះ ដែលនៅជាប់ នឹងក្រោមពិដាន ដែលបានធ្លាក់ចុះមក។
យ៉ាងណាមិញ បើតាមការអោយដឹង នាយកដ្ឋានសង្គ្រោះ បន្ទាន់ទីក្រុងឡុងដ៍ (London Ambulance Service) អោយដឹងថា មនុស្ស ៧៦ នាក់ បានជាប់នៅក្រោម គំនរ ពិដាន ធ្លាក់បាក់ចុះមក ខណៈពេល ក្រុមមនុស្ស ៧ នាក់ បានទទួលរងរបួស ធ្ងន់ និងត្រូវបាន បញ្ជូនទៅ មន្ទីរពេទ្យ តែពួកគេ គ្មានការគំរាម គំហែង សម្លាប់ដល់ អាយុជីវិតនោះទេ ស្របពេលដែល ៥០ នាក់ផ្សេងទៀត រងរបួស ស្រាល។
ដោយឡែក លោក Paul Rickett ជានាយរងប៉ូលីសក្រុង បានបន្តថា គ្មានសញ្ញាណណាមួយ ថាការបាក់រលំ នេះ ជាសកម្មភាព វាយប្រហារ បទឧក្រិដ្ឋកម្មនោះទេ។ បន្ថែមពីលើនេះ ប្រភពដដែល ក៏បានដកស្រង់ សម្តី អ្នកនាំពាក្យ ដោយផ្ទាល់ របស់រោងកុនខាងលើ អោយដឹងថា ករណីគ្រោះថ្នាក់ លើកនេះ វាគឺជារឿង ដ៏គួរ អោយសោកស្តាយ និងរន្ធត់មួយ ហើយពួកយើង ពិតជាមាន ការព្រួយបារម្ភ ចំពោះ បុគ្គលិក និងអតិថិជន របស់ខ្លួន ដែលទទួល បានផលអវិជ្ជមាន ចំពោះ គ្រោះថ្នាក់លើនេះ ។ ទោះជាយ៉ាងណា ករណី តាមដាន ស៊ើបអង្កេត រកមូលហេតុ ដែលនាំ អោយមាន ការបាក់ រលំ ពិដាន គឺ កំពុងតែ ស្ថិតនៅក្រោម ប្រតិបត្តិការ មន្រ្តីជំនាញ នៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ