យន្ដហោះមួយគ្រឿង ដឹកអ្នកលោតឆត្រ ១០នាក់ កាលពីម្សិលមិញ បានធ្លាក់ភ្លាមៗ បន្ទាប់ពីបានហោះឡើង នៅ បែលហ្សិក បណ្ដាលឱ្យមនុស្សទាំងអស់នៅលើយន្ដហោះ បាត់បង់ជីវិត។
ទំព័រ AFP រាយការណ៍ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅវេលាម៉ោង ១៦ កាលពីម្សិលមិញ (ម៉ោងក្នុងស្រុក) នៅតំបន់ Fernelmont ភាគអាគ្នេយ៍រាជធានី Brussels ចម្ងាយ ៧៥ គីឡូម៉ែត្រ។
Jean-Claude ចៅហ្វាយតំបន់ Nihoul Fernelmont ថ្លែងថា ៖ “មានមនុស្សស្លាប់ចំនួន ១១នាក់ រួមមានអ្នកបើកបរយន្ដហោះម្នាក់ និងអ្នកលោតឆត្រ ១០នាក់ ក្នុងនោះមានស្ដ្រីម្នាក់។ យន្ដហោះនេះ បានចេញដំណើរពីតំបន់ហោះហើរ Temploux និងបានធ្លាក់ចុះលើវាលស្រែ ក្រោយការហោះហើរបានប្រហែល ១០នាទី។ ក្រោយការធ្លាក់ យន្ដហោះនេះ បានឆេះខ្ទេច រហូតដល់មិនអាចចំណាំបាន។
ចៅហ្វាយក្រុង Namur នៅក្បែរតំបន់កើតហេតុ ថ្លែងថា ស្ដ្រីម្នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ មានឈ្មោះថា Maxime Prevot ។ នាងបានឡើងយន្ដហោះ ដើម្បីលោតឆត្រជាលើកដំបូងរបស់ខ្លួន ក្នុងឱកាសខួបកំណើត។ Michel Doumont ដែលជាប្រធានក្រុមពន្លត់អគ្គីភ័យ Namur ឱ្យដឹងថា នៅពេលក្រុមពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុ យន្ដហោះដែលមានម៉ាស៊ីនពីរនេះ បានឆាបឆេះ ហើយមនុស្សទាំងអស់នៅក្នុងយន្ដហោះ បានបាត់បង់ជីវិត។
សាក្សីម្នាក់ បានប្រាប់ទូរទស្សន៍ក្នុងស្រុក RTL ថា ៖ “ខ្ញុំឃើញយន្ដហោះនេះ ធ្លាក់ស្លាបខាងស្ដាំ ពេលកំពុងហោះហើរ។ ខ្ញុំបានឮសម្លេងផ្ទុះដ៏ធំ។ ខ្ញុំក៏មិនបានឃើញ មានអ្នកណាម្នាក់ រួចចេញពីយន្ដហោះដោយឆត្រនោះដែរ” ។
សាក្សីម្នាក់ផ្សេងទៀត ឈ្មោះ Benoit Pierson បានមកដល់កន្លែងយន្ដហោះធ្លាក់។ លោកថ្លែងថា ៖ “ម្នាក់ក្នុងចំណោមអ្នកជិះយន្ដហោះ នៅមានជីវិត ត្រូវប៉ះទង្គិចខ្លាំង ប៉ុន្ដែនៅរស់។ មនុស្សមួយចំនួន បានលោតចុះពីយន្ដហោះ ក្នុងនាទីចុងក្រោយ បានស្លាប់នៅលើវាលស្រែ” ។
ព្រះមហាក្សត្រ Philippe បានយាងមកដល់កន្លែងកើតហេតុ កាលពីរសៀលម្សិលមិញ ហើយនឹងយាងទៅចូលរួមរំលែកទុក្ខគ្រួសារសព្វ។ នាយករដ្ឋមន្ដ្រី Elio di Rupo ថ្លែងថា គាត់មានការសោកស្ដាយជាខ្លាំងនៅពេលបានដឹងអំពីព័ត៌មាននេះ ហើយលោកក៏បានផ្ញើសារចូលរួមរំលែកទុកផងដែរ។
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត ៖
៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ
បុរសម្នាក់ចាក់សាំង ដុតខ្លួន ក្បែរវិមានរដ្ឋសភាអាមេរិក
វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AFP/SkyNews