ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មាន បរទេស channelnewsasia កាលពីប៉ុន្មាននាទី មុននេះ បន្តិច បានចេញផ្សាយ អត្ថបទ បន្ទាប់ពីដកស្រង់ ចេញពីកាសែតចិន Beijing កាលពីថ្ងៃសុក្រ នេះ អោយដឹងថា នៅឯប្រទេសចិន ឯណោះវិញ ស្ពានថ្ម បុរាណមួយ ដែលត្រូវបានគេជឿថា មានវត្តមាន ចាប់តាំងពី រាជវង្ស មីង បានបង្ហាញខ្លួនឡើង ក្រោយពី កម្រិត ទឹក នៅឯបឹងទឹកសាប ដ៏ធំមួយ របស់ ប្រទេសនេះ បានរីងហួត ចុះ ។
លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបន្តថា កំណាត់ស្ពាន ដែលនៅសេសសល់ មានប្រវែងជាង ២,៩៣០ ម៉ែត្រ មួយនេះ ត្រូវបានគេជឿថា មានអាយុកាល ដល់ទៅ ៤០០ ឆ្នាំឯណោះ ខណៈវាទើបតែ សំកាំងខ្លួនឡើង នៅឯផ្ទៃបឹង Poyang ភាគកណ្តាលខេត្ត Jiangxi ប្រទេសចិន ។
យ៉ាងណាមិញ ទីភ្នាក់ងារ សារព័ត៌មាន Beijing News គូសបញ្ជាក់អោយដឹងថា ដោយយោងតាមសម្តី អ្នកជំនាញ អះអាងថា កាលពីអតីតកាលកន្លងទៅ ផ្ទៃទឹកបឹងមួយនេះ ធ្លាប់មានទំហំ លាតសន្ធឹងដល់ ទៅ ៤,៥០០ គ.ម ការ៉េ តែដឹងអីថា ជាអកុសល នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ វាក៏បានហួត រីងបន្តិចម្តងៗ ខណៈមានការរួមផ្សំ ជះឥទ្ធិពល អវិជ្ជមាន ពីការធ្លាក់ភ្លៀង បានតិច និងផលប៉ះពាល់ អវិជ្ជមានពីទំនប់ទឹក Three Gorges Dam ។
ទូរទស្សន៍រដ្ឋចិន បានចេញសេចក្តីថ្លែងការណ៍អោយដឹងថា កាលពីអំឡុងខែ វិច្ឆិកា កន្លងទៅនេះ ភាព រាំងស្ងួត បានញ៉ាំង អោយផ្ទៃទឹកបឹង រីងហួត នៅសល់ទំហំ ផ្ទៃទឹក តិចជាង ១,៥០០ គីឡូម៉ែត្រការ៉េទៅ ទៀត ដោយនៅក្នុងនោះ វាពិតជាបាន គម្រាមគំហែង ដល់បណ្តាជីវចម្រុះ សព្វគ្រប់បែបយ៉ាង ខណៈ ពេលដែលធនធាន បានពីផ្ទៃទឹកទាំងនេះ ស្មើនឹង ៧០ ភាគរយ នៃរបបអាហារ ក្រុមមនុស្សដែលជា ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នេះ មានមុខរបរជាអ្នកនេសាទ។
ស្របពេលដែលកម្រិត ទឹកទន្លេ Yangtze បានធ្លាក់ចុះ គម្រោងទំនប់ទឹក ដ៏ធំល្វឹងល្វើយ Three Gorges dam ក៏រងនូវផលប៉ះពាល់ដូចគ្នាដែរ ពីព្រោះថា នឹងមានការនាំលំហូរទឹកចេញ ពីបឹង Poyang និងបឹង Dongting ចូលទៅក្នុងផ្ទៃទឹកទន្លេ ខណៈពេលដែលឆ្នាំកន្លងទៅ អ្នកជំនាញ បានប្រាប់ថា កំរិតទឹកបឹង បានបន្តធ្លាក់ចុះគួរអោយ ព្រួយបារម្ភ។
គួររំឭកផងដែរថា កាលពីអំឡុងឆ្នាំ ២០១២ កន្លងទៅនេះ រដ្ឋាភិបាល របស់ប្រទេសចិន បានធ្វើបទអន្តរា គមន៍ជាបន្ទាន់ ដោយនៅក្នុងនោះ បានជិះឧទ្ធម្ភាគចក្រ ទម្លាក់ចុះនូវបង្គាគ្រៀម ក៏ដូចជា ពោត ទៅ អោយ បណ្តាសត្វបក្សី រាប់សិបម៉ឺនក្បាល ខណៈប្រឈម នឹងហានិភ័យ ក្នុងការស្លាប់ផុតពូជ ដោយសារ តែគ្រោះរាំងស្ងួតលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia