CamNews

ចាប់បានកូកាអ៊ីន៤៥០គីឡូក្រាមនៅអាហ្សង់ទីន

កាលពីម្សិលមិញ ក្រុមមន្ដ្រីគយរបស់អាហ្សង់ទីនបានរកឃើញថ្នាំញៀនកូកាអ៊ីនចំនួន ៤៥០
គីឡូក្រាម ដែលមានតម្លៃប្រហែល ២៥លានដុល្លារអាមេរិក លាក់ទុកនៅព្រលានយន្ដហោះ
Buenos Aires ត្រៀមដើម្បីនាំចេញទៅប្រទេសព័រទុយហ្គាល។

ក្រុមនគរបាលមានសមត្ថកិច្ចបានអោយដឹងថា ៖ "ថ្នាំញៀនទាំងនេះត្រូវបានលាក់ក្នុងថង់
ដាក់ធ្យូងចំនួន ៧០ថង់ ដែលត្រូវបានដាក់លាយជាមួយថង់ចំនួនជាង ១.០០០ផ្សេងទៀត
ផ្ទុកនៅក្នុងកុនងតែន័រដែលនឹងត្រូវនាំចេញទៅក្រៅប្រទេស។ នេះគឺជាករណីជួញដូរគ្រឿង
ញៀនធំបំផុតចាប់តាំងពីដើមឆ្នាំ ២០១២ នៅអាហ្សង់ទីន"។

បច្ចុប្បន្ន ក្រុមមន្ដ្រីមានសមត្ថកិច្ចបានកំណត់មុខសញ្ញាម្ចាស់ទំនិញទាំងនេះ នោះគឺអ្នក
ជំនួញម្នាក់ដែលរកស៊ីនៅខេត្រ Chaco ស្ថិតក្នុងតំបន់ព្រំដែនរវាងអាហ្សង់ទីន និងប្រទេស
Paraguay។

បើទោះជាក្រុមនគរបាលមិនទាន់ដឹងច្បាស់ពីបញ្ហាមួយចំនួន ប៉ុន្ដែការជួញដូរគ្រឿងញៀន
នេះ អាចមានទាក់ទិនទៅនឹងករណីចាប់បានកូកាអ៊ីន ៣៩៣គីឡូក្រាមកាលពីខែកុម្ភៈកន្លង
ទៅនៅកំពង់ផែ Lisbon នៃប្រទេស ព័រទុយហ្គាល។

ការចាប់បានថ្នាំញៀនកូកាអ៊ីនដ៏ច្រើននេះ គឺស្ថិតនៅក្នុងផ្នែកមួយនៃផែនការដែលមានឈ្មោះ
ថា �Patagonia� ដែលជាគំនិតរួមមួយរបស់កងកម្លាំងមានសមត្ថកិច្ចព័រទុយហ្គាល ទួរគី និង
អាហ្សង់ទីន ដើម្បីបោសសំអាតក្រុមអ្នកជួញដូរថ្នាំញៀន ដែលកំពុងធ្វើសកម្មភាពយ៉ាងខ្លាំង
ក្លានៅក្នុងបណ្ដាប្រទេសនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ ២០១២ ក្រុមនគរបាលបានចាប់ខ្លួនសមាជិកនៃបណ្ដាញ
ជួញដូរថ្នាំញៀនយ៉ាងតិច ៩នាក់ នេះជាជោគជ័យធំមួយនៅក្នុងការបង្ក្រាបអ្នករត់ពន្ធគ្រឿង
ញៀន។

នៅក្នុងប៉ុន្មានឆ្នាំមកនេះ អាហ្សង់ទីនគឺជាកន្លែងដែលមានអំពើជួញដូរថ្នាំញៀនដ៏ក្ដៅកគុក។
ក្រុមអ្នករត់ពន្ធថ្នាំញៀន តែងប្រើប្រាស់ប្រទេសនេះជាចំណុចកណ្ដាលដើម្បីនាំគ្រឿនញៀន
ចេញទៅអាមេរិក និងអ៊ឺរ៉ុប៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: drugargentinacocaine