CamNews

ក្មេងប្រុសអាយុ១០ឆ្នាំ លោតចូលភ្លើងដើម្បីសង្គ្រោះ ប្អូនស្រី

ក្មេងប្រុស Antoine Burks មានអាយុ ១០ឆ្នាំ​ នៅ Kentucky អាមេរិក ត្រូវបានគេសរសើរយ៉ាង
ខ្លាំង និងប្រៀបប្រដូចទៅនឹងអ្នកក្លាហាន បន្ទាប់ពីបានជួយសង្គ្រោះប្អូនស្រីរបស់ខ្លួនចេញ
ពីផ្ទះដែលកំពុងឆេះ។

នៅពេលឆេះផ្ទះ ក្មេងប្រុសនេះបានរត់ចេញ ប៉ុន្ដែដោយសារមានប្អូនស្រីអាយុ ៦ឆ្នាំរបស់ខ្លួន
កំពុងស្ថិតនៅក្នុងផ្ទះ ក៏ប្រញាប់រត់ចូលទៅវិញ ក្នុងបំណងជួយសង្គ្រោះ។

Antoine និយាយថា ៖ "ខ្ញុំគិតថា បើមានរឿងអាក្រក់កើតឡើងចំពោះប្អូន នោះគឺជាកំហុស
របស់ខ្ញុំ។ ខ្ញុំជាបងប្រុស ដូច្នេះត្រូវតែការពារប្អូនរបស់ខ្លួន។"

ភ្លើងបានឆាបឆេះនៅពេលប្អូនស្រីរបស់ Antoine គឺនាង Trinity កំពុងសំអាតស្បែកជើង
របស់នាងដោយប្រើកំប៉ុងបាញ់។ នាងបានបាញ់ថ្នាំនោះចំទៅលើចង្កៀងដែលនៅក្បែរនោះ
បណ្ដាលអោយភ្លើងឆាបឆេះ។ ដោយសារភ័យខ្លាំង Trinity ជាប្អូនស្រីមិនដឹងត្រូវរត់ចេញ
ដោយវិធីណា ភ្លាមនោះបងប្រុសរបស់នាង បានប្រញាប់យកនាងចេញផុតពីអណ្ដាតភ្លើង។
Trinity មានសេចក្ដីត្រេកអរយ៉ាងខ្លាំង ពេលដែលបងប្រុសរបស់ខ្លួនបានជួយសង្គ្រោះទាន់
ពេល។

អណ្ដាតភ្លើងបានលេបត្របាក់យកផ្ទះមួយខ្នងរបស់គ្រួសារ Antoine ប៉ុន្ដែសំណាងល្អ គ្រួសារ
ទាំងមូល រួមមាន Antoine និង Trinity ព្រមទាំងម្ដាយ និងប្អូនស្រី ៣នាក់បានរួចពីគ្រោះថ្នាក់
បើទោះជា Antoine និង Trinity ត្រូវរងរបួសស្រាល។

ទង្វើដ៏គួរអោយកោតសរសើរខាងលើនេះ តើ Antoine អាចអោយយើងហៅថាជាអ្នកក្លាហាន
បានដែរឬទេ?

ដោយ ៖ សូរីយ៉ា
ប្រភព ៖ XL

Tags: usafire