ទាហាន Venezuela ៧នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង
នៅក្បែរព្រំដែន Colombia។
កាលពីថ្ងៃទី ២៩មិនា BBC ដកស្រង់សំដីពីក្រុមមន្ដ្រីយោធាបានអោយដឹងថា ទាហាននៃ
ប្រទេស Venezuela ៧នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង
នៅក្បែរព្រំដែន Colombia។
ទីភ្នាក់ងារព័ត៌មាន AVN បានរាយការណ៍ថា មូលហេតុដែលនាំអោយឧទ្ធម្ភាគចក្រប្រភេទ
Superpuma នេះធ្លាក់ មិនទាន់ត្រូវបានគេរកឃើញនៅឡើយ។
ក្រុមទាហានទាំងនេះត្រូវបានបញ្ជូនអោយទៅចូលរួមក្នុងបេសកកម្មប្រឆាំង ការជួញដូរ
គ្រឿងញៀនដែលកំពុងកើតមានយ៉ាងច្រើននៅតាមបណ្ដោយព្រំដែន។
នៅក្នុងការប្រកាសមួយ ក្រុមមន្ដ្រីយោធាបានថ្លែងថា សាកសពរបស់ក្រុមទាហាននេះត្រូវ
បានរកឃើញកាលពីពេលព្រឹកថ្ងៃទី ២៩មិនាកន្លងទៅ។ បច្ចុប្បន្ន ការស៊ើបអង្កេតកំពុងត្រូវ
បានធ្វើឡើងយ៉ាងប្រុងប្រយ័ន្ន។
គួររំឮកថា ថ្មីៗនេះ Venezuela បានបញ្ជូនកងទ័ពបន្ថែមជាច្រើនដើម្បីយាមល្បាតនៅតាម
បណ្ដោយព្រំដែនរវាងប្រទេសរបស់ខ្លួន និង Colombia, Brazil និង Guyana ក្នុងកិច្ចខិតខំទប់
ស្កាត់អំពើជួញដូរគ្រឿងញៀន និងក្រុមប្រដាប់អាវុធខុសច្បាប់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD