(អូស្ត្រាលី)៖ ក្រុមហ៊ុនផលិតនាវា របស់ប្រទេសបារាំង (DCNS) បានព្រមព្រៀង លើកិច្ចសន្យាដែលមានរង្វង់ទឹកប្រាក់ ៤០ពាន់លាន ដុល្លារអាមេរិក ជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការកសាង នាវាមុជទឹកជំនាន់ថ្មី។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ិនហួរ ដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រី អូស្ត្រាលីលោក Malcolm Turnbull នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។
ក្រុមហ៊ុន DCNS និងរដ្ឋាភិបាលអូស្ត្រាលី បានពិភាក្សា និងចរចាគ្នាជាច្រើនខែមកហើយ មុននឹងសម្រេចចេញជាកិច្ចព្រមព្រៀង ខាងលើនេះ។ នាវាមុជទឹកជាច្រើនគ្រឿង ដែលអូស្ត្រាលី ត្រូវការឲ្យក្រុមហ៊ុនបារាំងផលិតនោះ គឺជាប្រភេទថ្មី ដែលទំនើបនឹងប្រសើរ ជាងមុនឆ្ងាយណាស់។
គួរបញ្ជាក់ថា នាវាមុជទឹកទាំង ១២គ្រឿងខាងលើនេះ នឹងត្រូវកសាងនៅរោងចក្រក្នុង តំបន់ភាគខាងត្បូង របស់ប្រទេសអូស្ត្រាលី ដើម្បីយកមកជំនួសនាវាមុជទឹកជំនាន់មុន Collins Class ដែលជិតចូលនិវត្តន៍។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថា នាវានេះនឹងត្រូវ ដាក់ឲ្យដំណើរនៅក្នុងដែនទឹក របស់អូស្ត្រាលី នៅពេលវាត្រូវបានគេផលិតរួចរាល់ ព្រមទាំងអាច បំពេញប្រតិបត្តិការ រហូតដល់ឆ្នាំ ២០៦០៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង