CamNews

កីឡាជាតិ 

លោក ប្រាក់ សុវណ្ណារ៉ា សោក​ស្ដាយ​ការ​អវត្តមាន​កីឡាករ​ឆ្នើម​ភ្នំពេញក្រោន ៣រូប ប៉ុន្ដែ...!

(ភ្នំពេញ)៖ ល្ងាចនេះ គឺជាថ្ងៃទី១ ដែលលោក ប្រាក់ សុវណ្ណារ៉ា នឹងធ្វើការប្រមូលផ្ដុំកីឡាករក្រុម Cambodia All Stars ធ្វើការហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពជាមួយក្រុមភ្ញៀវ Lao All Stars នៅថ្ងៃទី១៨ ខែមីនាខាងមុខ ប៉ុន្ដែការប្រមូលផ្ដុំនេះ គឺមិនមានវត្តមានកីឡាករឆ្នើម ៣រូបរបស់ភ្នំពេញក្រោនចូលរួមឡើយ ព្រោះពួកគេមានរបួស ។

កីឡាករឆ្នើមភ្នំពេញក្រោន ៣រូប ដែលមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុម Cambodia All Stars និងធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា មាន ការ សោក ស្ដាយ ផង នោះ គឺមានខ្សែបម្រើ-ប្រយុទ្ធកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន, កីឡាករអាហ្វ្រិកខាងត្បូង Booysen Shane និងតារាបាល់ទាត់វ័យក្មេង កែវ សុខផេង ។ ប៉ុន្ដែការអវត្តមាននេះ មិនបានឲ្យលោក ប្រាក់ សុវណ្ណារ៉ា ព្រួយបារម្ភលើទម្រង់លេងនោះទេ ព្រោះលោកមានកីឡាករថ្មីៗប៉ុន្មាននាក់ ដែលនឹងជួយក្រុម Cambodian All Stars ស្វែងរកជ័យជម្នះបាន ។

គ្រូបង្វឹកមកពីក្លឹបបឹងកេតរូបនេះ បាននិយាយថា «ខ្ញុំពិតជាសោកស្ដាយ ដែល ធារី ចន្ថាប៊ីន, Booysen Shane និង កែវ សុខផេង មានរបួសមិនអាចចូលរួម បាន ប៉ុន្ដែខ្ញុំគិតថា ចំពោះទម្រង់លេងរបស់ក្រុម Cambodia All Stars នឹងមានការផ្លាស់ប្ដូរអ្វីច្រើននោះទេ ព្រោះលោកមានកីឡាករថ្មីៗមួយចំនួន ដែលមានសមត្ថភាព ដូចជាកីឡាករកូរ៉េខាងជើង Choe Myong-ho ជាដើម ដែលគេមានសមត្ថភាពយ៉ាងពិសេស នៅពេលគេបង្ហាញទម្រង់លេងក្នុងក្រុមក្រសួងការពារជាតិនា ៣ប្រកួតបើកឆាកលីកកំពូលកម្ពុជាកន្លងមក» ។

លោក ប្រាក់ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងពេលលោកដឹកនាំក្រុម MCL ប្រកួតឈ្នះក្រុមជម្រើសជាតិកម្ពុជា ២-១ កាលពីល្ងាចមិញបន្ថែមថា បើគិតទៅកីឡាករជាតិស្ទើតែ ១០០% កំពុងប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដូច្នេះពួកគេសុទ្ធតែមានសមត្ថភាព និងមានការហ្វឹកហាត់ត្រៀមបានល្អ ។ ម្យ៉ាងវិញទៀត លោកបានជ្រើសរើសកីឡាករបរទេស ដែលមានសក្ដានុពល ៥​នាក់​ទៀត​មក​ពង្រឹង​សមត្ថភាព​ក្រុម​បន្ថែម អាស្រ័យហេតុនេះ លោកជឿជាក់ថា ការប្រកួតជាមួយក្រុម Lao All Stars នឹងទទួលបានលទ្ធផលល្អជាមិនខាន ។

ចំពោះកីឡាករបរទេស ដែលលោក ប្រាក់ សុវណ្ណារ៉ា ជ្រើសរើសមកពង្រឹងតំបន់ការពារ បម្រើ និងប្រយុទ្ធផងនោះ រួមមានកីឡាករ Ajayi Samuel Gbenga, Esoh Omogba និងកីឡាករ Yuya Wada ដែលកីឡាករឆ្នើមមកពីក្លឹបបឹងកេតអង្គរ រីឯ ២នាក់ទៀត គឺមានកីឡាករខ្សែការពារ Mizuno Hikaru មកពីក្លឹបព្រះខ័នរាជស្វាយរៀង និងកីឡាករ Choe Myong-ho ដែលគេឈ្មោះថា Ronaldo កូរ៉េខាងជើង កំពុងលេងឲ្យក្រសួងការពារជាតិ ។

គួរបញ្ជាក់ដែរថា កាលពីខែមករាកន្លងទៅ លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់បានដឹកនាំក្រុម Cambodia All Stars ប្រកួត​ឈ្នះ​ជា​ប្រវត្តិសាស្ដ្រ​លើ​ក្រុម​ជើង​ខ្លាំង​ថៃ ២ប្រកួតជាប់គ្នា ពោលគឺយកឈ្នះក្រុមជើងឯករងលីកថៃ Muangthong United ៤-៣ បន្ទាប់​មក​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​លីក​ថៃ Buriram United ៤-៣ ដែលជាការទាត់បាល់​ប៉េណាល់ទី​កាត់​សេច​ក្ដី បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ២-២ ។ ប៉ុន្ដែ​មួយ​សប្ដាហ៍​ក្រោយ​មក​ទើប​ក្រុម Lao All Stars ប្រកួតចាញ់ក្រុម Buriram United នេះដោយលទ្ធផល ៣-១ នៅលើទឹកដីរបស់ខ្លួន ។

ដូចគ្នានោះដែរ តម្លៃសំបុត្រចូលទស្សនាមិនខុសគ្នាកាលពីប្រកួតទល់នឹងក្រុមមកពីថៃ Muangthong United និង Buriram United នោះ​ដែរ ដោយ​ក្នុង​ដំបូល​តម្លៃ​២ដុល្លារ និងនៅក្រៅដំបូលតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ៕

ក្រុម Cambodia All Stars (ស) ពេលប្រកួតទល់នឹង Buriram United របស់ថៃ

គ្រូបង្វឹកបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា

ខ្សែប្រយុទ្ធភ្នំពេញក្រោន Booysen Shane

កីឡាករកូរ៉េខាងត្បូង Choe Myong-ho

កីឡាករ ធារី ចន្ថាប៊ីន

កែវ សុខផេង

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chan vathanaka Sorn Seavmey Local sport news