(ម៉ាកសី)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ជាក្រុមទី១ ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីទម្លាក់គូប្រជែងប៉ូឡូញ ដោយបាល់ប៉េណាល់ទី ៥-៣ ក្នុងវគ្គ៨ក្រុមយប់មិញនេះ។
ការឡើងមកលេងក្នុងព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំងលើកនេះ ព័រទុយហ្គាល់ ឆ្លងផុតពី១វគ្គទៅ១វគ្គត្រដាបត្រដួសបំផុត ក្រៅពីបានទម្លាក់ក្រូអាត ក្នុងម៉ោងបន្ថែមនាទីទី១១៧ ក្នុងវគ្គ១៦ក្រុម ពេលមកប៉ះប៉ូឡូញ បានរបូត១គ្រាប់ភ្លាម ត្រឹមចាប់ផ្តើមលេងបាន២នាទី ធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Robert Lewandowski។
តែយ៉ាងក៏ដោយ ព័រទុយហ្គាល់មិនធ្វើឲ្យអ្នកគាំទ្រដែលមកទស្សនាផ្ទាល់ ក្នុងពហុកីឡដ្ឋាន Stade Velodrome ចំនួន៦២០០០នាក់ ក្នុងទីក្រុង Marseille ខកបំណងឡើយ និងបានទស្សនារហូតដល់ ១២០នាទី នៅពេលដែលកីឡាករមានវ័យទើបតែ១៨ឆ្នាំ Rentano Sanches ស៊ុតមួយជើងឆ្វេងជួយអោយព័រទុយហ្គាល់ តាមបានស្មើវិញនៅនាទីទី៣៣ មុនពេលវគ្គទី២ និងនាទីបន្ថែម១៥នាទី២ដង ស្មើ ១-១ ដែលធ្វើការទាត់បាល់ប៉េណាល់ទី ឈ្នះចាញ់កើតមានឡើង។
តារាឆ្នើមប្រចាំក្រុមព័រទុយហ្គាល់ Cristiano Ronaldo ធ្វើបានសម្រេច១គ្រាប់ ក្នុងនាមជាក្រុមទាត់មុនគេ និងជាប្រធានក្រុមដែរនោះ មុនពេលមិត្តរួមក្រុម៤នាក់ផ្សេងទៀត សុទ្ធតែទាត់ចូលដូចគ្នា ខណះដែលប៉ូឡូញ ទាត់ចូលតែ៣គ្រាប់ដំបូង ភ្លាត់ស្នៀតគ្រាប់ទី៤ ត្រូវបានអ្នកចាំទីព័រទុយហ្គាល់ទះចេញបាន។
សូមបញ្ជាក់ថា ព័រទុយហ្គាល់ ត្រូវរង់ចាំការប្រកួតរវាង វ៉េល និង ប៊ែលហ្ស៊ិក រាត្រីម៉ោង២រំលងអាធ្រាត្រនេះសិន ដើម្បីជួបគ្នានៅវគ្គ៤ក្រុមចុងក្រោយជាបន្តទៀត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង