ស្រ្ដីជាម្ដាយម្នាក់ បានស្នើសុំឱ្យជួយការពារកូនស្រីអាយុ ២២ ឆ្នាំរបស់គាត់ ប្រឆាំងនឹងបុរសម្នាក់ ដែលបានយកសាំងដុតនាងឱ្យឆេះរលួយសាច់ និងបន្ដគំរាមនាងថែមទៀត។
ស្រ្ដីជាម្ដាយអាយុ ៤៤ ឆ្នាំមកពីខេត្ដ Ubon Ratchathani បានប្រាប់រឿងរ៉ាវកូនស្រីរបស់គាត់ដល់លោកស្រី Pavena Hongsakula ដែលជាប្រធាន អង្គការមូលនិធិ Pavena ដើម្បីកុមារ និងស្រ្ដី នៅពេលដែលពួកគាត់ជួបគ្នានៅស្រុក Thanya Buri កាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រី បាននិយាយថា កូនស្រីរបស់អ្នកស្រី បានទទួលទានអាហារជាមួយមិត្ដភក្ដិ នៅក្បែរការិយាល័យរបស់នាង នៅក្នុងខណ្ឌ Bang Kholaem នាទីក្រុងបាងកក។ បុរសវ័យ ២៣ ឆ្នាំម្នាក់ ដែលឈ្មោះរបស់គេ មិនត្រូវបានបង្ហើបឱ្យដឹង បានបង្ហាញខ្លួន ដែលមើលទៅទំនងដូចជាស្រវឹងស្រា ហើយបានចោទកូនស្រីរបស់អ្នកស្រីថា មិនគោរពគេ ដោយគ្រាន់តែនាង ចេញទៅញ៉ាំអាហារជាមួយអតីតមិត្ដស្រីរបស់គេ។
កូនស្រីរបស់អ្នកស្រី បានឆ្លើយតបថា បុរសនោះ និងមិត្ដភក្ដិរបស់នាង បានចែកផ្លូវគ្នាហើយ ហើយពួកគេទាំងពីរ គួរតែមានជីវិតរស់នៅរៀងៗខ្លួន។ បុរសនោះ បានប្រាប់ក្រុមនារីៗ ដែលកំពុងញ៉ាំបាយថា គេនឹងយកភ្លើងមកដុតនាង ហើយក៏បានចាកចេញទៅ។
រយៈពេលប្រហែល ៣០ នាទីក្រោយមក បុរសនោះបានត្រឡប់មកវិញ ជាមួយនឹងសាំងមួយដប ហើយដើរតាមកកិតពីក្រោយកូនស្រីរបស់អ្នកស្រី ដោយចាក់សាំងទៅលើករបស់នាង និងកេះដែកកេះដុតតែម្ដង។ ក្រុមមិត្ដភក្ដិ ដែលកំពុងតក់ស្លុត បានព្យាយាមជួយពន្លត់ភ្លើង ហើយនាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Charoenkrung Pracharak។
ពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ បានចាប់បុរសនោះ និងបានបញ្ជូនគេទៅកាន់ប៉ុស្ដិ៍ប៉ូលីស។ ប៉ុន្ដែក្រោយមក តុលាការបានដោះលែងគេឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
ស្រ្ដីជាម្ដាយ បានបន្ថែមថា បុរសនោះបានបន្ដគំរាមកូនស្រីរបស់គាត់ និងមិត្ដភក្ដិរបស់នាង។ កូនស្រីរបស់អ្នកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយកំពុងភ័យខ្លាចគ្រោះថ្នាក់ដល់ជីវិត។
អ្នកស្រី បានស្នើសុំឱ្យ អ្នកស្រី Pavena ជួយរៀបចំឱ្យមានកិច្ចការពារពីនគរបាលសម្រាប់កូនស្រីរបស់អ្នកស្រី និងមិត្ដភក្ដិរបស់នាង។
លោកស្រី បានដកស្រង់សម្ដីគ្រូពេទ្យមកនិយាយថា កូនស្រីរបស់អ្នកស្រីរងការរលាកកម្រិតទី២ នៅលើក ទ្រូង ខ្លួន និងអវៈយវៈដទៃទៀត ហើយចាំបាច់ត្រូវផ្ដល់ការព្យាបាលយ៉ាងតិច ១ ខែ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ បាងកកប៉ុស្ដិ៍