ខណៈដែលអ្នកលេងអ៊ីនធើរណិត កំពុងសង្ស័យអំពីភាពពិតនៃដំណើរទេសចរណ៍ ១៩៦ប្រទេស របស់កម្លោះ James Asquith ក៏ស្រាប់តែមានភ័ស្ដុតាងជាក់ច្បាស់បំផុត បានបង្ហាញខ្លួន ៖ សៀវភៅឯតទគ្គកម្មពិភពលោក Guinness បានទទួលស្គាល់។
កម្លោះជនជាតិអង់គ្លេសម្នាក់ ឈ្មោះ James Asquith អាយុ ២៤ឆ្នាំ បានធ្វើដំណើរទេសចរណ៍ដ៏អស្ចារ្យមួយ ដោយបានឈានជើងមកជាន់ទឹកដី និងទស្សនាប្រទេសឯករាជ ចំនួន ១៩៦ ប្រទេស ជាមួយនឹងប្រាក់ ១២៥,០០០ ផោន (ប្រហែល ២សែនដុល្លារ) ។
James Asquith បានចាប់ផ្ដើមដំណើរទេសចរណ៍របស់ខ្លួន នាឆ្នាំ ២០០៨ ហើយវៀតណាម គឺជាប្រទេសដំបូងដែលគាត់មកដល់។ បន្ទាប់មក កម្លោះកើតឆ្នាំ ១៩៨៨ នេះ បានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗជុំវិញពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ។ រហូតដល់ឆ្នាំ ២០១៣ James បានបញ្ចប់ដំណើរទៅកាន់ប្រទេសចំនួន ១៩៦ របស់ខ្លួន។
James ឱ្យដឹងថា ៖ “ខ្ញុំក៏បានទៅដល់ អាមេរិក និងកាណាដា ហើយបានចំណាយប្រហែល ៥ខែនៅទីនោះ។ ខ្ញុំបានដើរទស្សនាក្នុងរដ្ឋតូចៗ ចំនួន ២៧របស់អាមេរិក ចាប់ពី Hawaii ដល់Alaska" ។
កម្លោះនេះឱ្យដឹងថា ដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់ដំណើរទេសចរណ៍នេះ គាត់បានធ្វើការរកប្រាក់ តាំងពីអាយុ ១៦ឆ្នាំ។ ជំនួសឱ្យការចំណាយប្រាក់ទិញរបស់លេងឥតប្រយោជន៍ James បែរមកសន្សំប្រាក់ សម្រាប់ក្ដីស្រមៃរបស់ខ្លួន។ ប៉ុន្ដែ ទឹកប្រាក់ដែលរកបានមុនការធ្វើដំណើរ មិនគ្រប់គ្រាន់នោះទេ ដូច្នេះ គាត់ត្រូវធ្វើការរកប្រាក់បន្ថែម នៅក្នុងប្រទេសដែលគាត់មកដល់។
តំបន់អាហ្វ្រិក គឺជាកន្លែងដែលកម្លោះនេះ ចំណាយពេលដល់ទៅ កន្លះឆ្នាំ សម្រាប់ដើរទស្សនា។ គាត់បានជួបប្រជាជន និងកុលសម្ព័ន្ធនានា និងឆ្លងកាត់ព្រំដែនដ៏លំបាក ដើម្បីទទួលបានបទពិសោធនៃជីវិត។
James Asquith បានទៅកាន់ប្រទេសចំនួន ១៩៦ ក្នុងរយៈពេល ៥ឆ្នាំ ហើយគាត់មិនមានបំណងបញ្ឈប់ដំណើររបស់គាត់ត្រឹមនេះនោះទេ។
ដំណើរទេសចរណ៍របស់ James ត្រូវបានគណកម្មការឯតទគ្គកម្មពិភពលោក Guinness ទទួលស្គាល់ ដោយបានដាក់នាមថា “មនុស្សវ័យក្មេង ឆ្លងកាត់បានច្រើនប្រទេសបំផុតក្នុងពិភពលោក” ។
គួររំឭកថា កាលពីឆ្នាំទៅ Graham Hughes បានបង្កើតឯតទគ្គកម្មដូចគ្នានេះ ដោយគាត់បានទៅដល់ប្រទេសចំនួន ២០១ ដោយមិនជិះយន្ដហោះ។ ប៉ុន្ដែ ឯតទគ្គកម្មនេះ ត្រូវបាន James បំបែក ដោយសារថា តំបន់មួយចំនួនដែល Graham Hughes ទៅដល់ គឺមិនទាន់ត្រូវបានអន្ដរជាតិទទួលស្គាល់។
ថតជាមួយកុលសម្ព័ន្ធ
Albania
នៅមហាកំពែងចិន
ឥណ្ឌា
លីប៊ី
កូរ៉េខាងជើង
រុស្ស៊ី
អត្ថបទផ្សេងៗគួរឱ្យចាប់អារម្មណ៍
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail