វ៉ាស៊ីនតោន៖ លោកស្រី Michelle Obama ស្រ្តីទីមួយរបស់ សហរដ្ឋអាម៉េរិក មកទស្សនកិច្ច រយៈពេល ២យប់ ៣ថ្ងៃ នៅក្នុងទឹកដី ប្រទេសកម្ពុជា គឺបានចំណាយ ថវិកាប្រមាណ ២៤២.៥០០ ដុល្លារ ដោយបានកក់បន្ទប់ ក្នុងសណ្ឋាគារចំនួន ៨៥បន្ទប់។ នេះបើយោងតាម លិខិតកិច្ចសន្យា របស់រដ្ឋាភិបាល បានចេញផ្សាយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ ដែលត្រូវបានសារព័ត៌មាន Fox News ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា។
ស្រ្តីទី១, គណៈប្រតិភូជាន់ខ្ពស់, និង មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ទៀត របស់អាម៉េរិក បានស្នាក់នៅសណ្ឋាគារ Sofitel Angkor Phokeethra Golf and Spa Resort ។
ដំណើរទស្សនកិច្ច នេះ បានទាមទារឱ្យមានការជួល ៨៥ បន្ទប់, បន្ទប់កម្មវិធីការិយាល័យ៥ឈុត, បន្ទប់គេង៥ និង បន្ទប់សន្និសីទមួយ សម្រាប់រយៈពេល១៤ យប់។
លោកស្រី Obama បានស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រឹមតែរយៈពេលពីរថ្ងៃ ហើយបានចាកចេញ ទៅវិញ នៅថ្ងៃទី២២ ខែមីនា ។
សូមជម្រាបផងដែរថា លោកស្រី Michelle Obama ភរិយាលោក Obama ប្រធានាធិបតី សហរដ្ឋអាម៉េរិក បានធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃ ពីថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០១៥ ដោយលោកស្រី បានមកដល់កម្ពុជា នៅម៉ោង៨និង៣៥នាទីយប់។ ទស្សនកិច្ចនេះត្រូវបាន លោកស្រីប្រកាសថា ផ្នែកមួយនៃការលើកកម្ពស់ស្រី្ត ឲ្យទទួលបានការសិក្សាហៅថា “Let Girls Learn” ហើយក្នុងនោះលោកស្រីបានទៅដល់វិទ្យាល័យហ៊ុន សែន បាគង ខេត្តសៀមរាប ដើម្បីជួបសិស្សក្រីក្រ១០រូប ដែលតស៊ូក្នុងការសិក្សា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល