CamNews

ទូរស័ព្ទ 

Galaxy Note 7 ថ្មីមួយគ្រឿងទៀតហើយ បានបន្តផ្ទុះឆេះ នៅតៃវ៉ាន់

រឿងមួយមិនទាន់ទាំងបានត្រួតពិនិត្យចប់ផង ឥឡូវកើតមានមួយករណីទៀតហើយ នៅពេលដែល Galaxy Note 7 ដែលបានផ្លាស់ប្តូររួចហើយនោះ បានបន្តផ្ទុះឆេះ នៅតៃវ៉ាន់។ 

នារីម្នាក់ឈ្មោះ Lai អាយុ ២៨ឆ្នាំ នៅតៃវ៉ាន់ បានរៀបរាប់ឲ្យដឹងថា Galaxy Note 7 ថ្មី ដែលទើបតែប្តូរ បានរយះពេល ១០ថ្ងៃ របស់គាត់ បានផ្ទុះឆេះ។ គាត់បន្ថែមឲ្យដឹងថា ក្នុងពេលកំពុងតែដឹកសត្វសុនខ​ ដើរលេង រូបគាត់បានស្តាប់ឮសម្លេងផ្ទុះតិចៗ នៅក្នុងហោរប៉ៅខោ ជាមួយនឹងការមានអារម្មណ៍ថា កំដៅក្នុង​ហោរប៉ៅឡើងកម្តៅខ្លាំង យ៉ាងឆាប់រហ័ស។


ពេលនោះគាត់បានយក Galaxy Note 7 ចេញពីហោរប៉ៅយ៉ាងប្រញាប់ប្រញាល ហើយបោះចោលទៅ​លើដងផ្លូវ។ ពេលនោះ ផ្សែងក៏បានហុយចេញពីស្មាតហ្វូននោះតែម្តង។

នារីឈ្មោះ Lai បានឲ្យដឹងថែមទៀតថា គាត់បានទិញ Galaxy Note 7 កាលពីខែសីហា នៅពេលដែល​វាទើបតែត្រូវបានគេបើកដាក់លក់នៅលើទីផ្សារតៃវ៉ាន់។ ក្រោយមក Samsung បានប្តូរស្មាតហ្វូន Galaxy Note 7 ថ្មីមួយគ្រឿងឲ្យគាត់ កាលពីថ្ងៃទី ២៧ ខែកញ្ញា កន្លងទៅ តាមកម្មវិធីនៃការប្រមូលចូល​វិញ របស់ក្រុមហ៊ុន។

 

Samsung នៅតៃវ៉ាន់បានឲ្យដឹងថា ពួកគេបានធ្វើការទាក់ទងទៅអតិថិជនភ្លាមៗ នៅពេលដឹងពីហេតុ​ការណ៍នេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេនឹងធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីឲ្យប្រាកដថា​វាពិតជាម៉ូដែលដែលបានប្តូរថ្មី ឬក៏មិនមែន?

កាលពីពេលថ្មីៗកន្លងទៅនេះ Galaxy Note7 មួយគ្រឿង បានផ្ទុះឆេះនៅក្នុងដំណើរ​ នៃជើងហោះហើរ​របស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines។ ការត្រួតពិនិត្យអង្កេតមួយ កំពុងតែដំណើរការ ដើម្បីកំណត់បញ្ជាក់រកមូលហេតុ​នៃការផ្ទុះឆេះ។ ក្នុងនោះ គេហទំព័រព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត​ AT&T នៅអាមេរិច កំពុងតែគិតពិចារណាដល់ការឈប់ដាក់លក់ Galaxy Note7 ទាំងស្រុងតែម្តង។

ឆ្លងតាមការផ្ទុះឆេះ នៅតែកើតមានឡើងជាបន្តបន្ទាប់ ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ លទ្ធភាព ដែល Samsung ត្រូវបន្តធ្វើការប្រមូលចូលមកវិញនូវ Galaxy Note 7 ជាលើកទី២ ទៀតនោះ អាចនឹង​កើតមាន​ឡើងក៏ថាបាន៕

- Nokia D1C បន្តលេចចេញ លក្ខណៈសម្បត្តិមូលដ្ឋាន លំអិតកាន់តែច្រើន
- ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ចល័តទនៅអាមេរិច រំលឹកដល់ការឈប់លក់ Note 7 ទាំងស្រុង បន្ទាប់ពីស្មាតហ្វូន​នេះ នៅតែមានផ្ទុះឆេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview