ខួរក្បាលជាចំណែកដ៏សំខាន់ ជាងគេបំផុតមួយរបស់មនុស្ស។ មនុស្សគ្រប់រូបតែងប្រាថ្នា ចង់បាននូវខួរក្បាលល្អ។ ខួរក្បាលល្អ មានប្រយោជន៍ សម្រាប់ការសិក្សារៀនសូត្រ ការច្នៃប្រឌិត និងការប្រកបរបរគ្រប់ប្រភេទ។ ដើម្បីឲ្យខួរក្បាលមាំមួនល្អ គេគួរពិចារណា កត្តាសំខាន់ទាំងប្រាំខាងក្រោម៖
១. ការប្រាស្រ័យទាក់ទង ជាមួយមនុស្សក្នុងសង្គម៖ តាមការស្រាវជ្រាវបង្ហាញថា ការប្រាស្រ័យទាក់ទងក្នុងសង្គម មានប្រយោជន៍ សម្រាប់សុខភាព និងជួយកាត់បន្ថយបញ្ហាភ្លេចភ្លាំង។ ការទំនាក់ទំនងក្នុងសហគមន៍ ជាកត្តាចំបងទីមួយ ដែលជួយឲ្យខួរក្បាលនៅតែរឹងមាំ។
២. សកម្មភាពរាងកាយ៖ សកម្មភាពរាងកាយ ជួយបង្កើនចលនាកន្ត្រាក់នៃបេះដូង។ ខួរក្បាលត្រូវការប្រមាណ ជា ២៥ % នៃ ឈាម អុកស៊ីសែន និងជាតិស្ក ដែលកើតឡើងពីចលនាបេះដូង។ ដូច្នេះច្បាស់ណាស់ថា សកម្មភាពរាងកាយជួយធ្វើឲ្យ ខួរក្បាលមានសុខភាពល្អ។
៣. សកម្មភាពខួរក្បាល៖ ខួរក្បាលក៏ដូចជាសរីរាង្គផ្សេងទៀត នៃរាងកាយដែរ គឺត្រូវមានសកម្មភាព ទើបមានកម្លាំង និងសុខភាពល្អ។ គេគួរទម្លាប់ប្រើខួរក្បាល គិតពិចារណា វិភាគ ដោះស្រាយ …។ល។ ប្រការនេះធ្វើឲ្យខួរក្បាលសកម្ម និងរឹងមាំល្អ។
៤. សម្រាក៖ គេគួររកពេលវេលាស្ងប់ស្ងាត់ សម្រាកទាំងចិត្ត និងកាយ។ ធ្វើបែបនេះធ្វើឲ្យខួរក្បាលស្រឡះល្អ និងមានថាមពលឡើងវិញ។ គួរជៀសវាង ប្រើប្រាស់ខួរក្បាលហួសហេតុពេក (ការប្រើខួរក្បាលល្មម មានប្រយោជន៍ ចំពោះសុខភាពខួរក្បាល ប៉ុន្តែការប្រើហួសហេតុ នឹងបណ្តាលឲ្យខួរក្បាលមានបញ្ហា)។
៥. អាហារូបត្ថម្ភ៖ អាហារមានឥទ្ធិពលមកលើមុខងារខួរក្បាល និងអាចកែប្រែ របៀបគិត អារម្មណ៍ និងទង្វើរបស់មនុស្ស។ គេគួរជ្រើសរើសតែអាហារណា ដែលមានប្រយោជន៍ដល់ខួរក្បាល និងជៀសវាងអាហារ បំផ្លាញខួរក្បាលនិងសុខភាព។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង