(ថៃ)៖ ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន ជាបុត្រាមួយអង្គគត់របស់ព្រះរាជា ភូមិបុល អាឌុលយ៉ាដេត និងម្ចាស់ក្សត្រី ស៊ីរីកេត។ ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត មានបុត្រទាំងចំនួន ៤អង្គ ក្នុងនោះមានបុត្រី ៣អង្គ និងបុត្រាមួយអង្គ។ បិតារបស់ទ្រង់បានសោយទិវង្គត នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នាពេលថ្មីៗនេះ ទ្រង់ មហាវ៉ាជីរ៉ាឡុងកន ដែលជាបុត្រាទី២ គឺជាបុត្រាតែមួយអង្គគត់ដែលគេរំពឹងថា អាចជារាជទាយាទស្នងរាជ្យបន្ត។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា ក៏បានប្រកាសផងដែរថា ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន អាចនឹងក្លាយជាអ្នកស្នងរាជ្យបន្ត។ យ៉ាងនេះក្តី ព្រះអង្គម្ចាស់អង្គនេះ បានស្នើពន្យារពេលក្នុងការឡើងសោយរាជ្យ ដោយបញ្ជាក់ថា ទ្រង់ត្រូវការពេលដើម្បីត្រៀមខ្លួន មុនពេលក្លាយជាស្តេចថ្មីរបស់ថៃ។
ខាងក្រោមនេះជាជីវប្រវត្តិរបស់ទ្រង់៖
- ព្រះនាម៖ មហាវីជីរ៉ាឡុងកន
- ថ្ងៃខែឆ្នាំប្រសូត៖ ថ្ងៃទី២៨ កក្កដា ១៩៥២ ព្រះជន្ម៦៤វស្សា
- កន្លែងប្រសូត៖ ព្រះរាជវាំង Dusit រាជធានីបាងកក ប្រទេស ថៃ
- មហេសី៖ Soamsawali Kitiyakara (រៀបអភិសេកឆ្នាំ១៩៧៧ លែងលះ១៩៩៣)៖
- មហេសី៖ Yuvadhida Polpraserth (រៀបអភិសេកឆ្នាំ១៩៩៤ លែងលះឆ្នាំ១៩៩៦)
- មហេសី៖ Srirasmi Suwadee (រៀបអភិសេកឆ្នាំ២០០១ លែងលះឆ្នាំ២០១៤)
- វាំង៖ House of Hahidol
- បិតា៖ ស្តេច Bhumibol Adulyadej
- មាតា៖ ម្ចាស់ក្សត្រី Sirikit
- សាសនា៖ ពុទ្ធសាសនាថេរវាទ
- ព្រះអង្គ Bhumibol Adulyadej មានបុត្រ ៤អង្គគឺទី១៖ បុត្រី Ubolratana Rajakanya ប្រសូតនៅឆ្នាំ១៩៥១, ទី២៖ បុត្រា Maha Vajiralongkorn ប្រសូតនៅឆ្នាំ១៩៥២, ទី៣៖ បុត្រី Maha Chakri Sirindhon ប្រសូតនៅឆ្នាំ១៩៥៥ និង ទី៤៖ បុត្រី Chulbaho Walailak ប្រសូតនៅឆ្នាំ១៩៥៧។
* ជីវិតកាលពីកុមារភាព៖
ព្រះអង្គម្ចាស់ ចាវីរ៉ាឡុងកន ប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ វេលាម៉ោង ៥៖៤៥នាទីព្រឹក ក្នុងភូមិគ្រឹះ Ambara នៃព្រះរាជវាំង Dusit នៅរាជធានីបាងកក។ នៅពេលប្រសូតទ្រង់មានព្រះនាមពេញថា «Vajiralongkorn Borommachakkrayadisonsantatiwong Thewetthamrongsuboriban Aphikhunuprakanmahittaladunladet Phumiphonnaretwarangkun Kittisirisombunsawangkhawat Borommakhattiyaratchakuman»។
* ការសិក្សា៖
អង្គម្ចាស់ វ៉ាជីរ៉ាឡុងកន សិក្សានៅថ្នាក់បឋមសិក្សា Chitlada បន្ទាប់មកទ្រង់បានបន្តការសិក្សានៅសាលាឯកជន នៅចក្រភពអង់គ្លេស និងសាលាមួយទៀត នៅអូស្ត្រាលី មានឈ្មោះថា King’s School ដែលស្ថិតនៅក្នុងទីក្រុងស៊ីដនី។
ទ្រង់បានទទួលការហ្វឹកហាត់ផ្នែកយោធានៅសាលា Royal Military College នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យ Sukhothai Thammatirat ក្នុងទីក្រុង បាងកក។ ចាប់តាំងពីឆ្នាំ១៩៧៥ ទ្រង់បានបម្រើការងារជាមន្ត្រីម្នាក់ក្នុងវិស័យយោធាក្នុងប្រទេសថៃ និងជាមន្ត្រីបុគ្គលិកភ្នាក់ងារស៊ើបអង្កេតយោធា។ ក្នុងឆ្នាំ១៩៧៨ ទ្រង់បានក្លាយជាប្រធានក្រុម King's Own Bodyguard Battalion។
យ៉ាងនេះក្តី ក្នុងឆ្នាំនោះផងដែរ ទ្រង់បានផ្អាកការងារក្នុងវិស័យយោធា ដោយបួសជាសង្ឃ តាមទំនៀមទម្លាប់ក្នុងនាមជាបុរសកាន់សាសនាព្រះពុទ្ធក្នុងប្រទេសថៃ។ ព្រះអង្គម្ចាស់ វាជីរ៉ាឡុងកន ធ្លាប់ទទួលការហ្វឹកហាត់ជាមួយយោធា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រា្តលី ដោយបានសិក្សាផ្នែកកងកម្លាំងកម្ទេចពិសេស យុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាមប្លែកៗ និងផ្នែកនាវាជើងទឹក។ ទ្រង់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងនាមជាអ្នកបើកបរយន្តហោះយោធា និងឧទ្ធម្ភាគចក្រ។
បើទោះបីជាអាជីពជាយោធាក្លាយជារឿងធម្មតាសម្រាប់រាជវង្សស្តេច ប៉ុន្តែទ្រង់ជាព្រះអង្គម្ចាស់ម្នាក់ក្នុងចំណោមអង្គម្ចាស់ដែលមានចំណេះដឹងខ្ពស់ផ្សេងៗទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យយោធា ក្នុងប្រទេសថៃ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទ្រង់បានធ្វើប្រតិបត្តិការទប់ទល់កងកម្លាំងបក្សកម្មុយនីសថៃ ដែលមានមូលដ្ឋាននៅក្នុងតំបន់ភាគខាងជើង និងភាគឥសាននៃប្រទេសថៃ ព្រមទាំងបានចូលរួមក្នុងប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនកម្ពុជាក្នុងអំឡុងនៃសម័យខ្មែរក្រហមផងដែរ។
*ការរៀបអភិសេក
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៧៧ ព្រះអង្គម្ចាស់ វ៉ាជីរ៉ាឡុងកន បានរៀបការជាមួយព្រះនាង សៅសាវ៉ាលី គីទីយ៉ាការ៉ា ដែលត្រូវជាបងប្អូនជីដូនមួយសាច់ខាងមាតារបស់ទ្រង់។ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទ្រង់បានចាប់ផ្តើមកសាងទំនាក់ទំនងជាមួយតារាសម្តែងមួយរូបទៀត គឺនាង យូវ៉ាធីតា ពុលព្រះសិទ្ធ ព្រមទាំងមានបុត្រ៥អង្គ។ បើទោះបីជាមហេសី សៅសាវ៉ាលី បដិសេធមិនព្រមលែងលះអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតក្នុងឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់នៅតែជម្នះលែងលះទាល់តែបាន។ ទ្រង់បានចោទព្រះនាងមានទោស ពីបទបំពានច្បាប់ហាមឃាត់ការប្រមាថស្តេច។ ទោះបីជាយ៉ាងនេះក្តី ព្រះនាង និងបុត្រី នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីនានារបស់ព្រះរាជវាំង។
ក្រោយមកទ្រង់បានរៀបអភិសេកជាមួយតារាសម្តែង យូវ៉ាធីតា ក្នុងឆ្នាំ១៩៩៤ ដោយទទួលបានពរជ័យពីព្រះរាជា និងម្តាយរបស់ទ្រង់ តែមិនបានទទួលពរពីម្ចាស់ក្សតី្រឡើយនៅក្នុងអភិសេកដ៏សមញ្ញនេះ។ ក្រោយពេលអភិសេករួច នាងត្រូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យយោធាថៃ និងព្រមទាំងបានរួមដំណើរជាមួយព្រះអង្គម្ចាស់ ជីរ៉ាឡុងកន ចូលរួមក្នុងកម្មវិធីផ្សេងៗ។ ក្នុងឆ្នាំ១៩៩៦ ព្រះនាងបានគេចខ្លួនទៅចក្រភពអង់គ្លេសជាមួយនឹងបុត្រ បន្ទាប់ពីព្រះអង្គបានបិទប្រកាសទូទាំងព្រះរាជវាំងថា ព្រះនាងលួចក្បត់ទ្រង់ដោយមានទំនាក់ទំនងស្នេហាជាមួយមេទ័ពអាកាស លោក Anand Rotsamkham ដែលមានវ័យ៦០ឆ្នាំ។
ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០១ ព្រះអង្គម្ចាស់ វ៉ាជីរ៉ាឡុងកន បានអភិសេកជាថ្មីជាមួយនាងស្រីរស្មី ស៊ូវ៉ាឌី ដែលធ្លាប់ជាដើរតួនាទីជាភ្នាក់ងាររបស់ទ្រង់ កាលពីឆ្នាំ ១៩៩២។ ទំនាក់ទំនងអាពាហ៍ពិពាហ៍មិនបានបើកចំហជាសារធារណរហូតដល់ឆ្នាំ២០០៥។ អ្នកទាំងពីរមានបុត្រមួយអង្គ។ នៅខែវិច្ឆិកា ឆ្នាំ២០១៤ ព្រះអង្គបានបញ្ជូនសារទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើដកក្រុមគ្រួសារព្រះនាងស្រីរស្មី ចេញពីត្រកូលស្តេច បន្ទាប់ពីមានការចោទប្រកាន់ថា សាច់ញាតិព្រះនាងមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
នៅខែធ្នូ ឆ្នាំ២០១៤ ព្រះនាង បានលាលែងពីដំណែង និងត្រកូតស្តេច ព្រមទាំងបានលែងលះជាផ្លូវការ ដោយបានទៅនិរទេសខ្លួនទៅរស់នៅដាច់ដោយឡែក។ ព្រះនាងបានទទួលប្រាក់ ២០០លានបាតស្មើនឹង ៥.៥លានដុល្លារ ដើម្បីជាការសងជំងឺចិត្ត។ បទពិសោធន៍ខាងលើបង្ហាញថា ទ្រង់ធ្លាប់រៀបអភិសេកដល់ទៅបីដង តែជីវិតជាស្វាមីភរិយារបស់ទ្រង់ត្រូវបរាជ័យរហូត។
* តួនាទី និងទំនួលខុសត្រូវ៖
ព្រះអង្គម្ចាស់ ជីរ៉ាឡុងកន កាន់ដំណែងជាអគ្គមេបញ្ជាការ ឧត្តមនាវីយោធាថៃ និងនាយសេនាប្រមុខទ័ពអាកាស។ ទ្រង់ត្រូវបានតែងតាំងជាអ្នកបើកបរយន្ត RTAF F-16 និងយន្តហោះBoeing 737s ពីរគ្រឿង។ ខណៈដែលបិតារបស់ទ្រង់កាន់តែចាស់ជរា ទ្រង់បានចូលរួមក្នុងកម្មវិធី និងការបង្ហាញមុខជាសាធារណៈជាច្រើនលើកច្រើនសា។
* ជីវិតឯកជន៖
តាមរយៈច្បាប់ lèse majesté បានលើកឡើងថា ការរិះគន់ព្រះរាជា មហាក្សត្រីយានី និងរាជវង្សានុវង្ស ត្រូវបានហាមឃាត់ដាច់ខាតក្នុងប្រទេសថៃ។ យ៉ាងនេះក្តី ជីវិតឯកជនរបស់ព្រះអង្គម្ចាស់ វ៉ាជីរ៉ាឡុងកន ត្រូវបានក្លាយជាប្រធានបទយ៉ាងសំខាន់សម្រាប់មនុស្សលើកមកពិភាក្សា។ ក្នុងសារព័ត៌មានបានបង្ហាញថា ព្រះអង្គក៏ធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រាផងដែរ។
ក្នុងឆ្នាំ២០០២ សារព័ត៌មាន Economist បានសរសេរថា «ព្រះអង្គម្ចាស់ វ៉ាជីរ៉ាឡុងកន ទទួលបានការគោរពតិចតួចបំផុត»។ ក្នុងទីក្រុងបាងកក មនុស្សបាន និយាយពីភាពមិនល្អតៗគ្នាពីជីវិតឯកជនរបស់ទ្រង់។ អត្ថបទមួយទៀតរបស់សារព័ត៌មាន Economist បានអះអាងថា ព្រះអង្គជាមនុស្ស «ដែលមានការរារែក និងភ័យខ្លាចច្រើន»។
ជាមួយគ្នានេះដែរ ព័ត៌មាន Online ដែលមានឈ្មោះថា Asia Sentinel បានលើកឡើងថា ទ្រង់ជាមនុស្សមិនទៀងទាត់ និងជាមនុស្សដែលគ្មានសមត្ថភាពក្នុងការដឹកនាំឡើយ»។
ដោយឡែកតាមរយៈគេហទំព័រ Wikileaks បានធ្វើឲ្យបែកធ្លាយព័ត៌មានមួយ ដែលលើកឡើងសំដីរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់សិង្ហបុរី លោក Bilahari Kausikanថា ព្រះអង្គមានទម្លាប់ជាមនុស្សលេងល្បែងស៊ីសង ហើយរឿងនេះក៏ត្រូវបានអតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួនថៃ លោក Thaksin Shinawatra បង្ហើបឲ្យដឹងផងដែរ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ គេហទំព័រ Wikileaks បានបង្ហោះវីដេអូក្នុងកាមេរ៉ានៅក្នុងវាំងរបស់ទ្រង់ ដែលបង្ហាញទិដ្ឋភាពទ្រង់រួមជាមួយអង្គម្ចាស់ Srirasmi បានអបអរសារទរថ្ងៃខួបកំណើតឆ្កែចិញ្ចឹមរបស់ទ្រង់ ដែលមានឈ្មោះថា Fufu។ ផ្នែកខ្លះនៃវីដេអូនេះក៏ត្រូវបានបង្ហាញក្នុងទូរទស្សន៍ ABC របស់អូស្ត្រាលីផងដែរ ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំងទៅលើរាជវង្សស្តេចថៃ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៩ លោក Harry Nicolaides ជាជនជាតិអូស្ត្រាលី ត្រូវបានដាក់ទោសក្នុងពន្ធធនាគារ រយៈពេលបីឆ្នាំពីបទបោះពុម្ភសៀវភៅ ដោយខ្លួនឯង ដែលបានសរសេរប្រមាថស្តេច។ ផ្នែកខ្លះក្នុងអត្ថបទបានសរសេរថា «ប្រសិនបើទ្រង់ធ្លាក់ក្នុងអន្លងស្នេហ៍ជាមួយស្ត្រីណាម្នាក់ នាងតែងតែក្បត់ទ្រង់ ហើយក្រោយមកឈ្មោះនាង និងគ្រួសាររបស់នាងនឹងបាត់ដំណឹងពូជពង្សនៃគ្រួសារ និងកេរ្តិ៍ឈ្មោះរបស់ពួកគេបានត្រូវលុបបំបាត់ជារៀងរហូត»។
យោងតាមច្បាប់នៃការស្នងរាជ្យសម្បត្តិ គណៈរដ្ឋមន្ត្រី នឹងយល់ព្រមចំពោះប្រធានសភាជាតិថៃ ក្នុងលើកអង្គម្ចាស់ វ៉ាជីរ៉ាឡុងកន ឲ្យទទួលដំណែងជាព្រះរាជាថៃ បន្តពីបិតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ ភូមិបុល អាឌុលយ៉ាដេត ដែលការសោយទិវង្គតនេះ ជាការបញ្ចប់នាមជាស្តេចដែលសោយសម្បត្តិយូរជាងគេ និងមានជាងគេលើពិភពលោក៕
ដកស្រង់ពី៖ គេហទំព័រ Wikipedia
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី