ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ZTE បានធ្លាក់ចុះ ៣៩% កាលពីថ្ងៃពុធ ក្រោយពីក្រុមហ៊ុននេះ បានបន្ដការជួញដូគ្រាដំបូង ចាប់តាំងអាមេរិកដាក់ចេញនូវបម្រាមមិនឱ្យផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗ។
ភាគហ៊ុនរបស់ក្រុមហ៊ុន ZTE ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ដែលផលិតទូរស័ព្ទទំនើប និងសម្ភារៈទូរគមនាគមន៍ បានបញ្ឈប់ការជួញដូរជាបណ្ដោះអាសន្នរយៈពេល ៨ សប្ដាហ៍កន្លងទៅ ក្រោយពីក្រសួងពាណិជ្ជកម្មអាមេរិក បានផ្អាកបណ្ដាក្រុមហ៊ុនអាមេរិកមិនឱ្យលក់គ្រឿងបន្លាស់ និងផ្គត់ផ្គង់សេវានានាទៅឱ្យក្រុមហ៊ុន ZTE។
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អ្នកស្រី Wilbur Ross បានប្រកាសកិច្ចព្រមព្រៀងមួយកាលពីសប្ដាហ៍មុនដើម្បីដកបម្រាមនោះចេញវិញ ដែលលក្ខខណ្ឌនៃការដកនោះធ្វើឱ្យរោងចក្រផលិតរបស់ក្រុមហ៊ុន ZTE នៅទ្រឹងមួយកន្លែង។ ស្ថិតក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុនចិននេះ នឹងត្រូវបង់ប្រាក់ពិន័យចំនួន ១ ពាន់លានដុល្លារ ត្រូវកម្កល់ប្រាក់ ៤០០ លានដុល្លារផ្សេងទៀត និងត្រូវផ្លាស់ប្ដូរតែងតាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ខ្លួនឡើងវិញ និងដាក់បញ្ចូលក្រុមត្រួតពិនិត្យរបស់អាមេរិកចូលទៅក្នុងក្រុមហ៊ុននោះ។
នៅការជួញដូរពីព្រលឹម នៅទីក្រុងហុងកុង កាលពីថ្ងៃពុធ ភាគហ៊ុន ZTE ធ្លាក់ចុះ ៣៩% ទាបជាង ១៦ ដុល្លារហុងកុងទៅទៀត ក្នុងមួយភាគហ៊ុន(២,០៤ ដុល្លារអាមេរិក) ដែលជាកម្រិតទាបបំផុតនៃប្រវត្ដិជួញដូររបស់ខ្លួន ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
ក្រុមអ្នកវិភាគ បានព្យាករណ៍ថា ភាគហ៊ុន ZTE នឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស នៅពេលដែលក្រុមហ៊ុននេះ នៅតែបន្ដការជួញដូរ។ អ្នកវិភាគបន្ដថា បម្រាមបន្លាយពេលដ៏យូរនេះ បានធ្វើឱ្យក្រុមហ៊ុនចិន ខាតបង់ប្រាក់ចំណូលរបស់ខ្លួនរាប់ពាន់លានដុល្លារ ធ្វើឱ្យខូចទំនាក់ទំនងជាមួយអតិថិជន និងធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃអង្គារ ក្រុមហ៊ុន ZTE បាននិយាយថា ខ្លួននឹងវាយតម្លៃផលប៉ះពាល់ទាំងស្រុងនៃបម្រាម និងកិច្ចព្រមព្រៀងថ្មី ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រមទាំងបង្ហាញវា នៅក្នុងការចេញផ្សាយលទ្ធផលនៃការរកប្រាក់ចំណូលរបស់ខ្លួន។ ក្រុមហ៊ុននេះ មិនបានបញ្ជាក់ថា ខ្លួននឹងដាក់ចេញនូវការអនុវត្ដបែបនេះ នៅពេលណានោះទេ។
រដ្ឋាភិបាលអាមេរិក បាននិយាយថា ខ្លួនបានដាក់បំរាម កាលពីខែមេសា ដោយសារតែក្រុមហ៊ុន ZTE បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១៧ ដែលក្រុមហ៊ុនចិន បានសារភាពថា ខ្លួនបានលើកលែងការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ money.cnn