CamNews

ទូរស័ព្ទ 

Apple គឺ​ជា​ម៉ាក​ផលិត​ផល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភព​លោក


យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​ម៉ាក​ទំនិញ​​សកលលោក Millward Brown បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន Apple បាន​យក​ឈ្នះ​ក្រុម​ហ៊ុន Google ក្នុង​នាម​ជា​​ផលិតផល​ម៉ាក​​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​បំផុត​របស់​ពិភពលោក ដោយ​បញ្ចប់អាណត្តិ​រយៈ​ពេល ​៤​ឆ្នាំ​ជា​អ្នកនាំ​មុខ​ផ្នែក​ម៉ាស៊ីន​ស្វែង​រក​នៅ​លើ​​អ៊ីនធឺណិត។

តាម​ការ​សិក្សា BrandZ ប្រចាំ​ឆ្នាំនៃ​ម៉ាក​ផលិតផល​នាំ​មុខ​ចំនួន ​១០០​ របស់​ពិភពលោក បង្ហាញ​ថា បច្ចុប្បន្នម៉ាក​​របស់​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ iPhone និង​កុំ​ព្យូរ​ទ័រ​ខ្នាត​តូច iPad មាន​តម្លៃ​ ១៥៣​ពាន់​លាន​ដុល្លារ ពោល​គឺ​ជិត​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ដើម​ទុន​ជា​ភាគ​ហ៊ុន​​របស់​ក្រុម​ហ៊ុន Apple។

ទំហំ​វិនិយោគ​របស់​ក្រុម​ហ៊ុន Apple លើ​ផលិតផល​ប្រើ​ប្រាស់​ដែល​មាន​តម្រូវ​ការ​ខ្ពស់​នេះ បាន​​ជំរុញ​ឲ្យ​ក្រុម​ហ៊ុនយក​ឈ្នះក្រុម​ហ៊ុន Microsoft ក្លាយ​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​របស់​ពិភពលោក​កាល​ពី​ឆ្នាំ​មុន។

លោក Peter Walshe អគ្គនាយក​ខាង​​ម៉ាក​ផលិតផល​​ពិភពលោក​របស់​ក្រុម​ហ៊ុន Millward Brown បាន​ឲ្យ​ដឹង​ថា ការ​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​លម្អិត​របស់​ក្រុម​ហ៊ុន Apple ជាមួយ​នឹង​កំណើន​វត្តមាន​ផលិតផល​របស់​ក្រុម​ហ៊ុន​នេះក្នុង​បរិយាកាស​រួមនោះ​ បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុននេះ​ ​អនុវត្ត​ខុស​ប្លែក​ពី​ក្រុម​ហ៊ុន​ផលិត​គ្រឿង​ប្រើ​ប្រាស់​អេឡិច​ត្រូនិច​ផ្សេង​ទៀត។

(ប្រភព៖ PPP)

Tags: