CamNews

ថេបប្ល៊ែត 

អតិថិជន​ដេក​រង់​ចាំ​ទិញ iPad 2 នៅ​បាងកក


អតិថិជន​របស់​ក្រុម​ហ៊ុន ​Apple បាន​តម្រង់​ជួរ​គ្នា​កាល​ពី​ចុង​សប្តាហ៍​មុន ដោយ​អតិថិជន​ខ្លះ​ថែម​ទាំង​បាន​ដេក​រង់​ចាំ​ក្នុង​តង់​មួយ​យប់​ទៀត​ផង ដើម្បី​ទិញ​ផលិតផល​ iPad 2 ថ្មី​ នៅ​ពេល​ដែល​ផលិត​ផល​នេះ បាន​ដាក់​លក់​នៅ​ក្រុម​ហ៊ុន​លក់​រាយ​ដែល​បាន​ទទួល​សិទ្ធិ​ចែក​ចាយផលិត​ផល​នេះ ​​នៅ​ទី​ក្រុង​បាង​កក។

តម្រូវ​ការ​ផលិតផល​ iPad 2 នេះ មាន​កម្រិត​ខ្ពស់​ណាស់ ដែល​បណ្តា​ហាង​លក់​ផលិត​ផល​នេះ​ បាន​ឲ្យ​ដឹង​ថា ផលិត​ផល​នាំ​ចូល​របស់​ខ្លួន​ ប្រហែល​ជា​លក់​អស់​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​ផលិតផ​ល​នេះ​ជា​ច្រើន​គ្រឿង​ទៀត​​ កំពុង​តែ​នាំ​ចូល​មក។

លោក Kriengsak Chamadol អាយុ​៣៣​ឆ្នាំ បាន​ធ្វើ​ដំណើរ​ទៅ​កាន់ហាង iStudio នៅ​ផ្សារ Siam Discovery​ នៅ​ម៉ោង ​៥​ល្ងាច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទិញ​ផលិតផល​ iPad 2 នេះ​មុន​គេ នៅ​ពេល​ដែល​ហាង​នេះ​ចាប់​បើក​លក់​នៅ​ម៉ោង ​១១ ​ព្រឹក​កាល​​ពី​ថ្ងៃ​សុក្រ​។

លោក Kriengsak ដែល​បើក​ហាង​ហ្គេម​មួយ​នៅ​ Digital Gateway ទល់​មុខ​ផ្លូវ​​ទៅ​កាន់​ផ្សារ​ Siam Discovery បាន​ឲ្យ​ដឹង​ថា​៖ ​�​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​លេង​ហ្គេម​ណាស់ ហើយ​ផលិតផល​ iPad នេះ​អាច​បំពេញ​តម្រូវ​ការ​ខ្ញុំ​បាន ជា​ពិសេស​ចាប់​តាំង​ពី​ហ្គេម​កុំ​ព្យូទ័រ​ជា​ច្រើន​ អាច​លេង​បាន​ នៅ​ក្នុង​ iPad។ មិន​តែ​ប៉ុណ្ណោះ​ ខ្ញុំ​អាច​មើល​គំនូរ​ជីវចល​ដែល​ខ្ញុំ​ចូល​ចិត្ត​នៅ​ក្នុង​សៀវ​ភៅ​អេឡិចត្រូ​ និក​ទៀត​ផង​�។

លោក​គឺ​ជា​អតិថិជន​ម្នាក់​ក្នុង​ចំណោម ​១០ ​នាក់​ដែល​បាន​រង់​ចាំ​មួយ​យប់ ដើម្បី​ទិញ​ផលិត​ផល iPad 2​ ​ខណៈ​ដែល​នៅ​ពេល​ព្រឹក​មាន​អតិថិជន​តម្រង់​ជួរ​ដល់​ ៤០ ​នាក់​។

ទោះ​ជា​មាន​ការ​នាំ​ចូល​ផលិត​ផល​ iPad 2 ខុស​ច្បាប់​រយៈ​ពេល​១​ខែ​មុន​ការ​ចាប់​ផ្តើម​ដាក់​លក់​ជា​ស្រប​ច្បាប់​នេះ​ ក្តី ក៏​ក្រុម​ហ៊ុន​ ដែល​បាន​ទទួល​សិទិ្ធ​ចែក​ចាយ​ផលិតផល​នេះ បាន​ឲ្យ​ដឹង​ថា តម្រូវ​ការ​ផលិតផល​ iPad 2 ថ្មី​នេះ មាន​កម្រិត​ខ្លាំង​ជាង​ម៉ូដែល​ជំនាន់​ទី​មួយ​។

តាម​ការ​អង្កេត​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Bangkok Post ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា អតិថិជន​ភាគ​ច្រើន​ គឺ​ជា​អតិថិជន​ដែល​ញៀន​ទៅ​នឹង​ផលិតផល​របស់​ក្រុម​ហ៊ុន Apple ហើយ​ពួក​គេ​ភាគ​ច្រើន​មាន​ផលិតផល​ iPad ចាស់រួច​ទៅ​ហើយ​។ ឥឡូវ​នេះ​ ពួក​គេ​ចង់​បាន​ផលិត​ផល​ iPad ដែល​មាន​ល្បឿន​លឿន និង​មាន​មុខ​ងារ​បន្ថែម​។

ផលិតផល iPad2 មាន​អេក្រង់​ទំហំ ៩,៧​ អ៊ីញ និង​មាន​បន្ទះ​ឈីប​ប្រភេទ dual-core ដែល​អាច​កាន់​ថ្ម​បាន ​១០ ​ម៉ោង និង​ម៉ាស៊ីន​ថត​ពីរ (ដែល​ផលិត​ផល​ iPad មុន​មិន​មាន​ម៉ាស៊ីន​ថត​ទេ) ព្រម​ទាំង​អាច​ថត​រូប​ភាព​បាន​ច្បាស់​ល្អ​ទៀត​ផង។ ផលិត​ផល iPad2 នេះ មាន​កម្រាស់​ស្តើង​ជាង​ផលិតផល​ជំនាន់​ទី​មួយ​ចំនួន​ ៣៣​ភាគ​រយ និង​​ស្រាល​ជាង ១៥ ​ភាគ​រយ​។

តម្លៃ​ iPad2 នេះ​មាន​តម្លៃ​ចាប់​ពី ​១៥ ៩០០​ បាត សម្រាប់​ម៉ូដែល 16GB WiFi ដល់​ទៅ ២៥ ៩០០​បាត​សម្រាប់​​ម៉ូដែល 64​GB WiFi ដែល​មាន​ 3G។

អគ្គនាយក​ក្រុម​ហ៊ុន Apple ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចូល​ផលិតផល​ iPad2 មក​ប្រទេស​ថៃ​មាន​ចំនួន​សរុប ១ ម៉ឺន​​គ្រឿង ដែល​នឹង​ត្រូវ​បែង​ចែក​ទៅ​​តាម​សាខា​ចែក​ចាយ​ធំៗ​ ចាប់​ពី​ ១០០​ ទៅ​ ១២០​គ្រឿង​​ក្នុង​មួយ​ថ្ងៃ​។ គេ​រំពឹង​ថា ផលិត​ផល​ម៉ូដែល​ ដែល​ដាក់​លក់​ដំបូង​នេះ នឹង​​លក់​អស់​នៅ​ថ្ងៃ​ស្អែក ហើយ​ផលិត​ផល​នាំ​ចូល​ថ្មី​នឹង​មក​ដល់​នៅ​សប្តាហ៍​ក្រោយ។

ផលិតផល​ iPad2 មាន​លក់​នៅ​តាម​ហាង Apple iStudio ហាង​ PowerBuy ហាង IT City និង​ហាង​ Banana IT។

អគ្គ​នាយក​រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ ​�​ដូច​ជា​ប្រទេស​ផ្សេង​ទៀត​ដែរ យើង​ឃើញ​ថា​ ​មាន​ប្រតិកម្ម​ខ្លាំង​ឆ្លើយ​តប​ចំពោះ​​ការ​ដាក់​លក់​ផលិតផល​ iPad2 នេះ​ ​បើ​ធៀប​នឹង​ផលិត​ផល​ iPad ជំនាន់​ទី​១​�។

បន្ទាប់​ពី​ក្រុម​ហ៊ុន Apple បាន​បញ្ចុះ​តម្លៃ​ផលិតផល​ iPad ជំនាន់​ទី​ ១នេះ ចំនួន​ពីរ​ដង សន្និធិ​​ផលិតផល​នេះ លក់​ស្ទើរ​តែ​អស់​​រលីង ហើយ​ក្រុម​ហ៊ុន​ក៏​បាន​ផ្អាក​ផលិតកម្ម​ផង​ដែរ។

លោក Wasana Ruckwadipakorn អគ្គ​នាយក​រង​ផ្នែក​ប្រតិបត្តិ​ប្រចាំ​ហាង PowerBuy បាន​ឲ្យ​ដឹង​ថា ការ​លក់​ផលិតផល​ iPad2 នៅ​ថ្ងៃ​ទី​មួយ​​ ច្រើន​ជាង​ការ​លក់​ផលិតផល​ iPad​ ចាស់​ពីរ​ដង​។

ក្រុម​ហ៊ុន Apple គ្រោង​នឹង​បើក​ហាង iStudio ឲ្យ​បាន​​ ៤០​កន្លែង​ពី​ចំនួន​ ២២​ កន្លែង​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​អាគារ​​​ PowerBuy របស់​ខ្លួននៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខ្ពស់​នូវ​ផលិតផល​កុំព្យូទ័រ​ខ្នាត​តូច​ នេះ និង​ផលិតផល​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន ​Apple។

ទន្ទឹម​នឹង​នោះ​ដែរ នៅ​ផ្សារ MBK ពុំ​មាន​ការ​នាំ​ចូល​ផលិតផល​ iPad ថ្មី​ទៀត​ទេ ដោយ​សារ​ហាង​ទាំង​នោះ បាន​លក់​ស្តុក​របស់​ខ្លួន​អស់​ មុន​ពេល​ហាង​ដែល​បាន​ទទួល​សិទ្ធិ​ចែក​ចាយ​ បាន​ដាក់​លក់​ផលិត​ផល​ថ្មី​នេះ។ នេះ​បើ​តាម​សម្តី​របស់​អាជីវករ​ម្នាក់​ ដែល​លក់​ផលិតផល​នេះ​។

នៅ​ពេល iPad2 បាន​មក​ដល់​ផ្សារ MBK ​លើក​ដំបូង កាល​ពី​ពីរ​-បី​សប្តាហ៍​មុន អតិថិជន​ដែល​គាំ​ទ្រ​ផលិតផល​របស់​ក្រុម​ហ៊ុន Apple បាន​ចំណាយ​ប្រាក់​ពី ៣៥ ០០០​ ទៅ​ ៣៦ ០០០​បាត ដើម្បី​ទិញ​ផលិតផល​នេះ​មុន​គេ។ ក្រោយ​មក​តម្លៃ​ បាន​ធ្លាក់​ចុះ​ដល់ ២៨ ០០០​បាត​សម្រាប់​ផលិតផល iPad2 ម៉ូដែល​ 3G 64GB៕

Tags: