(វ៉ាស៊ីនតោន)៖ ក្រុមអ្នកបរិស្ថានជនជាតិអាមេរិក និយាយថា ត្រីពណ៌ទឹកក្រូចដ៏ស្រស់ស្អាត ដែលត្រូវបានគេយកទៅ ធ្វើជាតួអង្គនៅក្នុងរឿងគំនូរជីវចល ដែលមានចំណងជើងថា «Nemo» កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ នៃការជិតផុតពូជ និងត្រូវការការពារជាបន្ទាន់។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ ២០១៦។
មជ្ឈមណ្ឌលនានា ភាពនៃជីវសាស្រ្តនៅក្នុងរដ្ឋ អារីហ្សូណាសហរដ្ឋអាមេរិក បានស្នើសុំសហព័ន្ធរដ្ឋាភិបាល កាលពីថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ ឲ្យធ្វើការពិចារណា ដើម្បីចុះឈ្មោះប្រភេទត្រីពណ៌ទឹកក្រូច និង ត្រីចំនួន ៧ប្រភេទទៀត ដែលអាស្រ័យលើផ្កាថ្ម ដើម្បីរស់នៅក្នុងបញ្ជីប្រភេទសត្វ ដែលជិតផុតពូជ។
ជាមួយគ្នានេះដែរ នាយកខាងផ្នែកវិទ្យាសាស្រ្ត អាកាសធាតុនៃមជ្ឈមណ្ឌលនានា ភាពនៃជីវសាស្រ្ត លោក Shaye Wolf បានប្រាប់កាសែត McClatchy ថា «ក្នុងខណៈនេះដែរ ពួកយើងនៅតែបន្ត បញ្ចេញឧស្ម័នពុលពីផ្ទះកញ្ចក់ ពួកយើងឃើញថា មានប្រភេទសត្វ និងរុក្ខជាតិនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅជុំវិញពិភពលោក ស្ថិតនៅក្នុងគ្រោះថ្នាក់ នៃការជិតផុតពូជកាន់តែច្រើនឡើងៗ ដោយសារតែបំរែបំរួល របស់អាកាសធាតុរបស់ភពផែនដី!»។
ម្យ៉ាងវិញទៀតករណីនេះ ពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះថា មានមនុស្សភាគតិចណាស់ដែលអាច ដឹងថាមហាសមុទ្រកំពុងតែត្រូវបានបំផ្លាញ ដោយឧស្ម័នពុលកាបូនខ្លាំង កំរិតណា។
គួរបញ្ជាក់ដែរថា ត្រីពណ៌ទឹកក្រូចដ៏ឆើតឆាយនេះ ត្រូវបានរកឃើញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជិតប្រទេសអូស្រ្តាលី ក្នុងខណៈដែល វត្តមានរបស់ពួកវា មួយចំនួនទៀត រស់នៅក្នុងទឹកដីរបស់សហរដ្ឋ អាមេរិក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង