CamNews

ប្លែកៗ 

ស្ដ្រីអាយុ ៣៧ឆ្នាំ ហែលសមុទ្រ ចម្ងាយ ៩០គីឡូម៉ែត្រ ដោយមិនសម្រាក

ស្ដ្រី​ម្នា​ក់នៅ​អង់គ្លេស ទើបបាន​ក្លាយជា​មនុស្ស​ដំបូង​ក្នុង​រយៈពេល ៣០ឆ្នាំ សម្រេចបាន​នូវ​ការ​ហែល​ទឹក​រយៈ​ចម្ងាយ ៩០គីឡូម៉ែត្រ ជុំវិញ Wight ដែលជា​កោះធំ​បំផុត​របស់​ប្រទេស​នេះ។

 Anna Wardley អាយុ ៣៧​ឆ្នាំ


អ្នកស្រី Anna Wardley អាយុ ៣៧ឆ្នាំ មកពី​ទីរួមស្រុក Gosport បានចាប់ផ្ដើម​ហែល​ទឹកសមុទ្រ ជុំវិញ​កោះ Wight នៅ​លំហ​សមុទ្រ​ភាគខាងត្បូង​រដ្ឋ Hampshire តាំងពីព្រឹក​ថ្ងៃទី ២០កញ្ញា។ ការ​ហែល​ទឹក​នេះ អូសបន្លាយ ២៦ម៉ោង ៣៣នាទី និង ២៨វិនាទី យូរ​ជាង​ច្រើន ធៀប​នឹង​ការគ្រោងទុក​ដំបូង គឺ​ត្រឹមតែ ៣ម៉ោង។

Anna Wardley ថ្លែងថា ៖ “ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ក្ដី​ប្រាថ្នា​របស់​នាង​ខ្ញុំ ក្លាយជា​ការពិត។ នាង​ខ្ញុំ​បាន​ហាត់រៀន​រយៈពេល ២ឆ្នាំ ហើយ​ដឹងថា ខ្លួន​អាចធ្វើ​បាន​បែបនេះ។ នាង​ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​បាន​គាំទ្រ ពិសេស​គឺ​ប្រជាជន​នៅលើ​កោះ Wight ដែល​បាន​មកជួយ​លើកទឹកចិត្ត។ នៅ​ប៉ុន្មាន​គីឡូម៉ែត្រ​ចុងក្រោយ នាង​ខ្ញុំ​មានការ​លំបាក​ខ្លាំង ប៉ុន្ដែ​ទឹកប្រាក់ ៥០,០០០ផោន ដែល​បាន​រៃអង្គាស​សម្រាប់​សកម្មភាព​មនុស្សធម៌ បាន​ជួយ​ជម្រុញ​កម្លាំង​បន្ថែម​ដល់​នាង​ខ្ញុំ” ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ តែង​ជិះ​ទូក​ នៅ​ក្បែរ​ៗ​ Anna Wardley


ទំព័រ Telegraph បានឱ្យដឹងថា Wardley ចំណាយពេល​ត្រឹមតែ​ប្រហែល ២នាទី​ប៉ុណ្ណោះ សម្រាប់​ហូប​អាហារម្ដងៗ ក្នុងពេល​ហែល​ទឹក។ អាហារ​របស់​អ្នកស្រី មានដូចជា ស្ករ​គ្រាប់ ដំណាប នំ​ធ្វើ​អំពី​អង្ករ និង​ពងមាន់​ចៀន​បែប អេ​ស្ប៉ា​ញ ដែល​ក្រុម​អ្នកគាំទ្រ​របស់​អ្នកស្រី បាន​យកមក​តាម​ខ្លួន ដោយ​ពួកគេ​ជិះទូក​ម៉ាស៊ីន និង​ទូក​ចែវ kayak ក្បែរ​អ្នកស្រី។

នៅពេល​បាន​វិលត្រឡប់​មកដល់​កំពង់​ផែ Ryde នៃ​កោះ Wight នា​ថ្ងៃ​បន្ទាប់ Anna Wardley ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​សំណាក់​ហ្វូងមនុស្ស។ ការ​ហែល​ជុំវិញ​កោះ​មួយ​នេះ Anna Wardley ត្រូវ​ចំណាយពេល​ជាង ២៦ម៉ោង ដែល​ធ្វើឱ្យ​អ្នកស្រី​ត្រូវ​ចំណាយ ១៥,៣០០ កាឡូរី គឺ​ប្រហាក់ប្រហែល​នឹង​មនុស្ស​ធម្មតា​ម្នាក់ ធ្វើការ ៦ថ្ងៃ។

សកម្ម​ភាព​ហែល​ទឹក និង​ផែន​ទី​កោះ​ដ៏​ធំ​ ដែល​របស់ Anna Wardley បាន​ហែល​ជុំ​វិញ


Anna Wardley ដែលជា​អ្នកផ្ដល់​ប្រឹក្សា​អំពី​ទំនាក់ទំនង​សង្គម បាន​ប្រើប្រាស់​តែ​ខោអាវ​ហែល​ទឹក វ៉ែនតា និង​មួក​ហែល​ទឹក ប៉ុណ្ណោះ សម្រាប់​ការ​ហែល​ទឹក​រយៈ​ចម្ងាយ ៩០គីឡូម៉ែត្រ​នេះ។ គួរ​រំ​ឭ​ថា កាលពីមុន អ្នកស្រី​ក៏​ធ្លាប់បាន​ហែល​ជុំវិញ​កោះ Portsea ក្នុង​រដ្ឋ Hampshire (២១គីឡូម៉ែត្រ) របស់​អង់គ្លេស , កោះ Jersey (៦៦គីឡូម៉ែត្រ) របស់​អង់គ្លេស , និង Dragonera (១០គីឡូម៉ែត្រ) នៅ​លំហ​សមុទ្រ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ។


ដោយ ៖ តារា
ប្រភព ៖ Telegraph



Tags: swim​ non-stop Isle of Wight England Anna Wardley