បន្ទាប់ពី Brexit ក្រុមហ៊ុន Samsung កំពុងគិតទៅដល់វិធានការណ៍ផ្លាស់ប្តូរការិយាល័យកណ្តាល នៅតំបន់អឺរ៉ុបរបស់ខ្លួន ចេញពីប្រទេសអង់គ្លេស។ រីឯបណ្តាគូប្រកួតប្រជែងផ្សេងទៀតដូចជា LG និង Acer ក៏កំពុងគិតគូរពីវិធានការណ៍របស់ខ្លួនទុកជាមុនផងដែរ ចំពោះផលប៉ះពាល់នៃការចាកចេញរបស់ប្រទេសអង់គ្លេស ពីសហភាពអឺរ៉ុប។
មានក្រុមហ៊ុនបច្ចេកវិទ្យាមិនតិចនោះទេ កំពុងគិតគូរដកការិយាល័យរបស់ខ្លួន ចេញពីអង់គ្លេស
សារព័ត៌មាន Herald របស់កូរ៉េខាងត្បូង បានចុះផ្សាយព័ត៌មាន ស្តីពីរឿងដែលក្រុមហ៊ុន Samsung កំពុងតែធ្វើការរំលឹកដល់វិធានការណ៍ផ្លាស់ប្តូរការិយាល័យកណ្តាលនៅទីផ្សារអឺរ៉ុបរបស់ខ្លួន ចេញពីទីក្រុងឡុងដ៍ ទៅកាន់ទីតាំងថ្មីមួយទៀត។ បច្ចុប្បន្ន Samsung កំពុងមានរោងចក្រផលិតឧបករណ៍ប្រើប្រាស់នៅប្រទេសប៉ូឡូញ និងបណ្តាផលិតផលទូរទស្សន៍ ត្រូវបានដំឡើងនៅ ស្លូវ៉ាគី និងហុងគ្រី។
កាលពីឆ្នាំ ២០១៥ នៅពេលដែលបរិមាណលក់ផលិតផល នៅអឺរ៉ុបរបស់ Samsung មានការធ្លាក់ចុះ ពេលនោះមានព័ត៌មានចចាមអារ៉ាមថា Samsung បានគិតធ្វើការផ្លាស់ប្តូរការិយាល័យកណ្តាលចេញ ពីទីក្រុងឡុងដ៍ ទៅកាន់ Warsaw (ទីក្រុងរបស់ប៉ូឡូញ)។ ការដែលអង់គ្លេស បានចាកចេញជាផ្លូវការពីសហភាពអឺរ៉ុប នឹងបន្ថែមហេតុផលមួយទៀត ដើម្បីឲ្យ Samsung គិតជាថ្មីម្តងទៀត ស្តីពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្លាស់ប្តូរការិយាល័យ។
ក្រុមហ៊ុនអេឡិចត្រូនិចមួយទៀតរបស់កូរ៉េខាងត្បូង នោះគឺ LG Electronis ក៏កំពុងមានក្តីព្រួយបារម្ភស្តីពីបណ្តាផលប៉ះពាល់របស់ Brexit ដោយសារពួកគេមិនអាចទទួលបានអត្ថប្រយោជន៍ល្អទៅលើ បញ្ហាពន្ធអាករ ពេលចូលទៅកាន់ទីផ្សារអឺរ៉ុប បើសិនខ្លួននៅប្រទេសអង់គ្លេស។
ក្រុមហ៊ុនកុំព្យូទ័រតៃវ៉ាន់ Acer ក៏បានទទួលស្គាល់ថា Brexit បានបង្កើតឲ្យមានផលប៉ះពាល់ភ្លាមៗ ទៅលើអត្រាប្តូរប្រាក់។ ប្រាក់ចំណូលជិត ៣០% របស់ Acer គឺទទួលបានមកពីខាងអឺរ៉ុប ដូច្នេះច្បាស់ ណាស់ ដែលពួកគេ នឹងទទួលរងនូវផលប៉ះពាល់យ៉ាងច្រើន ពីបញ្ហានេះ៕
- អានអត្ថបទ៖ នេះគឺជាកាមេរ៉ាក្រោយរបស់ iPhone 7, ធំជាងច្រើន បើប្រៀបនឹង iPhone 6s?
- អានអត្ថបទ៖ ច្បាស់ណាស់ហើយ ដែលថា Samsung Galaxy Note7 ជាឈ្មោះហៅផ្លូវការបស់ ស៊េរី Note បន្ទាប់
ប្រែសម្រួល៖ មង្គល