ថ្មីៗនេះ សាធារណជនអាមេរិក មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះករណីកូនគោមួយក្បាលដែលទើបចាប់កំណើត មានក្បាលពីរជាប់គ្នា ហើយករណីនេះ ត្រូវបានគ្រូពេទ្យនិយាយថា ដោយសារ ហ្សែនមានការផ្លាស់ប្ដូរ។
កាលពីថ្ងៃទី ១៦ កញ្ញាកន្លងទៅ គ្រួសាររបស់ Kirschbaum ដែលរស់នៅក្នុងតំបន់ក្រៅក្រុង Jamieson រដ្ឋ Oregon អាមេរិក ទើបបានទទួលស្វាគមន៍ការចាប់កំណើតរបស់កូនគោមួយក្បាលដែលមានរូបរាងខុសពីធម្មតា ពោលគឺមានក្បាលពីរជាប់គ្នា។
កូនគោក្បាលពីរជាប់គ្នា បានចាប់កំណើតនៅអាមេរិក
អ្នកស្រី Heidi Kirschbaum អាយុ ៣១ឆ្នាំ ដែលជាម្ចាស់កូនគោចម្លែកនេះ ថ្លែងថា ចាប់តាំងពីបានចាប់ផ្ដើមប្រកបមុខរបរចិញ្ចឹមសត្វ អ្នកស្រីមិនធ្លាប់បានប្រទះឃើញករណីកូនគោចម្លែកបែបនេះទេ។ “ពិតជាមិនគួរឱ្យជឿសោះថា រឿងនេះបានកើតមានឡើងនៅក្នុងកសិដ្ឋានរបស់នាងខ្ញុំ ម្យ៉ាងទៀត គ្រួសារយើងមិនមានគោច្រើននោះទេ” ។
Heidi Kirschbaum បានឱ្យដឹងថា ពួកគេមិនបានដឹងថា កូនគោក្បាលពីរនេះ បាន “លួច” ចាប់កំណើតតាំងតែពីពេលណាមកនោះទេ ប៉ុន្ដែបងថ្លៃស្រីរបស់ខ្លួន គឺជាអ្នកបានប្រទះឃើញកូនគោក្បាលពីរនេះ នៅក្នុងគំនរស្មៅ ក្នុងក្រោលគោ មុនគេបង្អស់។ យ៉ាងណាក៏ដោយ វាបានហួសពេលទៅហើយ ព្រោះកូនគោនេះបានបាត់បង់ជីវិត មុនពេលពួកគេបានមកដល់។ ក្រោយមក កូនគោចម្លែកនេះ ត្រូវបាននាំយកទៅកាន់មណ្ឌលពេទ្យសត្វក្នុងតំបន់។
សូម្បីតែសុនខ ឬអណ្ដើក ក៏មានករណី មានក្បាលពីរ
លោកគ្រូពេទ្យសត្វ Katrina Abbott បានប្រាប់ឱ្យដឹងថា ករណីកូនគោក្បាលពីរនេះ គេកម្រនឹងបានជួប។ មូលហេតុដែលនាំឱ្យមានករណីនេះ គឺដោយសារការប្រែប្រួលរបស់ហ្សែន ដោយជាទូទៅ កូនគោដែលនៅក្នុងពោះមេរបស់វា គឺជាកូនគោពីរក្បាល ប៉ុន្ដែវាមិនអាចបំបែកខ្លួនចេញពីគ្នា ទើបធ្វើឱ្យវានៅជាប់នឹងគ្នាបែបនេះ។
តាមការកត់សម្គល់ ករណីសត្វកើតមកមានក្បាលពីរបែបនេះ ត្រូវបានគេជួបប្រទះជាច្រើនករណីនៅជុំវិញពិភពលោក ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ក្នុងនោះក៏មានករណី ឆ្មារក្បាលពីរ សុខនក្បាលពីរ ព្រមទាំងជ្រូក អណ្ដើក ឬពស់ក្បាលពីរ។ល។
ដោយ ៖ តារា
ប្រភព ៖ huffingtonpost