យោងទៅលើតម្រូវការនៃមនុស្សមួយចំនួន ដែលត្រូវការបុរសវ័យកណ្ដាល ធ្វើជាមិត្ត ក្នុងរាល់កាលៈទេសៈ សេវាកម្ម “ឱ្យជួលអ្នកបម្រើវ័យកណ្ដាល” ត្រូវបានបង្កើតឡើង។
ដោយមានគំនិតច្នៃប្រឌិតសម្បូរបែប ជប៉ុន ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានសេវាកម្មចម្លែកៗយ៉ាងច្រើន ទាក់ទិននឹងការឱ្យជួលមនុស្ស ធ្វើជាដៃគូប្រចាំថ្ងៃ។ ទន្ទឺមនឹងសេវាកម្មឱ្យជួលសង្សារ រហូតដល់សេវាកម្ម “គេងជាមួយប្រុសស្អាត” សម្រាប់នារីទាំងឡាយ ថ្មីៗនេះ សេវាកម្មឱ្យជួលបុរសវ័យកណ្ដាល ក៏ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសនេះ។
បុរសវ័យកណ្ដាលក៏អាចដើរផ្សារជាមួយអតិថិជនរបស់ខ្លួន
ជាធម្មតា អតិថិជនភាគច្រើន តែងត្រូវការបុគ្គលិកដែលស្លៀកពាក់ស្អាតបាត មានរូបរាងសង្ហារ និងនៅក្មេង ដើម្បីបម្រើសេវាកម្ម ប៉ុន្ដែ ក៏មានអ្នកខ្លះមិនចូលចិត្តបែបនេះ ដោយពួកគេចូលចិត្តបុគ្គលិកវ័យចំណាស់។ យោងទៅលើតម្រូវការនេះ ហាងកាហ្វេ Butler and maid បានបង្កើតសេវាកម្ម ឱ្យជួលបុគ្គលិកប្រុស វ័យកណ្ដាល ដែលហៅថា Ossan Rental ។
សេវាកម្មចម្លែកនេះ ពិតជាជម្រើសដ៏ល្អសម្រាប់ស្ដ្រីដែលចង់មានមិត្ដម្នាក់ដែលមានភាពចាស់ទុំ និងត្រៀមខ្លួនជានិច្ចក្នុងការជួយកិច្ចការងារ ឬស្ដាប់ការសម្ដែងអារម្មណ៍ នៅពេលត្រូវការ។
មិនចាំបាច់ទៅរកឯណាឆ្ងាយនោះទេ គ្រាន់តែទាក់ទងតាមរយៈ blog ឬទំព័រ Twitter របស់ក្រុមហ៊ុន អតិថិជន អាចនឹងស្វែងរកបានបុរសវ័យកណ្ដាលម្នាក់ សមស្របជាមួយខ្លួន ដោយចំណាយត្រឹមតែ ១,០០០យ៉េន/ម៉ោង (១០ដុល្លារអាមេរិក)។
អតិថិជន អាចជ្រើសរើសលោក Takanobu Nishimoto វ័យ ៤៦ឆ្នាំ ជាសាស្ដ្រាចារ្យ នៅមហាវិទ្យាល័យឯកទេសផ្នែកម៉ូដែល
ក្រុមហ៊ុនខាងលើនេះ ត្រូវបានបង្កើតឡើងដោយបុរសវ័យកណ្ដាលពីររូប។ ស្ថាបនិករបស់ក្រុមហ៊ុននេះ បង្ហើបឱ្យដឹងថា អ្នកជួលសេវាកម្មនេះ នឹងទទួលបានផលប្រយោជន៍ច្រើន មានដូចជា ការលេងហ្គេមជាមួយគ្នា ធ្វើជាមិត្តល្អដើម្បីជជែកគ្នា ធ្វើកិច្ចការងារជំនួស ឬធ្វើជាអ្នករួមដំណើរឡើងផ្សារ។ល។
ក្រុមហ៊ុននេះ ធ្វើសកម្មភាព ២៤ក្នុងមួយថ្ងៃ ដូច្នេះ អតិថិជនអាចជួលសេវាកម្ម ក៏ដូចជាមតិរិះគន់ មកក្រុមហ៊ុនគ្រប់ពេល។
ក្រៅពីសាស្ដ្រាចារ្យ អតិថិជន ក៏អាចជួលអតិតកីឡាករបាល់ Baseball និងជាអ្នកអ្នកអត្ថាធិប្បាយផ្នែកកីឡា ឈ្មោះ Mikio Sendou ទៀតផង
បើទោះជាសេវាកម្មឱ្យជួលបុរសវ័យកណ្ដាលនេះ នៅថ្មីថ្មោងក៏ដោយ ប៉ុន្ដែ ស្ថាបនិកក្រុមហ៊ុនមានការជឿជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុននឹងទទួលបានការគាំទ្រច្រើន ហើយនឹងមានទីផ្សារធំទូលាយ ទូទាំងប្រទេស។
ដោយ ៖ តារា
ប្រភព ៖ rocketnews24