ភ្នំពេញ ៖ តាមវចនានុក្រម របស់សម្តេច សង្ឃរាជ្យជួន ណាត បានឲ្យដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក ជាអន្សមដាក់ចេកណាំវ៉ាទុំ ទាំងមូលជាស្នូល ។ អន្សមជ្រូក គឺដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង គឺដាក់ខ្ទិះដូងឬសាច់ដូង ទុំកោសលាយ ផង ។ អន្សមអាំង ជាអន្សមដែលចម្អិនដោយអាំង។ល។ចំណែក «នំគម» វិញ មានសណ្ឋាន ដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូង ឬសណ្ដែកស្បាត់ស្ករ ខ្ចប់ដោយស្លឹក ចម្អិនដោយចំហុយ។
នំអន្សមនេះ មានវត្តមាននៅក្នុងសង្គមខ្មែរតាំងពីបុរាណសម័យមកហើយ។នំនេះ គេឃើញមាននៅក្នុង ពិធីបុណ្យទាន របស់ខ្មែរនានាដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងសាសនាព្រហ្មញ្ញនំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ឬព្រះសិវៈ។ចំណែកឯនំគម គឺតំណាងឲ្យយោនី (ប្រដាប់ភេទ) នាងឧមាដែលជាព្រះមហេសីរបស់ព្រះឥសូរ។ លិង្គព្រះឥសូរ គេធ្វើពីថ្មរឹងមានរាង៤ជ្រុង ៦ជ្រុង និង៨ជ្រុងក៏មាន ដែលគេតែងឃើញលិង្គព្រះឥសូរដាក់ពីលើយោនីនាងឧមា ឬនាងទួគ៌ា។ ម្លោះហើយទើបខ្មែរ យើងតែងតែឃើញ នំអន្សមនេះក្នុងពិធីបុណ្យទានអមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។
តាមឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ ជំនាញខាងបុរាណវិទ្យា បានឲ្យដឹងថា ព្រះសិវៈ ឬព្រះឥសូរ នេះ គឺជាទេវតាច ម្បងមួយអង្គក្នុងចំណោមទេវៈចម្បងទាំង៣នៃទ្រីស្តីត្រីម៌ូតិ ដែលមានក្នុងលទ្ធិ ព្រហ្មញ្ញ សាសនា។យោងលើប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជាបាន ឲ្យដឹងថានៅដើមស.វ.ទី១ នៃគ.ស. បានបញ្ជាក់ថាប្រជានុរាស្ត្រខ្មែរ នាសម័យបុរាណនោះមានការពេញនិយម ព្រះអាទិទេពអង្គនេះជាង ព្រះអាទិទេពផ្សេងៗឯទៀត ដែលសុទ្ធសឹងតែ មានប្រភពមកពីឥណ្ឌាទាំងអស់។
បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មញ្ញខ្មែរ ខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ, ពិស្ណុ)ក៏ប៉ុន្តែជាទូទៅការនិយមបេតីប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ជាងព្រះ អាទិទេព ផ្សេងៗទៀត។ម្យ៉ាងវិញទៀត ទន្ទឹមនឹងនេះក៏យើងបានសង្កេតឃើញមានការគោរពបូជា ព្រះពុទ្ធសាសនាផងដែរ។
ម៉្យាងទៀតរូបចម្លាក់លោតបុរេអង្គរជាច្រើនទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលិង្គដែលជាទម្រង់ លក្ខណៈឬក៏ចំណែកមួយ នៃសារព៌ាង្គកាយរបស់ព្រះសិវៈ ដែលបង្ហាញឲ្យឃើញនូវអាទិភាព ព្រះអាទិទេពអង្គនេះ ក្នុងសង្គមខ្មែរ។
ចម្លាក់នៃព្រះអាទិទេពចម្បងខាងលើនេះមានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ(មុនសម័យអង្គរ) ម្ល៉េះ ជាពិសេសចម្លាក់មានរូបរាងមនុស្ស មានផ្នួងសក់ហើយមានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបីលំ អដោយចំណិតព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។
ពាក់ព័ន្ធនឹងប្រវត្តិរបស់ព្រះអាទិទេពអង្គនេះយើងក៏អាចដឹងទៀតថា ព្រះសិវៈ មានព្រះអគ្គមហេសីពីរព្រះអង្គ គឺព្រះនាងឧមា និងព្រះនាងគង្គា (ទូគ៌ា)។ គេក៏បានបន្ថែមទៀតថា តាមព្រះសកម្មភាពផ្សេងៗ ក្នុងប្រវត្តិព្រះ មហេសី របស់ទ្រង់អាចមាន ព្រះនាមផ្សេងៗឯទៀត ដូចជាកាលីទុគ៌ាជាដើម និងមានព្រះរាជបុត្រពីរ គឺព្រះស្កន្ននិងព្រះគណេស។
គប្បីរំលឹកឡើងវិញផងដែរថា ការឆ្លាក់លិង្គព្រះឥសូរ (សិវៈ) តម្កល់លើយោនីនាង ឧមា ឬនាងទូគ៌ា នេះ បានក្លាយទៅជា ប្រពៃណីដែលវិចិត្រករខ្មែរយើងសម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធឬក៏ ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍ និកាយសិវៈផង ។ នេះជាការសម្រេចចិត្ត ផ្ទាល់ខ្លួន របស់ព្រះឥសូរនា សម័យនគរភ្នំដុះចេញពីបេះដូង និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ ចំពោះព្រះសិវៈ។ ទង្វើនេះក៏ជាលទ្ធផល នៃការជះឥទ្ធិពលឲ្យទាំងចក្រភពភ្នំប្រកបដោយសច្ចៈភាព ស្គាល់អំពើល្អ អាក្រក់បង្ហាញ ដល់មនុស្សផងទាំងឡាយ ឲ្យស្គាល់ផ្លូវនាំទៅកាន់ភាពស្ងប់ចិត្ត។ម្យ៉ាងវិញទៀតជំនឿនេះក៏ប្រាកដជា បានផ្តល់នូវសក្តានុពលដ៏សំខាន់ខាងសី លធម៌សម្រាប់សង្គមជាតិនាសម័យបុរាណនោះដែរ។
និយាយជារួម ជំនឿ សាសនា ដែលជនជាតិខ្មែរជឿ និងប្រកាន់យកសព្វថ្ងៃ បើគេសិក្សាឲ្យបានច្បាស់លាស់ គឺមិនមែនប្រកាន់យកតែព្រះពុទ្ធសាសនាសុទ្ធសាធនោះទេ មានលាយឡំជាមួយជំនឿដើមរបស់ខ្មែរ និងព្រហ្មញ្ញ សាសនាផងដែរ។ ឧទាហរណ៍ៈ បើយើងនិយាយពីវត្តអារាមនៅប្រទេសកម្ពុជា គឺប្រជាជនខ្មែរទូទៅយល់ថា ជាវត្តអារាមរបស់ព្រះពុទ្ធសាសនា។ ប៉ុន្តែនៅក្នុងបរិវេណវត្តនោះ មានខ្ទមអ្នកតា គឺជាជំនឿដើមរបស់ជនជាតិខ្មែរ ដែលជឿលើព្រលឹងដែលមិនសាបសូន្យទោះបីរូបរាងកាយស្លាប់បាត់បង់ក៏ដោយ។ ចំណែកព្រះសង្ឃចេះ មន្តអាគមគាថា ចេះព្យាបាលជំងឺ ស្រោចទឹកបណ្ដោះគ្រោះជាដើម គឺជាសាសនាព្រាហ្មញ្ញ។
ជាក់ស្តែង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យទាក់ទងនឹង ព្រះពុទ្ធសាសនា ប៉ុន្តែការវេចនំអន្សម និងនំគម យកទៅវត្តនោះ គឺទាក់ទងនឹងជំនឿរបស់ព្រហ្មញ្ញសាសនាទៅវិញទេ៕