CamNews

ជីវិតរស់នៅ 

ទស្សនយល់ខុស​របស់​យុវវ័យ​ខ្មែរ ចំពោះ​ទិវា​នៃ​ក្តី​ស្រឡាញ់ "ក្រោយបាយល្ងាច រាត្រីនេះ តោះហួសទៅ ... "

ភ្នំពេញ៖ បច្ចុប្បន្ននេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី បានទទួលយក និងប្រារព្ធថ្ងៃទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។ ចំពោះប្រទេសកម្ពុជាវិញ ថ្ងៃទី១៤កុម្ភៈ ជាថ្ងៃដែលប្រជាពលរដ្ឋ ភាគច្រើនយល់ថា គឺជា ថ្ងៃដែលបុត្រធីតា គ្រប់រូបសម្ដែងនូវ ក្តីស្រឡាញ់របស់ខ្លួន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ មានដូចជា ចំពោះមាតាបិតា អាណាព្យាបាល គ្រូបាអាចារ្យ ឬមិត្តភក្តិជាដើម ដែលជាអ្នកមានគុណ បីបាច់ថែរក្សា ប្រៀនប្រដៅ ផ្តល់ចំណេះដឹង និងជួយទុក្ខធុរៈ។

ប៉ុន្តែមានយុវជនមួយចំនួន បែរជាយល់ថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់ គឺជាថ្ងៃ "បុណ្យសង្សារ" ទៅវិញ ហើយបានយកពេលវេលានេះ ជាការសម្ដែងនូវក្តីស្រឡាញ់ រវាងបុរសនិងនារី ជាដៃគូស្នេហា ដែលពេលខ្លះ ពួកគេហ៊ានប្រព្រឹត្តិនូវទង្វើ ប្រាសចាកពីប្រពៃណី និងសីលធម៌សង្គមទៀតផង។ យុវជនតែង ជូនផ្កាដល់នារី ដែលគេស្រឡាញ់ ដោយឡែកនារី ក៏ជូនវត្ថុអនុស្សាវរីយផ្សេងៗ ដល់បុរសដែលខ្លួនស្រឡាញ់វិញ ផងដែរ។

មានគូសង្សារខ្លះ បានណាត់ជួបត្រឹមតែ ការទទួលទានអាហារ តាមភោជនីយដ្ឋាននានា ដែលបង្កលក្ខណៈងាយស្រួល ឬផ្តល់ភាពរំជួលចិត្ត ដល់គ្នាទៅវិញទៅមក និងជាការស្វែងយល់ចិត្តគ្នាបន្ថែម។ ប៉ុន្តែបន្ទាប់ជួបជុំញ៉ាំអាហាររួចយុវវ័យខ្លះ អាចឈានទៅដល់ការសម្រេចចិត្ត ក្នុងរយៈពេលខ្លី ទៅផ្ទះសំណាក់ ដោយមិនបានគិតពិចារណាវែងឆ្ងាយ ពីលទ្ធផលដែលពួកគេទទួលបាន ជាសេសនារីៗ តែម្ដង។ នោះហើយ គឺអ្វីដែលអាណាព្យាបាល របស់យុវវ័យទាំងនោះ ក៏ដូចមហាជនទូទៅ មានការព្រួយបារម្ភខ្លាំង ចំពោះការភ្លើតភ្លើន ទៅតាមវប្បធម៌បរទេស ខណៈប្រទេសខ្មែរប្រកាន់នូវប្រពៃណី របស់ដូនតាយ៉ាងខ្ជាប់ខ្ជួន។

ចំពោះអ្នកអភិរក្សវប្បធម៌ កំពុងតែព្រួយបារម្ភចំពោះ ការប្រព្រឹត្តរបស់យុវវ័យ ដែលមិនមែនជាវប្បធម៌របស់ខ្មែរ បានឃើញនូវទង្វើមិនល្អមួយចំនួន ប៉ះពាល់ដល់ តំលៃរបស់យុវតីខ្មែរខ្លះ នៅថ្ងៃទិវានៃក្តីស្រឡាញ់ តាមរយៈការប្រព្រឹត្តិរបស់ពួកគេ ដែលអាចបណ្តាលឲ្យខុសប្រពៃណីខ្មែរ ការប៉ះពាល់ដល់កិត្តិយសគ្រួសារ និងការព្រឈមនឹងជំងឺឆ្លងផ្សេងៗ ប្រសិនបើគេឈានទៅរក ការលះបង់ខ្លួនប្រាណ ដើម្បីបញ្ជាក់ពីទំហំ នៃការស្រឡាញ់។ តើយើងទាំងអស់គ្នាគួរតែធ្វើអ្វី ដើម្បីឲ្យយុវ័យ ដែលនៅសេសសល់មិនទាន់បានយល់ ពីអត្ថន័យនៃទិវានេះ ឲ្យងាកមក យល់កាន់តែច្បាស់នូវអត្ថន័យពិតនេះវិញ? ពិតមែនហើយ ជាដំបូងយុវវ័យ ត្រូវតែយល់ឲ្យច្បាស់ថា ទិវានៃក្តីស្រឡាញ់នេះ ពុំមែនសម្រាប់តែពីរនាក់គូសង្សារនោះទេ តែជាទិវានៃក្តី ស្រឡាញ់សម្រាប់មនុស្សទូទៅ។

ចំណុចចុងក្រោយនោះ គឺយុវវ័យគួរយល់ឲ្យច្បាស់ថា ការប្រារព្ធទិវានៃក្តីស្រឡាញ់នេះ មិនមែនមានន័យ ថាពួកគេត្រូវតែបង្ហាញ ពីក្តីស្រឡាញ់របស់ខ្លួន តែមួយថ្ងៃហ្នឹងនោះទេ ពោលការបង្ហាញក្ដីស្រឡាញ់ ចំពោះមនុស្សដែលខ្លួនស្រឡាញ់ ត្រូវមានជារៀងរហូត ក្នុងជីវិត។

ទោះជាយ៉ាងណាក៏ដោយ ការទប់ស្កាត់ បញ្ហាទាំងនេះ អាចធ្វើទៅបានទាំងស្រុង អាស្រ័យទៅលើស្ថាប័នពាក់ព័ន្ធ មន្រ្តីសមត្ថកិច្ច អង្គការអប់រំសុខភាព ក៏ដូចជាអាណាព្យាបាល និងជាពិសេសយុវវ័យខ្លួនឯងផ្ទាល់ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការកាត់បន្ថយ និងទប់ស្កាត់ ធ្វើការអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់ ឲ្យបានទូលំទូលាយ ឬរិះរកប្រើវិធីសាស្រ្តណាមួយកែប្រែ ដើម្បីឲ្យស្រប ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។ ទាំងនេះគឺជាមធ្យោបាយ ដ៏ល្អមួយ និងជាការអប់រំយុវវ័យខ្មែរ បង្កើនការយល់ដឹង ពីផលប៉ះពាល់ នៃទស្សនយល់ខុសរបស់អត្ថន័យ ទិវានៃក្តីស្រឡាញ់នេះ៕

- អាន ៖ សប្បុរសជន ស្វែងរក ភិក្ខុសីលជ្ជោតោ ខាត់ សុថុល ម្ចាស់កំណាព្យ“ថ្ងៃ១៤កុម្ភៈ ” ផ្ដល់រង្វាន់ជូន


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh