(ភ្នំពេញ)៖ អាពាហ៍ពិពាហ៍របស់កីឡាករបាល់ទាត់មាននាទីជាខ្សែបម្រើ និងការពារនៃក្រុមបឹងកេតអង្គរ និងក្រុមជម្រើស ជាតិកម្ពុជា រស់ សំអឿន នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះហើយ ខណៈពិធីធំនឹងធ្វើនៅថ្ងៃស្អែក ។ ប៉ុន្ដែគួរឲ្យស្ដាយមង្គលការនេះ ទំនងជាមិនមានមិត្ដរួមក្រុមចូលរួមឡើយ ដោយសារពួកគេជាប់ភារៈកិច្ចជួយក្រុម ត្រៀមប្រកួតជាមួយក្រុម Buriram United របស់ថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Cup 2015 ចុងសប្ដាហ៍នេះ ។
កីឡាករ រស់ សំអឿន បានថ្លែងឲ្យដឹងថា ពិធីមង្គលការខ្លួននឹងរៀបចំធំដុំនៅថ្ងៃទី១៩ ខែធ្នូ ប៉ុន្ដែមុនហ្នឹង១ថៃ (ថ្ងៃទី១៨-ធ្នូ) ក្រុមគ្រួសាររបស់លោក នឹងរៀបចំពិធីសូត្រមន្ដតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដើម្បីបូងសួងសុំសេចក្ដីសុខពីជីដូនជីតា និងប្រកាសឲ្យបងប្អូនញាតិសន្ដាន បានដឹងឮពីអាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយនឹងឧត្តមភរិយា គឺកញ្ញា យូ បូណ៌មី ។
ខ្សែបម្រើ-ការពារដ៏លេចធ្លោរូបនេះបានបន្ដថា ទន្ទឹមជាមួយគ្នានេះ លោកមានការសោកស្ដាយជាខ្លាំង ដែលមិនបានចេញដំណើរជាមួយ មិត្តរួមក្រុមទៅប្រទេសថៃ ដើម្បីត្រៀមប្រកួតជាមួយក្រុមជើងឯកលីកកំពូលថៃ Buriram United នៅថ្ងៃទី២០ ខែធ្នូខាងមុខ ។ ប៉ុន្ដែលោកមិនមានការអាក់អន់ចិត្ត ចំពោះការមិនបានចូលរួមពិធីមង្គលការរបស់ខ្លួន ពីសំណាក់មិត្ដរួមក្រុមឡើយ ផ្ទុយទៅវិញ លោកមានតែជូនពរឲ្យពួកគេទទួលបានជ័យជម្នះ ហើយលោកក៏បានប្ដេជ្ញា ចិត្ត នឹងចេញទៅជួយក្រុមបឹងកេត បន្ទាប់ពីមង្គលការបានបញ្ចប់ផងដែរ ។
រស់ សំអឿន បាននិយាយថា «ខ្ញុំមានការសោកស្ដាយណាស់បង ដែលមង្គលការខ្ញុំប្រថុចញ៉ុចនឹងការប្រកួតជាមួយក្រុម Buriram របស់ថៃ ។ ប៉ុន្ដែមង្គលការ គឺជារឿងសំខាន់ក្នុងជីវិតរបស់ខ្លួន ហេតុនេះខ្ញុំមិនអាចបោះបង់ឱកាសដ៏ល្អនេះ ឡើយ តែយ៉ាងណាក៏ខ្ញុំនៅតែខិតខំហ្វឹកហាត់ និងរក្សាកម្លាំង ដើម្បីចេញទៅជួយក្រុមដដែល ។ ខ្ញុំនឹងចេញដំណើរទៅ ថៃភ្លាមៗ បន្ទាប់ពីមង្គលការខ្ញុំបញ្ចប់ ហើយខ្ញុំប្ដេជ្ញាថា នឹងជួយក្រុមបឹងកេត ស្វែងរកជ័យជម្នះឲ្យបាន» ។
ដោយឡែកលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានលើកឡើងថា លោកមានការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុម ពិសេស រស់ សំអឿន ដែលគេតែងតែបំពេញតួនាទីយ៉ាងល្អក្នុងការប្រកួតកន្លង មក ។ ប៉ុន្ដែមង្គលការ គឺជារឿងសំខាន់ ដូច្នេះលោកត្រូវតែទុកឱកាសពិសេសនេះជូនគេ ហើយលោកក៏សូមអរគុណផង ដែរដែល សំអឿន មានឆន្ទៈជួយក្រុមយ៉ាងខ្លាំងបែបនេះ ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី