មហាសង្រ្កាន្តឆ្នាំមមែ សប្តស័ក ចុល្លសរាជ ១៣៧៧ មហាសករាជ ១៩៣៧ ពុទ្ធសករាជ ២៥៥៩ គ្រិស្តសករាជ ២០១៥ សុភមស្តុ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន ២៥៥៨ ត្រឹមថ្ងៃ ១៥ កើតខែពិសាខ លុះដល់ថ្ងៃ១ រោច ខែ ពិសាខឆ្នាំមមែសប្តស័ក តទៅចូលពុទ្ធសករាជ ២៥៥៩។
ថ្ងៃអង្គារ១១ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៤ ខែមេសានៃ គ.ស ២០១៥ វេលាម៉ោង ១៤៖០២នាទី ជាថ្ងៃចូលឆ្នាំមមែ សប្តស័ក ជាថ្ងៃមហាសង្ក្រាន្ត។ ទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម រាគ្យសៈទេវី ជាបុត្រីទីបីនៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតផ្កាឈូក អភរណៈទ្រង់ពាក់កែវ មនោរាភក្សាហារ ទ្រង់សោយ លោហិត ព្រះហស្តស្តាំទ្រង់ត្រីសូល៍ ព្រះហត្ថឆ្វេងទ្រង់ធ្នូ ទ្រង់គង់លើខ្នងអស្សតរ (សេះ) ជាពាហនៈ។
ថ្ងៃពុធ ១២ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសានៃ គ.ស ២០១៥ ជាថ្ងៃវារៈវនបត។
ថ្ងៃព្រហសត្បិ៍ ខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសា នៃ គ.ស ២០១៥ វេលាម៉ោង ១៨ និង ២១ នាទី ៣៦ វិនាទី ជាវារៈ ឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូរចូលជា សកលឆ្នាំមមែ សប្តស័ក ចុ.ស ១៣៧៧ និង ម.ស ១៩៣៧តទៅ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមកត្រូវរៀបរានទទួលទេវតាខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបចំក្រាលសំពត់ពណ៌ស ហើយរៀបចំគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយស៊ី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ ១១ មុខរៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរ កែវ។ ស្រេចហើយនៅវេលាដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សកាព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭកលុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ជាទំនៀមនៅក្នុងព្រះបរមរាជវាំង ចំពោះប្រជារាស្រ្តគួរប្រើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរគឺធ្វើតាមធនធានខ្លួន។ នៅគ្រប់តង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយនៅលើពាន និងលើបាយសីត្រូវដោតទៀន ហើយអុជបំភ្លឺ។
ទំនាយប្រចាំឆ្នាំ
កេណ្ឌព្រះពិរុណសាស្រ្ត: ឆ្នាំនេះភពព្រះអាទិត្យ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ ៣ បង្អុរភ្លៀង ៤០០ មេដែលចែកចេញជា ចក្កវាឡ ១៦០ មេ ព្រៃហិមពាន្ត ១២០ មេ និងជម្ពូទ្វីបមនុស្សលោកយើងមាន ៤០ មេ បណ្តាលឲ្យមានទឹកភ្លៀងដើមឆ្នាំ កណ្តាល និងចុងឆ្នាំភ្លៀងស្មើល្អ។
ទំនាយទឹកទន្លេ: ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់ ៨ ទំនាយថាទឹកទន្លេមានជាមធ្យម មិនធំ មិនតូច។
ទំនាយភោគផល: ស្រូវ ដំណាំ ស្រែចម្ការ នឹងបានផលពាក់កណ្តាល ខូចខាតពាក់កណ្តាល ភោជនាហារបានផលមធ្យម។ ប្រជានុរាស្រ្តមានសេចក្តីសុខ និងទុក្ខស្មើគ្នា។
ទំនាយការធ្វើស្រែ: ស្រែដីទំនាប និងស្រែដីទួលបានផលល្អដូចគ្នាទាំងពីរយ៉ាង។
កេណ្ឌព្រឹក្សា: ត្រូវត្រង់ដើមល្វា ជាស្តេចមានទំនាយថាមនុស្សផងទាំងឡាយមានសេចក្តីសុខក្សេមក្សាន្ត។
កេណ្ឌព្រះអាទិត្យ: ឆ្នាំនេះ ព្រះអាទិត្យធ្វើដំណើរដោយជិះដំរី ទំនាយថាភ្លើងកាចសាហាវ ស្រុកនាមនាគធ្វើយុទ្ធសង្គ្រាម និងស្រុកនាមគ្រុឌ និងស្រុកនាមកណ្តុរ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល