ការពិសោធបែបវិទ្យាសាស្ដ្រជាច្រើន ក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ បង្ហាញថា សមាសធាតុមួយចំនួនក្នុងរាងកាយ និងពណ៌របស់សក់ មានទំនាក់ទំនងនឹងគ្នា ដូច្នេះការថែទាំសក់ដោយយកចិត្តទុកដាក់ជាប្រចាំ នឹងអាចជួយពន្យាពេល មិនឱ្យសក់ឆាប់ស្កូវ។
សក់ឆាប់ស្កូវ ដោយសារតែខ្វះជាតិបំប៉ន
ជាក់ស្ដែងបានបង្ហាញថា ការខ្វះប្រូតេអ៊ីន និងរបបអាហារបំប៉នមិនមានតុល្យភាពក្នុងរយៈពេលយូរ គឺជាមូលហេតុមួយដែលនាំឱ្យសក់ឆាប់ស្កូវ។ ក្រៅពីនេះ ការខ្វះជាតិដែក ជាដើមក៏អាចនាំឱ្យសក់ឆាប់ស្កូវបានដែរ។ ជាតិដែក មានច្រើននៅក្នុងស៊ុត ថ្លើម ផ្សិត ក្បាលបង្កង សណ្ដែកស្ងួត។ល។
ការពិសោធផ្នែកពេទ្យវិទ្យាមួយ បានឱ្យដឹងថា របបអាហារដែលខ្វះវីតាមីន ក្រុម B ដូចជា B1, B6, B2 ក្នុងពេលវែង ជាមូលហេតុសំខាន់ធ្វើឱ្យសក់របស់អ្នកមិននៅខ្មៅបានយូរ ដូច្នេះ គួរតែបន្ថែមអាហារដែលមានផ្ទុកវីតាមីនខាងលើឱ្យបានច្រើននៅក្នុងពេលបាយ។ អាហារដែលសម្បូរវីតាមីនក្រុម B មានដូចជាប្រភេទសណ្ដែក ថ្លើមសត្វ បេះដូង ទឹកដោះគោ ស៊ុត និងបន្លែមានស្លឹក។
អាហារមួយចំនួន ដែលមានប្រយោជន៍ដល់សក់
យោងតាមក្បួនពេទ្យបុរាណ សក់ឆាប់ស្កូវ គឺបណ្ដាលមកពី ថើ្លម តម្រងនោម និងឈាម មានបញ្ហា ប៉ុន្ដែអ្នកអាចហូបអាហារខាងក្រោមឱ្យបានច្រើន ដើម្បីជួយធ្វើឱ្យសក់នៅខ្មៅបានយូរ ៖
- អាហារឆ្អិន ៖ សណ្ដែកខ្មៅ ល្ងរខ្មៅ បាយដំណើមខ្មៅ សណ្ដែកក្រហម ។ល។
- ប្រភេទបន្លែ ៖ ស្ពៃជើងទា ការ៉ុត ស្ពៃក្ដោមពណ៌ស្វាយ ផ្សិតខ្មៅ។ល។
- សាច់សត្វ ៖ សាច់ពពែ សាច់គោ ថ្លើមជ្រូក ឆ្លើងសមុទ្រ។ល។
- ផ្លែឈើ ៖ ទំពាំងបាយជូខ្មៅ ប៉ោម ពុទ្ទ្រា ។ល។
- ចំណែកល្ងខ្មៅ ក៏ជាថ្នាំបុរាណព្យាបាលសក់ឆាប់ស្កូវ។
ជាទូទៅ បណ្ដាអាហារដែលមានពណ៌បៃតង ក្រហម លឿង និងស្វាយ គឺសុទ្ធសឹងមានផ្ទុកសារជាតិដែលទទួលឥទ្ធិពលពីកំដៅថ្ងៃ ហើយវាបង្កើតបានជាជាតិដែកដែលអាចយកមកផ្គត់ផ្គង់ដល់រាងកាយ ពិសេសគឺវាមានប្រយោជន៍ដល់ការរក្សាពណ៌ខ្មៅរបស់សក់។
ដោយ ៖ តារា
ប្រភព ៖ XX