ភ្នំពេញៈ ការប្រកួតកីឡាថ្នាក់តំបន់ អាស៊ីអាគ្នេយ៍ ដែលគេឲ្យឈ្មោះថា កីឡា SEA Games លើកទី២៧ ក្នុងទឹកដីម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅល្ងាចថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៣នេះ បានរៀបចំកម្មវិធីបិទព្រឹត្តិ ការណ៍ អន្ដរជាតិមួយនេះហើយ ដោយមានការចូលរួមពី សមាជិកប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ក្នុងនោះក្រុមគណៈប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជា ក៏បានចូលរួមផងដែរ ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA Games លើកទី២៧ ដែលប្រើរយៈពេល ១៨ថ្ងៃ ដើម្បីដំណើរការ ការប្រកួត ពោលគឺចាប់តាំងពីថ្ងៃទី០៤ ធ្នូ មកនោះ ត្រូវបានបញ្ចប់លើគ្រប់ប្រភេទ កីឡាទាំងអស់ តាំង ពីថ្ងៃទី២១ ធ្នូមកម្លេះ ប៉ុន្ដែម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានរៀបចំកម្មវិធីបិទការប្រកួតជាផ្លូវការ នៅល្ងាចថ្ងៃទី២២ ធ្នូនេះ ។
គួរបញ្ជាក់ថា លទ្ធផលនៃការប្រកួតកីឡា SEA Gamesលើកទី២៧ខាងលើនេះ ប្រទេសដែលដណ្ដើម បានមេដាយច្រើនជាងគេនោះ គឺបានទៅថៃ ដែលរកមេដាយ សរុបរហូតដល់ ២៨២គ្រឿងឯណោះ (មាស១០៧, ប្រាក់៩៤ និងសំរិទ្ធ៨១) ប៉ុន្ដែសម្រាប់ក្រុមអត្ដពលិកកម្ពុជា រកមេដាយបានត្រឹមតែ ៤៧ គ្រឿងប៉ុណ្ណោះ (មាស៨, ប្រាក់១១ និងសំរិទ្ធ២៨) ។
ចំណែកប្រទេសដែលដណ្ដើម បានមេដាយច្រើន បន្ទាប់ពីប្រទេសថៃនោះ គឺបានទៅម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដោយរកមេដាយបានចំនួន ២៣៣គ្រឿង (មាស៨៦, ប្រាក់៦២ និងសំរិទ្ធ៨៥) រីឯប្រទេសវៀតណាម ជាប់លេខ៣ បន្ទាប់ដណ្ដើមមេដាយសរុបចំនួន ២៤៥គ្រឿង(មាស៧៣, ប្រាក់៨៦ និងសំរិទ្ធ៨៦) ។ ឥណ្ឌូនេស៊ី រកមេដាយបានសរុបចំនួន ២៦០គ្រឿង (មាស៦៥, ប្រាក់៨៤ និងសំរិទ្ធ១១១), ម៉ាឡេស៊ី រកមេដាយបានសរុបចំនួន ១៥៨គ្រឿង, សិង្ហបុរី រកមេដាយបានសរុបចំនួន ១០៨គ្រឿង(មាស៣៤, ប្រាក់២៩ និងសំរិទ្ធ៤៥) ។
រីឯប្រទេសហ្វីលីពីន រកមេដាយបានសរុបចំនួន ១០១គ្រឿង(មាស២៩, ប្រាក់៣៤ និងសំរិទ្ធ៣៨), ឡាវ រកមេដាយបានសរុបចំនួន ៧៩គ្រឿង(មាន១៣, ប្រាក់១៧ និងសំរិទ្ធ៤៩) និង ២ប្រទៀត ដែលរក មេដាយ បានតិចជាងកម្ពុជាយើង គឺមានប្រទេសទីម័រខាងកើត រកបានមេដាយសរុបចំនួន ១០គ្រឿង (មាស២, ប្រាក់៣ និងសំរិទ្ធ៥) និងប្រទេសព្រុយណេ រកមេដាយបានសរុបចំនួន ៨គ្រឿង(មាស១, ប្រាក់១ និងសំរិទ្ធ៦) ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពនៃ ការប្រារព្ធកម្មវិធីការប្រកួតកីឡា SEA Games លើកទី២៧ ជាផ្លូវការ ។ សូមចូលរួមទស្សនាទាំងអស់គ្នា ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល