CamNews

កីឡាជាតិ 

ជម្រើស​ជាតិ​ទីម័រ បាន​ធ្វើ​ដំណើរ​មក​ដល់​ភ្នំ​ពេញ​ហើយ ដើម្បី​​ជួប​​ប្រកួត​​ទល់​នឹង​កម្ពុជា យប់​ស្អែក

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិទីម័រខាងកើត បានធ្វើដំណើរមកដល់ភ្នំពេញហើយនៅរាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដើម្បីត្រៀមប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិទល់នឹងម្ចាស់ផ្ទះកម្ពុជា នារាត្រីស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ក្នុងមិត្តភាពកម្តៅសាច់ដុំនេះដែរ ត្រូវបានធ្វើឡើងដើម្បីសមជើង មុនកម្ពុជា ត្រូវប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី Asian Cup 2019 ដោយត្រូវជួបក្រុមម្ចាស់ផ្ទះចិនតៃប៉ិនៅថ្ងៃទី២ មិថុនា សម្រាប់ជើងទី១ និងថ្ងៃទី៧ មិថុនា ឆ្នាំ២០១៦ នៅកីឡដ្ឋានអូឡាំពិកវិញ បញ្ចប់ជើងទី២ខាងមុខ ។

កម្ពុជាធ្លាប់លេងឈ្នះទីម័រខាងកើត ៣ដង ចាញ់២ដង និងស្មើម្តង ក្នុងចំណោមប្រវត្តិជួបគ្នា៦ប្រកួតមកនេះ គិតចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន មុនប៉ះគ្នាជាថ្មីម្តងទៀតនាយប់ថ្ងៃអាទិត្យ ទី២៩ ខែឧសភាស្អែកនេះជាមួយនឹង តម្លៃសំបុត្រចូលទស្សនា ១០០០០រៀល (ក្នុងដំបូល) និង ៥០០០រៀល (ក្រៅដំបូល) ចាប់ពីម៉ោង ៧៖០០នាទីយប់ តទៅ និងក៏មានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV ផងដែរ ។

១ប្រកួតមិត្តភាពរបស់កម្ពុជា ជួបក្រុមលីគក្នុងស្រុកល្ងាចមិញនេះ បានស្មើទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង ដោយ លទ្ធផលបច្ចេកទេស ០-០ នៅពហុកីឡដ្ឋានជាតិ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Local news Sport Phnom Penh