CamNews

កីឡាអន្តរជាតិ 

Ronaldo អាចចូលលេងបានពេល Real ជួប At.Madrid យប់នេះ

ក្រុងម៉ាឌ្រីដ៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo អាចវិលចូលទីលាន បានវិញហើយ ក្រោយពីជារបួសជើង ពោលគឺចំពេល ដែលក្លឹបស្តេចស Real Madrid ជួបប្រកួតទល់នឹងក្រុមភ្ញៀវ Atletico Madrid នាម៉ោង ០១ និង ០០ នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ។

នេះជាមួយប្រកួតដ៏សំខាន់សម្រាប់របស់លោក Carlo Ancelotti ក្នុងព្រឹត្តិការណ៍ពានរង្វាន់ La Liga BBVA ប្រចាំ សប្តាហ៍ទី៣រដូវកាល ឆ្នាំ២០១៤-២០១៥នេះទល់នឹងក្រុម ការពារតំណែងជើង ឯករបស់លោក Diego Simeone ដែលទើបបានចាញ់ប្រកួតនៅទឹកដីក្រៅផ្ទះ និងប្រកួតស្មើ ១-១ ក្នុងព្រឹត្តិការណ៍ ពានបើករដូវកាល Spanish-Super Cup ។

តារាឆ្នើមជនជាតិព័រទុយហ្គាល់ វ័យ២៨ឆ្នាំ Ronaldo បានទទួលរងរបួសជើងបន្តិចបន្ទួច បន្ទាប់ពីប្រកួតឈ្នះក្រុមភ្ញៀវ Cordoba ២-០ នៅថ្ងៃបើកឆាក La Liga រដូវកាលថ្មី និងបានធ្វើឲ្យគេខកខាន២ប្រកួត ផងដែរពេល Real ប្រកួតចាញ់ ម្ចាស់ផ្ទះ Real Sociedad ៤-២ និងក្រុមជម្រើសជាតិ ព័រទុយហ្គាល់បរាជ័យ ក្នុងទឹកដីដោយលទ្ធផល ១-០ យ៉ាងអាម៉ាសក្រោម ថ្វីជើងរបស់ក្រុមភ្ញៀវ អាល់បានី (Albania) នៃវគ្គជម្រុះពាន រង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ជើងទី១ជុំទី១កាលពីសប្តាហ៍មុន ។

តាមរយៈលោកគ្រូបង្វឹកក្លឹប Real Madrid, Carlo Ancelotti បានអះអាងប្រាប់គេហទំព័រ BBC ថា “Ronaldo បានជា ពីរបួស១០០ភាគរយហើយ ព្រមទាំងបានហ្វឹកហាត់ ជុំគ្នាទៀតកាលពីម្សិលមិញ ។ Ronaldo ជាខ្សែប្រយុទ្ធមួយរូប ដែលមិនអាចខ្វះបាន និងតែងតែ បំប៉ោងសំណាញ់ទី បានស្ទើរតែគ្រប់ការប្រកួតផងដែរ ហើយក៏ជាកីឡាករដែលធ្វើឲ្យ យើងមានទំនុកចិត្តថានឹងទទួលបាន ជ័យជំនះផងដែរ” ។

ក្រុមដែលកំពុងក្តោបក្កាប់ពាន២ក្នុងដៃមាន Copa del Rey និងពាន Champions League ស្តេចសមួយនេះកំពុងស្ថិត លេខរៀងទី១០បណ្តោះអាសន្ន ដោយបានឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់១មិនដែលស្មើ ខណៈដែលគូប្រជែង Barcelona ឈរនៅកំពូលតារាង មាន៦ពិន្ទុពេញ និងក្រុមការពារតំណែង ជើងឯក At.Madrid កំពុងឈរនៅលេខរៀងទី៦ មាន៤ពិន្ទុនៅឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sport news Cristiano Ronaldo Int news Atletico Madrid Real Madrid