(អាមេរិក)៖ សំណុំរឿងលែងលះ រវាងប្តីប្រពន្ធតារាហូលីវូត ដ៏ល្បី នាង Angelina Jolie និង លោក Brad Pitt នៅតែចម្រូងចម្រាស មិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែបញ្ហាកូន ដែលបច្ចុប្បន្ននេះ ខាង Angelina ជាម្តាយកំពុងសុំសិទ្ធិគ្រប់គ្រង ថែរក្សាកូនទាំង៦ តាមរយៈមេធាវីរបស់ខ្លួន ហើយក្មេងៗក៏កំពុងតែរស់នៅ ជាមួយនាងជាបណ្តោះអាសន្នដែរ តាមការអនុញ្ញាតពីតុលាការ ក្នុងរយៈពេលបីខែ។
ដំណឹងចចាមអារ៉ាមមួយ លើកឡើងថា តាំងពីកើតហេតុការណ៍ ប៉ះទង្គិចគ្នារវាងកូនប្រុសច្បង Maddox និងឪពុកមក ធ្វើឲ្យកូនៗផ្សេងទៀតហាក់ ដូចជាខ្លាច Brad Pitt ណាស់ បញ្ហានេះហើយធ្វើឲ្យ Pitt ក្លាយជាមនុស្សអាក្រក់ ក្នុងក្រសែភ្នែកកូនៗ ប៉ុន្តែអ្នកខ្លះនិយាយថា វាជារឿងធម្មតាទេ សម្រាប់ឪពុកកូន ដែលកើតមានជម្លោះខ្លះ ហើយ វាមិនមែនជាការរំលោភសិទ្ធិកូន ឬជាមូលហេតុធ្វើឲ្យពួកគេខ្លាច ឪពុកបែបនេះទេ ហើយគេបន្តថា ទឹកចិត្តឪពុកស្រឡាញ់ និងយកចិត្តទុកដាក់ តែងតែមានចំពោះកូន ដែលនេះមិនមែនជាការគំរាម ធ្វើបាបលើកូនទេ។
មជ្ឈដ្ឋានទូទៅ នៅតែរង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងណា ចំពោះរឿងក្តីដែលមហាជន កំពុងតែចាប់អារម្មណ៍មួយនេះ ហើយ វាក៏កំពុងកក្រើក ពិភពតារាហូលីវូតផងដែរ ព្រោះអ្នកទាំងពីរសុទ្ធតែ ជាតារាល្បី និងប្រឡូកក្នុងកិច្ចការមនុស្សធម៌ យ៉ាងច្រើន។ Brad Pitt ត្រូវបានសមត្ថកិច្ចពិនិត្យ សារជាតិថ្នាំដែរ ថា គេមានប្រើឬអត់ ព្រោះវាអាចពាក់ព័ន្ធនឹងករណីហិង្សាលើកូន ហើយតាំងពី Angelina នាំកូនៗចេញពីផ្ទះ ទៅរស់នៅកន្លែងថ្មី ក្រោយពីដាក់ពាក្យប្តឹងលែងលះមក គឺលោកធ្លាប់បានឃើញកូនៗ តែម្តងប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង