CamNews

ទូរស័ព្ទ 

កំណែអាប់ឌេត កំណត់កម្រិតសាកថ្មតែត្រឹម ៦០% ​នៅលើ Galaxy Note 7 តើដឹងទេ វានឹងមានដំណើរការដូចម្តេច?

បើទោះបីជាមានព័ត៌មានជាច្រើន ស្តីពីកម្មវិធីប្រមូលមកវិញនូវស្មាតហ្វូន Galaxy Note 7 ក៏ដោយ​ ប៉ុន្តែតាមការត្រួតពិនិត្យមក នៅមានអ្នកប្រើប្រាស់ជាច្រើននាក់ទៀត នៅមិនទាន់បានចូលរួមនៅ​ឡើយ​​ទេ។ ដូច្នេះ​ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងបន្ថែមពេលវេលាបញ្ចុះបញ្ចូលពួកគេ Samsung បាន​រៀបចំដាក់ចេញនូវការអាប់ឌេតមួយ កំណត់នូវកម្រិតសាកថ្មនៅលើ Galaxy Note 7។


យោងតាមប្រភពពីគេហទំព័រ Android Authority ក្រុមហ៊ុន Samsung បាននិយាយថា កំណែអាប់ឌេត​នឹងត្រូវបានអនុវត្តនៅលើបណ្តា Galaxy Note 7 ដែលមិនទាន់យកទៅប្តូរនៅក្រុមហ៊ុនវិញ ហើយវា​នឹងត្រូវបានដោនឡូតដោយស្វ័យប្រវត្តិតាមរយះ OTA បន្ទាប់ពីមានការយល់ព្រមពីអ្នកប្រើប្រាស់។​​

គួរបញ្ជាក់ឲ្យដឹងដែរថា កំណែអាប់ឌេតនេះ នឹងកំណត់កម្រិតសាកថ្មនៅលើ Galaxy Note 7 ចុះមក​នៅត្រឹមតែ ៦០% ប៉ុណ្ណោះ។ នេះមានន័យថា Note 7 នឹងមិនអាចសាកថែមបានទៀតនោះទេ នៅ​ពេលសាក វាបានដល់កម្រិត ៦០% ដែលប្រហែលប្រហែលជាមួយនឹងថាមពលថ្ម អាចប្រើប្រាស់​បានតែត្រឹមបរិមាណ ២១០០ mAh។ នេះគឺជាកម្រិតដែល Samsung ចាត់ទុកថា មានសុវត្ថិភាព។

ក្រៅពីនេះ នៅពេលសាកថ្មបាន ៦០% Galaxy Note 7 ក៏នឹងបង្ហាញចេញនូវការប្រកាសដំណឹង​មួយ ដែលប្រាប់ឲ្យអ្នកប្រើប្រាស់ ចូរបិទស្មាតហ្វូន (Power off) ភ្លាម ហើយយកវាទៅប្តូរនៅក្រុម​ហ៊ុន។ Samsung បានឲ្យដឹងបន្ថែមថា​ការប្រកាសដំណឹងនេះ ក៏នឹងមានលេចចេញឡើង នៅរាល់ពេល អ្នកប្រើប្រាស់ធ្វើការ Restart ម៉ាស៊ីន និងពេលសាកថ្មដែរ។ ក្រុមហ៊ុនសង្ឃឹមថា ពាក្យសំដីក្រើនរំលឹក​ជាបន្តបន្ទាប់ដូច្នេះ នឹងបញ្ចុះបញ្ចូលបានអ្នកប្រើប្រាស់មួយចំនួន ធ្វើការគិតឡើងវិញ ហើយចូលរួម កម្មវិធីការប្រមូល និងប្តូរយក Galaxy Note 7 ថ្មីដែលមានសុវត្ថិភាព។

កំណែអាប់ឌេត កំណត់កម្រិតសាកថ្ម ត្រូវបានប្រកាសឲ្យដឹងដំបូង កាលពីសប្តាហ៍មុន និងបានដាក់​ឲ្យអនុវត្តនៅប្រទេសកូរ៉េខាងត្បូង។​​ បន្ទាប់មក អ្នកប្រើប្រាស់នៅអូស្រ្តាលី នឹងទទួលបានកំណែអាប់​ឌេត នៅក្នុងថ្ងៃនេះ (ថ្ងៃទី២១ ខែកញ្ញ) ផងដែរ។ តាមរយះនេះ មានន័យថា អ្នកប្រើប្រាស់​នៅតាម​បណ្តាប្រទេសផ្សេងទៀត ក៏នឹងទទួលបានកំណែអាប់ឌេត ឆាប់ៗខាងមុខនេះដែរ។​ ក្រៅពី​នេះ Samsung ក៏បានឲ្យដឹងថា​ ខ្លួនកំពុងតែខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការទាក់ទងជាមួយនឹងបណ្តា ក្រុមហ៊ុនទូរស័ព្ទចល័ត នៅគ្រប់បណ្តាប្រទេស ដើម្បើឲ្យការអាប់ឌេតខាងលើនេះ ត្រូវបានអនុវត្ត​កាន់តែឆាប់ៗបំផុត តាមតែអាចធ្វើទៅបាន៕

- Samsung បានលក់ភាគហ៊ុនរបស់ខ្លួន មាននៅបណ្តាក្រុមហ៊ុនមួយចំនួន ប្រមូលប្រាក់បានជិត ១ពាន់លានដុល្លារ
- iPhone 7/7 Plus ត្រូវបានគេរាយការណ៍ថា មានលេចចេញនូវសម្លេងចម្លែក ពេលប្រើប្រាស់

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Authority, vreview


Tags: Galaxy Note 7 Samsung Smartphone Hightech