តាមរយះការឲ្យដឹងពីខ្សែសង្វាក់ផ្គត់ផ្គង់នៅតៃវ៉ាន់ DigiTimes បានឲ្យយើងដឹងថា Samsung Display នឹងជាអ្នកផ្គត់ផ្គង់តែមួយគត់នូវ panel AMOLED ដល់ជំនាន់ iPhone 2017 ហើយពួកគេក៏នឹងអាច ធ្វើការផ្គត់ផ្គង់បានចំនួន ២០លាន panel ក្នុងមួយខែផងដែរ។ តាមប្រភពដដែល បានបន្ថែមឲ្យដឹងថា Apple នឹងដាក់បង្ហាញ iPhone 2017 ដល់ទៅបីម៉ូដែលផ្សេងគ្នាគឺ ម៉ូដែលទំហំអេក្រង់ 4,7-inch, 5,5-inch និង 5,8-inch ហើយក្នុងនោះ ពីរម៉ូដែលដំបូងគេនៅតែប្រើប្រាស់អេក្រង់ LCD ដដែល មានតែម៉ូដែល 5,8-inch ទេដែលប្រើ OLED។ Apple បានរំពឹងទុកមុនថា នឹងលក់ iPhone 5,8-inch បានពី ៦០លាន ទៅ ៧០លានគ្រឿង ក្នុងឆ្នាំ២០១៧ ខាងមុខនេះ។
(រូបតំណាង)
បើតាមការប៉ាន់ស្មានទុក Apple នឹងចាប់ផ្តើមផលិត iPhone 2017 នូវបរិមាណតិចមួយ នៅក្នុងខែមីនា បន្ទាប់មកនឹងបន្ថែមបរិមាណផលិត នៅក្នុងខែឧសភា និងខែមិថុនា។ នៅមិនទាន់ច្បាស់ថា Samsung Display តែម្នាក់ឯង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវការអេក្រង់ OLED ដល់ Apple បានឬក៏អត់នោះទេ? ប៉ុន្តែមុននេះ ធ្លាប់មានព័ត៌មានចចាមអារ៉ាមថា Apple ចង់ស្វែងរកការជួយជ្រោមជ្រែងបន្ថែមពីខាង Japan Display ឬក៏ Foxconn ផងដែរ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ DigiTimes, Tinhte