ភ្នំពេញ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានបង្ហាញនូវការ ចាប់អារម្មណ៍របស់ខ្លួន ទៅលើសកម្មភាពលេងកីឡា ម្យ៉ាងរបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ច ខិតខំប្រែង សកម្មភាពមនុស្សធម៌ ដើម្បីរៃអង្គាសប្រាក់ ជូនមន្ទីរគន្ធាបុប្ផា ដែលកំពុងដង្ហោយហៅជំនួយ សម្រាប់កុមការ។
អ្វីដែលជាការចាប់អារម្មណ៍ស៊ិនហួ ដែលចុះផ្សាយនៅថ្ងៃសៅរ ម្សិលមិញនៅត្រង់ថា ការប្រកួតប្រជែងចាក់ទឹកកក រឺហៅជា ភាសាអង់គ្លេសថា Ice Bucket ត្រូវបានប្រកួតជាលើកដំបូង នៅប្រទេសកម្ពុជា ដែលផ្តើមដោយ លោក ហ៊ុន ម៉ានី និងអមដោយ តារាកម្ពុជាល្បីៗមួយចំនួនផងដែរ។
ទីភ្នាក់ងារព័ត៌មានផ្លូវការចិន ក៏បានដកស្រង់ប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ដែលបានថ្លែងថា “ខ្ញុំរីករាយ ក្នុងការចូលរួមប្រកួត ចាក់ទឹកកក ដែលជាការប្រកួតមួយដើម្បីបុព្វហេតុមនុស្សធម៌។ ខ្ញុំក៏ចង់អំពាវនាវឱ្យសមាជិកនៃសម្ព័ន្ធសហភាពយុវជនកម្ពុជា និងសម្បុរសជននានា មកចូលរួមប្រកួត ដើម្បីរៃអង្គាសប្រាក់នេះផងដែរ”។
លោក ហ៊ុន ម៉ានី ជាសមាជិកសភាមណ្ឌលកំពង់ស្ពឺ និងប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ។ កម្មវិធីប្រកួតនៅ កម្ពុជានេះ រៀបចំដោយទូរទស្សន៍ហង្សមាស និងមានការចូលរួមរូម ដោយតារាចំរៀងប្រចាំផលិតកម្មរបស់ខ្លួន ដើម្បីរៃអង្គាសប្រាក់ សកម្មភាពមនុស្សផងដែរ។
ការប្រកួតចាក់ទឹកកកលើក្បាលនេះ មានប្រភពកំណើតមកពីសហរដ្ឋអាម៉េរិក ៕