បើទោះជាងាយស្រួលប្រើប្រាស់ ងាយស្លៀកពាក់រួមផ្សំនឹងសម្លៀកបំពាក់ដទៃ ប៉ុន្ដែ ពាលខ្លះ យើងពិបាកនឹងបញ្ចេញឱ្យអស់នូវគុណប្រយោជន៍នៃ item នេះ ព្រោះថា រូបរាងរបស់មនុស្សម្នាក់ៗ តែងស័ក្ដិសមទៅនឹងស្ទីល cardigan ផ្សេងៗគ្នា។
នៅពេលដែលចុងរដូវរំហើយជិតមកដល់ អាវ cardigan ក៏ក្លាយជារបស់ដែលស្ទើរតែមិនអាចខ្វះបាន សម្រាប់នារីទាន់សម័យ។ ខ្យល់បក់ត្រសៀកៗមកពីទិសខាងជើង រួមនឹងអាកាសធាតុរាងត្រជាក់បន្ដិច ដូចជាដាស់ឱ្យយើងដឹងថា ដល់ពេលនឹងត្រូវប្រើប្រាស់អាវ cardigan ដែលកំពុងនៅស្ងៀមក្នុងទូរ អស់រយៈពេលជាងកន្លះឆ្នាំមកនេះ។ ឱ្យតែមានអាវ cardigan អ្នកនឹងមិនចាំបាច់ទិញសម្លៀកបំពាក់អ្វីច្រើននោះទេ គ្រាន់តែប្រើប្រាស់ឈុតខោអាវសម្រាប់រដូវក្ដៅ និងពាក់អាវ cardigan នេះពីលើ គឺជាការគ្រប់គ្រាន់។
ទោះយ៉ាងនេះក្ដី ប្រសិនមិនយកចិត្តទុកដាក់ចំពោះរូបរាងរបស់អ្នក នៅពេលប្រើប្រាស់អាវប្រភេទ cardigan នោះទេ អ្នកប្រហែលជាមិនអាចបញ្ចេញបាននូវភាពស្រស់ស្អាតរបស់ខ្លួននោះដែរ។ ឧទាហរណ៍ដូចជា cardigan ខ្លី រឹប នឹងស័ក្ដិសមជាមួយតែនារីដែលមានរូបរាងទាប តូចច្រលឹង។
ដើម្បីបានជ្រាបច្បាស់ សូមតាមដានវិធីប្រើប្រាស់អាវ cardigan ទៅតាមរូបរាង ដូចខាងក្រោម ៖
រាងផ្លែប៉ោម
ជាមួយនឹងរូបរាង ធំលើ តូចក្រោម អ្នកគួរតែជ្រើសរើស ប្រើអាវ cardigan ដែលមានប្រវែងត្រឹមកណ្ដាលគូទ មានព័ណ៌តែមួយ(គួរជាពណ៌ងងឹត) ។ ដោយសារមានស្មារ និងសាច់ដុំដៃធំ ដូច្នេះ ល្អបំផុតគឺគួរតែពាក់អាវ cardigan ដែលធ្វើអំពីក្រណាត់ស្ដើង យឺត និងរឹបរាង។ ដើម្បីបានស្រឡូនជាងនេះ អ្នកគួរបិទឡេវកណ្ដាលចំនួន ពីរ ឬបី ដើម្បីធ្វើឱ្យក មានរាងជាអក្សរ V ជួយឱ្យក មានសភាពវែងជាងមុន ទំហំទទឹងត្រង់ស្មារ ត្រូវបានកាត់បន្ថយ។ ជាងនេះ អ្នកគួរប្រើខ្សែក្រវាត់បន្ទះ ដើម្បីបែងចែករាងកាយជាពីរស្មើគ្នា។
រាងផ្លែសារី
អាវ cardigan វែង និងមានឆ្នូតទទឹងដងខ្លួន ជាមួយនឹងឡេវធំៗចាប់ពីកអាវមកក្រោម គឺស័ក្ដិសមបំផុត សម្រាប់នារីមានរាងផ្លែសារី។ កអាវរាងជ្រៅ រួមនឹងឡេវដែលតម្រៀបគ្នា អូសបន្លាយមកក្រោម នឹងជួយធ្វើឱ្យផ្នែកខាងលើនៃរូបរាង មានភាពទាក់ទាញជាងផ្នែកខាងក្រោម។ អាវ cardigan វែងនឹងជួយលាក់បាំងភាពមិនស្មើគ្នា រវាងចង្កេះ និងត្រគាក ធ្វើឱ្យរូបរាងផ្នែកខាងលើ និងខាងក្រោម មានតុល្យភាព។ ក្រៅពី cardigan វែង អ្នកក៏គួរយកចិត្តទុកដាក់ចំពោះភាពក្រាស់របស់វា ល្អបំផុត គួរប្រើអាវ cardigan ធ្វើអំពីក្រណាត់ក្រាស់។
រាងបន្ទាត់ស្ដើង
ដោយសារតែមានរាងស្គមស្ដើង អ្នកប្រាកដជាត្រូវការបន្ថែមភាពក្រាស់សម្រាប់រាងកាយ ដោយការពាក់អាវ cardigan ក្រាស់ និងប៉ោង ដែលមានដៃវែង ឬអាវ cardigan ខ្លីដែលមានផ្នែកខាងក្រោមក្ដោបត្រង់ត្រគាក។ ល្អបំផុត គួរប្រើអាវ cardigan ដែលមានកខ្ពស់ៗ ដើម្បីជួយឱ្យអ្នកមានរូបរាងពេញលេញជាងធម្មតា។ ក្រៅពីនេះ ក៏គួរជ្រើសរើសអាវ cardigan ដែលមានរូបទទឹងដងខ្លួន ដើម្បីពង្រីកមាឌរបស់អ្នក។
ប៉ុន្ដែ អ្នកក៏មិនត្រូវប្រើប្រាស់អាវ cardigan ដែលមានទំហំធំពេកនោះដែរ ព្រោះវានឹងធ្វើឱ្យអ្នក ហាក់ស្ថិតក្នុងស្ថានភាព “កង្កែមក្នុងក្អម” ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អាវយឺតដៃវែង សម្រាប់នារីការិយាល័យ បញ្ចេញសម្រស់ ពេលត្រជាក់
នារីដែលមានរាងដូចផ្លែសារី គួរតែស្លៀកពាក់រ៉ូប បែបណា?
ខោខ្លី Hot pants “ឡើងគ្រងរាជ” ក្នុងយុគសម័យស៊ិចស៊ី
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ k14