CamNews

កីឡា 

ឃឹម បូរី សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​ កូនស្រី​អ្នក​ប៉ោយប៉ែត​ ប៉ុន្ដែ​មិនបោះបង់​អាជីព​បាល់ទាត់

ភ្នំពេញៈ ក្រោយដឹកនាំកូនក្រុមដណ្ដើម បានតំណែងជើងឯកពាន Metfone Cambodia League ឆ្នាំ២០១៤ ខ្សែប្រយុទ្ធឆ្នើម ប្រចាំក្លឹបភ្នំពេញក្រោន កីឡាករ ឃឹម បូរី បានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយកូនក្រមុំ ដ៏ស្រស់ស្អាតរបស់ អ្នកស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤នេះ ប៉ុន្ដែសាមីខ្លួនផ្ទាល់ បានបញ្ជាក់ថា “ខ្លួនមិនបោះបង់ អាជីពជាកីឡាករបាល់ទាត់ ចោលឡើយ បើទោះបីរៀបអាពាហ៍ពិពាហ៍ ហើយក៏ដោយ” ។

ប្រធានក្រុមភ្នំពេញក្រោន និងជាខ្សែប្រយុទ្ធឆ្មើម ក្នុងក្រុមជម្រើសជាតិឈុតធំ កម្ពុជាកីឡាករ ឃឹម បូរី បានថ្លែងប្រាប់គេហទំព័រ LookingTODAY អំឡុងពេល បើកឡាន មកពីភ្ជាប់ពាក្យ ជាមួយកញ្ញា លី ជាវណ្ណ នៅទីក្រុងប៉ោយប៉ែតវិញ នោះថា ខ្លួនពិតជាបានភ្ជាប់ពាក្យ ជាមួយកញ្ញា លី ជាវណ្ណ(អនាគតប្រពន្ធ) ពិតមែន ហើយពួកគេមាន គម្រោងរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ នៅគេហដ្ឋានខាងស្រី ។

ឃឹម បូរី បានបន្ដទៀតថា “មុននឹងពួកខ្ញុំសម្រេចចិត្ត ព្រមព្រៀងគ្នារៀបចំពិធី ភ្ជាប់ពាក្យថ្ងៃនេះ គឺពួកខ្ញុំបានទំនាក់ទំនង រាប់អានគ្នាអស់រយៈពេល ១ឆ្នាំកន្លះ មកហើយ ។ ប៉ុន្ដែក្រោយពីភ្ជាប់ពាក្យ ឬរៀបអាពាហ៍ពិពាហ៍ ហើយក៏ដោយ ក៏ខ្ញុំនៅបន្ដធ្វើជាកីឡាករ បាល់ទាត់ដដែល ជាពិសេសនៅសប្ដាហ៍ ក្រោយនេះ ខ្ញុំនឹងបន្ដកុងត្រាថ្មី រយៈពេល ២ឆ្នាំជាមួយ ក្រុមភ្នំពេញក្រោន” ។

ទោះបីជាយ៉ាងណាកីឡាករ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាព ក្នុងស្រុកខាងលើ មិនបានផ្ដល់ព័ត៌មានច្បាស់លាស់ ជុំវិញមូលហេតុ នៃការសម្រេចចិត្ត ភ្ជាប់ពាក្យនេះឡើយ ព្រោះកីឡាករ ឃឹម បូរី កំពុងបើករថយន្ដ ត្រឡប់មកភ្នំពេញវិញ ។ ដូច្នេះប្រសិនបើមានព័ត៌មាន អ្វីថ្មីពាក់ព័ន្ធបញ្ហានេះ គេហទំព័រយើងខ្ញុំ នឹងជម្រាបជូនបន្ថែម នៅពេលក្រោយ ៕ 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh