CamNews

យល់ដឹង 

គុណវិបត្តិ១០យ៉ាង នៃការអង្គុយលើកៅអី ច្រើនម៉ោងពេក

បរទេស៖ ជាទូទៅរាងកាយមនុស្សយើង គឺដូចជាម៉ាស៊ីន មួយអីចឹង ដែលតំរូវការឲ្យយើង យកចិត្តទុកដាក់ និងថែទាំជាចាំបាច់ នៅគ្រប់ផ្នែក ទាំងអស់ នៃសារពាង្គកាយ។ ដូចនេះ តើអ្នកមានដឹងទេថា នៅពេលដែលអ្នកអង្គុយលើកៅអីធ្វើការងារក្នុងការិយាល័យ ឬអង្គុយនៅមុខ កុំព្យូទ័រ យូរពេក អាចនឹងធ្វើឲ្យមានប៉ះពាល់ ចំពោះសុខភាពរាងកាយយ៉ាងខ្លាំង។ ខាងក្រោមនេះ ជាគុណវិបត្តិសុខភាពទាំង ១០ យ៉ាងនៃការអង្គុយ លើកៅអីច្រើនម៉ោងពេក ៖

១. បង្កើនឱកាសនៃជំងឺមហារីក
យោងតាមវិទ្យាស្ថានស្រាវជ្រាវមហារីក របស់សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា ការអង្គុយយូរពេកអាចនឹងធ្វើឲ្យយើង មានការប្រឈមមុខ យ៉ាងខ្ពស់ ចំពោះហានិភ័យនៃជំងឺមហារីកសុដន់ និងពោះវៀនធំ។

២. នំាឲ្យមានការឈឺចាប់ឆ្អឹងខ្នង
ឆ្អឹងខ្នងពិតជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់រាងកាយ របស់មនុស្សយើង ហើយបើយោងតាម វិទ្យាស្ថានជាតិសុខភាព បានឲ្យដឹងថា យ៉ាងណាស់ ក៏មានមនុស្ស ៨ នាក់ក្នុងចំណោម ១០ នាក់ទៅហើយ បានកើតមានអាការឈឺឆ្អឹងខ្នង ខណៈពេលដែលពួកគេ អង្គុយធ្វើការងារ ជាច្រើនម៉ោង នៅលើកៅអី។

៣. បណ្ដាលឲ្យស្រវាំងភ្នែក
ភ្នែកក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ចំពោះសារពាង្គកាយ របស់មនុស្សយើង ព្រោះវាជួយឲ្យយើង អាចសម្លឹងមើលពិភពលោកដ៏ស្រស់ស្អាត ដែលមាននៅ ជុំវិញខ្លួនយើង។ ហេតុដូចនេះ ប្រសិនបើយើងអង្គុយធ្វើការងារ ច្រើនម៉ោងពេក អាចបណ្ដាលឲ្យ អ្នកស្រវាំងភ្នែក និងកើតមាន អាការឈឺក្បាលទៀតផង។

៤. បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង
ការអង្គុយច្រើនម៉ោងពេក អាចធ្វើឲ្យកម្រិតជាតិ កូឡេស្តេរ៉ុល ដើរខុសប្រក្រតី ដែលជា ហេតុនាំឲ្យកើតជំងឺទឹកនោមផ្អែម និងបង្កើនហានិភ័យ នៃជំងឺគាំងបេះដូងបានទៀតផង ព្រោះលំហូរឈាម ដែលសម្បូរដោយអុកស៊ីសែន ត្រូវបានជាប់គាំង។

៥. មានបញ្ហាដល់ការរំលាយអាហារ
អាហារមានផ្ទុកនៅសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលពួកយើង ចាំបាច់ត្រូវការ ហូបពួកវាជារាល់ថ្ងៃ ក្នុងការជួយទ្រទ្រង់ដល់ សារពាង្គកាយ របស់យើង។ ហេតុដូចនេះ ប្រសិនបើយើងអង្គុយច្រើនម៉ោងពេក អាចនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធរំលាយអាហាររបស់យើង។

៦. បណ្ដាលឲ្យសាច់ដុំខ្នង និងក ចុះខ្សោយ
ប្រសិនយើងអង្គុយច្រើនម៉ោងពេក អាចធ្វើឲ្យមានភាព តានតឹងនៃការផ្លាស់ប្តូរចលនា របស់ជាលិកា និងការលំហូររបស់ឈាម ដែលនាំយកអុកស៊ីសែន ទៅចិញ្ចឹមក្នុងសារពាង្គកាយ អន់ថយ ជាហេតុធ្វើឲ្យសាច់ដុំខ្នង និងកចុះខ្សោយ។

៧. កាត់បន្ថយសមត្ថភាពសួត
សួតមានមុខងារយ៉ាងសំខាន់ ក្នុងការជួយ បន្សុទ្ធឈាមមិនបរិសុទ្ធ និងបង្កើនអុកស៊ីសែន នៅក្នុងរាងកាយរបស់ មនុស្សយើង។ ហេតុដូចនេះ ប្រសិនបើយើងអង្គុយ ធ្វើការនៅលើកៅអីច្រើន ម៉ោងពេក អាចនឹងធ្វើឲ្យកាត់បន្ថយ សមត្ថភាពរបស់សួត ដែលជាកត្តានាំឲ្យយើង ពិបាកដកដង្ហើម។

៨. ធ្វើឲ្យធាត់
បើតាមការសិក្សាស្រាវជ្រាវក៏បាន ឲ្យដឹងផងដែរថា ការអង្គុយនៅលើកៅអី ច្រើនម៉ោងពេក អាចនឹងធ្វើឲ្យយើង ប្រឈមមុខយ៉ាងខ្ពស់ ជាមួយនឹងជំងឺធាត់បាន។

៩. មានឥរិយាបថនៃការអង្គុយមិនល្អ
តើអ្នកមានដឹងទេថា ការអង្គុយច្រើនម៉ោងពេក អាចនឹងធ្វើឲ្យខ្នងរបស់យើងកោង ដែលជាហេតុនាំឲ្យ ឥរិយាបថនៃការអង្គុយរបស់យើង មើលទៅមិនទំនង។

១០. ប៉ះពាល់ដល់ចលនានៃការរត់របស់ឈាមនៅក្នុងរាងកាយ
គុណវិបត្តិចុងក្រោយនៃការអង្គុយច្រើនម៉ោងពេក គឺបណ្ដាលឲ្យមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់ចលនា នៃការរត់របស់ឈាម នៅក្នុងរាងកាយ ជាពិសេសនៅ តំបន់អាងត្រគៀក និងជើងគឺទទួលរង ផលប៉ះពាល់ជាងគេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh