រឿងចម្លែកដ៏កម្រមួយបានកើតឡើងនៅប្រទេសសឹង្ហបុរី ពេលដែលអ្នកគាំទ្រ iPhone ពីររូប ជាប់ទោសព្រហ្មទណ្ឌ ពេលដែលពួកគេបានព្យាយាមទិញ បណ្តា iPhone ស៊េរីថ្មី ឆាប់បានប្រើមុនគេ។
រឿងទិញ iPhone 7/7 Plus មួយគ្រឿង នៅតាមហាងលក់រាយ ក្នុងបណ្តាថ្ងៃដាក់លក់ដំបូងឆ្នាំនេះវាមានការលំបាកច្រើនជាងឆ្នាំមុន។ ហេតុដូច្នេះ អ្នកគាំទ្រ Apple ពីរនាក់នៅសឹង្ហបុរី បានគិតឃើញនូវវិធីប្លែកមួយ ដើម្បីទិញ iPhone ថ្មីឲ្យឆាប់បានប្រើមុនគេបំផុត។ ប៉ុន្តែគួរឲ្យសោកស្តាយ ពួកគេទាំងពីរនាក់ត្រូវបានប្រឈមមុខ នឹងការជាប់គុក នេះបើតាមការឲ្យដឹងពីសារព័ត៌មាន Cultofmac។
ជនជាតិសឹង្ហបុរីពីរនាក់ បានជាប់ចោទ ទោសព្រហ្មទណ្ឌ ពេលនឹកឃើញវិធីខុសធម្មតាមួយ ដើម្បីទិញ iPhone ថ្មី បានលឿនមុនគេ (រូបភាព៖ Cultofmac)
ជាក់ស្តែង មនុស្សពីរនាក់នេះ បានដើរត្រង់ទៅកាន់ព្រលានយន្តហោះ Changi បន្ទាប់មកបានទិញសំបុត្រយន្តហោះចំនួនពីរ ដើម្បីបានចូលទៅក្នុងបន្ទប់រង់ចាំ និងទិញ iPhone នៅទីនោះ ប៉ុន្តែពួកគេមិនបានឡើងជិះយន្តហោះនោះទេ។
ប៉ុន្តែនៅប្រទេសសឹង្ហបុរី ការដែលដើរចូលទៅក្នុងបន្ទប់រង់ចាំ ចេញដំណើរ ហើយមិនឡើងយន្តហោះ គឺជាបទល្មើសព្រហ្មទណ្ឌ។ អ្នកគាំទ្រ Apple ពីរនាក់ខាងលើនេះ ត្រូវបានប៉ូលិស ចាប់ឃាត់ខ្លួន នៅពេលរកឃើញថា ពួកគេមិនមានគំនិតចង់ចាកចេញពី សឹង្ហបុរី។
ការដាក់ពិន័យចំពោះទោសរំលោភច្បាប់ នៅតាមកន្លែងដូចជាព្រលានយន្តហោះ គឺអាចឡើងដល់ចំនួន ១,០០០ ដុល្លារសឹង្ហបុរី (ប្រហាក់ប្រហែល ៧៣៦ ដុល្លារអាមេរិច) ហើយនឹងអាចត្រូវពិន័យ បន្ថែមដោយជាប់គុកពីរឆ្នាំថែមទៀត។ ប៉ូលិសនៅទីនោះ បានធ្វើការព្រមានជាច្រើនដង ស្តីពីការដែលប្រជាជនមិនត្រូវអនុញ្ញាតឲ្យបន្លំទិញសំបុត្រយន្តហោះ ដើម្បីអាចទិញបណ្តាទំនិញមិនគិតពន្ធ នៅក្នុងបន្ទប់រង់ចាំនៅព្រលានយន្តហោះនោះទេ។
បច្ចុប្បន្ន ប្រទេសសឹង្ហបុរីនៅមិនទាន់មាន Apple Store ជាផ្លូវការនោះទេ។ ព័ត៌មានចចាអារាមជាច្រើនបានឲ្យដឹងថា Apple នឹងបើកការិយ៉ាល័យខ្លួននៅទីនោះ ក្នុងពេលអនាគតឆាប់ៗខាងមុខនេះ។ កន្លែងដាក់ Apple Store ថ្មីអាចនឹងស្ថិតនៅក្នុងអគារ Knightsbridge តាមដងផ្លូវ Orchard ដែលជាកន្លែង Shopping មួយ ក្នុងចំណោមកន្លែង Shopping ដែលមានមនុស្សម្នាចេញចូលច្រើន បំផុតនៅប្រទេសសឹង្ហបុរី ពេលបច្ចុប្បន្ននេះ៕
- ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ដោយសារតែការព្រួយបារម្ភ បរិមាណលក់ iPhone 7 ទាប
ប្រែសម្រួល៖ មង្គល
ប្រភព៖ Cultofmac, zing