បច្ចុប្បន្ន Samsung កំពុងតែធ្វើការចរចារ ដើម្បីប្រើប្រាស់នូវថ្ម ដែលផលិតដោយ LG Chem ដែលជាក្រុមហ៊ុនកូនរបស់ LG គឺផលិតសម្រាប់បណ្តាស្មាតហ្វូនស៊េរីក្រោយៗរបស់ខ្លួន។ សកម្មភាពនេះ ត្រូវ បានគេឲ្យដឹងថា គឺជាការបង្កើននូវជម្រើសឲ្យបានច្រើននូវអ្នកផ្គត់ផ្គង់ថ្ម ដើម្បីចៀសវាងការកើតឡើង សារជាថ្មីពាក់ព័ន្ធនឹងបញ្ហាថ្ម ដូចមាននៅលើ Galaxy Note 7 កន្លងទៅនេះ។
បណ្តាគំរូស្មាតហ្វូនរបស់ Samsung បច្ចុប្បន្ននេះប្រើប្រាស់ថ្ម មកពីប្រភពពីរផ្សេងគ្នាគឺ Samsung SDI និង ក្រុមហ៊ុន Amperex Technology របស់ចិន។ សារព័ត៌មាន Chosun Ilbo បានបញ្ជាក់ឲ្យដឹងថា លទ្ធភាព ទទួលបានជោគជ័យពីការចរចារខាងលើនេះ គឺមានដល់ ៩០% ហើយថ្មរបស់ LG នឹងចាប់ ផ្តើមផលិតបំពាក់នៅលើបណ្តាស្មាតហ្វូន Samsung ចាប់ពីពាក់កណ្តាលចុងឆ្នាំ ២០១៧ ខាងមុខនេះ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្ន LG Chem គឺជាអ្នកផ្គត់ផ្គង់ថ្ម ដ៏សំខាន់ ដល់បណ្តាស្មាតហ្វូន LG និង Apple៕
ប្រែសម្រូល៖ មង្គល
ប្រភព៖ Reuter, Tinhte