CamNews

ទូរស័ព្ទ 

Galaxy S8 អូសបន្លាយពេលបង្ហាញខ្លួន រហូតដល់ខែមេសា តម្លៃថ្លៃជាង Galaxy S7

កំពូលផលិតផល Android ឆ្នាំ២០១៧ ដែលធ្លាប់ត្រូវបានគេឲ្យដឹងថា នឹងបង្ហាញខ្លួននៅជិតចុងខែកុម្ភៈ ឆ្នាំក្រោយ។ ប៉ុន្តែតាមព័ត៌មានថ្មីបំផុត បានឲ្យដឹងថា ម៉ូដែលនេះនឹងបង្ហាញខ្លួននៅក្នុង​ព្រឹត្តិការណ៍​​នៅ​ទីក្រុងញូយ៉ក ក្នុងខែមេសា ឆ្នាំ២០១៧។

តាមប្រភពពី Naver គំរូស្មាតហ្វូនស៊េរីខ្ពស់ Galaxy S8 នឹងពន្យារពេលបង្ហាញខ្លួនដល់ខែមេសា ឆ្នាំ​២០១៧។ ម៉ូដែលនេះនឹងត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន ដូចជា អេក្រង់​កោង​គែមសងខាង កាមេរ៉ាភ្លោះ និងសេនស័រស្គែនប្រស្រីភ្នែក ជាដើម។​

Galaxy S8 នឹងបង្ហាញខ្លួនយូរជាងរាល់ឆ្នាំ ដោយសារការមានបញ្ហារបស់ Galaxy Note 7
(រូបភាព៖ Trusted Review)

ហេតុផលនៃការពន្យារពេលនេះ ត្រូវបានគេឲ្យដឹងថា វាបណ្តាលមកពីរឿងហេតុ Galaxy Note 7 ដែល​ជួបបញ្ហាផ្ទុះឆេះ។ ដើម្បីការកើតឡើងនូវបញ្ហាច្រំដែល Samsung ចង់ធ្វើឲ្យមានការប្រាកដប្រជា​ ជាមួយ​Galaxy S8 របស់ពួកគេ ជាមួយនឹងការរចនាម៉ូតដ៏អស្ចារ្យគ្រប់ផ្នែកទាំងអស់ និងដាច់ខាត​ត្រូវ​តែមាន​សុវត្ថិភាព មុននឹងធ្វើការបង្ហាញណែនាំដល់អ្នកប្រើប្រាស់។ ទាល់តែដូច្នេះ ទើបពួកគេអាច​យក​បាន​មកវិញនូវការទុកចិត្តជឿជាក់ ពីសំណាក់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនោះ Galaxy S8 ត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ជាង Galaxy S7 ពី១៥% ដល់ ២០% ដោយសារតែ ថ្លៃចំណាយលើវត្ថុធាតុដើមមានការកើនឡើង។ នេះបើយោងតាមការវិភាគពី​សារព័ត៌​មាន​កូរ៉េខាងត្បូង ChoiceNews៕


ប្រែសម្រួល៖ មង្គល
ប្រភព៖ Naver, ChoiceNews, Zing


Tags: Galaxy S8 Samsung Smartphone Hightech