CamNews

ទូរស័ព្ទ 

ទូរស័ព្ទ IPhone ចេញ​លក់​​ក្នុង​​ឆ្នាំ២០១៧​​នេះ អាច​​មាន​​ការ​​រចនា​​ខុស​​ប្លែក​​ជាង​​មុន​ឆ្ងាយ

(អាមេរិក)៖ ទូរស័ព្ទដៃ iPhone ម៉ូដែលឆ្នាំ២០១៧របស់ក្រុមហ៊ុន Apple ដែលត្រូវបានគេរំពឹងថា នឹងមានបំពាក់នូវផ្នែកកាលីបៗជាច្រើន និងមានការផ្លាស់ប្តូរស្ទើរតែថ្មីសន្លាងនោះ អាចមានតម្លៃថ្លៃខ្ពស់ជាងមុនខ្លាំង ដល់ទៅជាងមួយពាន់ដុល្លារ (តម្លៃនៅសហរដ្ឋអាមេរិក)។ នេះបើតាមសេចក្តីរាយការណ៍ របស់គេហទំព័របច្ចេកវិទ្យា Fast Campany ដោយផ្អែកលើប្រភព ដែលមានចំណេះដឹងទាក់ទងនឹង គំរោងរបស់ក្រុមហ៊ុន Apple។

ពាក្យចចាមអារ៉ាមជាច្រើន បានបង្ហាញថា ទូរស័ព្ទដៃ iPhone ដែលនឹងបង្ហាញខ្លួននាពេលខាងមុខ និងមានឈ្មោះថា iPhone 8 នឹងមានភ្ជាប់មកជាមួយនូវអេក្រង់ ប្រភេទ OLED ដែលមានតម្លៃថ្លៃជាងមុខអេក្រង់ ប្រភេទ LED ជំនាន់មុន។ ចំណែកឯការបង្កើនសមត្ថភាពដទៃផ្សេងទៀត មានដូចជាអង្គចងចាំ (Memory) មានទំហំធំជាងមុន និងការសាកថ្មតាមរយៈប្រព័ន្ធ Wireless (ឥតខ្សែ) ប្រហែលជាអាចជំរុញឲ្យតម្លៃកើនឡើង ថែមទៀតផងដែរ។ មួយវិញទៀត ក៏មានការនិយាយតៗគ្នាដែរថា ស្មាតហ្វូតជំនាន់ថ្មីរបស់ Apple នេះនឹងមានគុណភាពលំដាប់ខ្ពស់។

ជាមួយគ្នានេះ ប្រភពព័ត៌មានរបស់វេបសាយ Fast Campany ក៏បានបញ្ជាក់ពីពាក្យចចាមអារ៉ាមមួយចំនួនទាក់ទងនឹង ការរចនារបស់ iPhone  8 ផងដែរ ដោយការរៀបរាប់បញ្ជាក់នោះ ស្របទៅនឹងការអះអាងដែលថា ប្រធានផ្នែក Design របស់ Apple គឺលោក Jony Ive បាននិងកំពុងតែព្យាយាមធ្វើការរចនា iPhone មួយដែលមើលទៅដូចកញ្ចក់ មួយផ្ទាំងគត់ បំពាក់ដោយប៊ូតុង Home និង Touch ID (បច្ចេកវិទ្យាស្គែនក្រយៅដៃ) ស្ថិតនៅខាងក្រោមផ្ទះអេក្រង់ទូរស័ព្ទ។

យោងតាមប្រភពព័ត៌មានខាងលើ បច្ចេកវិទ្យារបស់ប៊ូតុង Home កំពុងស្ថិតនៅក្នុងដំណាក់កាល វិវឌ្ឍន៍ខ្លួននៅឡើយទេ ប៉ុន្តែគោលដៅរបស់ក្រុមហ៊ុន Apple គឺធ្វើយ៉ាងសម្រេច ឲ្យបានរួចរាល់សម្រាប់ iPhone 8។ ម៉្យាងវិញទៀតប៊ូតុងមួយចំនួនទៀតដូចជា ប៊ូតុងដំឡើង និងបន្ថយសំឡេង, ប៊ូតុងបិទ-បើក, និងប៊ូតុងបិទសំឡេងរោទិ៍ (Silence) អាចនឹងត្រូវលុបចោលផងដែរ ហើយ iPhone 8 ក៏នឹងបំពាក់ជាមួយថ្មី ដែលមានថ្មច្រើនជាងមុន។ លើសពីនេះប្រភពដដែល បានអះអាងទៀតថា ក្រុមហ៊ុន Apple កំពុងសហការ ជាមួយក្រុមហ៊ុន Lumentum ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា 3D Sensing ប៉ុន្តែនៅមិនទាន់ដឹងថា តើបច្ចេកវិទ្យានេះ នឹងត្រូវយកទៅប្រើប្រាស់របៀបណា នៅក្នុង iPhone 8 ឡើយ។

ក្រៅពី iPhone អេក្រង់ប្រភេទ OLED ទំហំ៥.៨អ៉ីញ ដែលមានគុណភាពលំដាប់ខ្ពស់ និងតម្លៃដ៏ថ្លៃនេះ ក៏មានពាក្យចចាមអារ៉ាមដែរថា ក្រុមហ៊ុន Apple កំពុងគ្រោងរៀបចំបង្ហាញ iPhone ពីម៉ូដែលផ្សេងទៀត (អាចជា iPhone 7s និង iPhone 7s Plus) មានតម្លៃធូថ្លៃជាងនេះ ជាមួយអេក្រង់ប្រភេទ LCD ធម្មតា និងមានការរចនាប្រហាក់ប្រហែលទៅនឹង iPhone 7 (អេក្រង់ទំហំ៤.៧អ៉ីញ) និង iPhone 7 Plus (៥.៥អ៉ីញ)។ ពួកវាអាចមានភាពខុសប្លែកខ្លះៗ ដូចជាតួខ្លួនជាកញ្ចក់សុទ្ធជាដើម ប៉ុន្តែផ្នែកអេក្រង់អាចមានប្រភេទត្រឹម LCD ប៉ុណ្ណោះ ដើម្បីកាត់បន្ថយការចំណាយ។

គួរបញ្ជាក់ថា ដោយសារការផ្លាស់ប្តូរខ្លាំង ត្រូវបានមនុស្សគ្រប់គ្នារំពឹង និងទន្ទឹងរង់ចាំសម្រាប់ iPhone ឆ្នាំ២០១៧ ដែលជាគំរប់ខួប១០ឆ្នាំរបស់ឧបករណ៍នេះ មានពាក្យចចាមរ៉ាមជាច្រើន បានលេចឡើងនៅលើបណ្តាញអ៉ីនធឺណែត ក្នុងអំឡុងពេលប៉ុន្មានខែនេះ ដែលជាកត្តាបានបង្កផលវិបាកក្នុងការកំណត់ពីលក្ខណៈ ឲ្យប្រាកដរបស់ស្មាតហ្វូននេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: iPhone iPhone 7 Plus Apple