(បរទេស)៖ ក្រុមបាល់ទាត់ស្តេចស Real Madrid បានគ្រងតំណែងជើងឯកពានបើករដូវកាល Champions League, UEFA Super ឆ្នាំ២០១៦ បន្ទាប់ពីបានយកឈ្នះគូប្រជែងរបស់អេស្ប៉ាញដូចគ្នា Sevilla ដោយលទ្ធផលបច្ចេកទេស ៣-២ យប់មិញនេះ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា នេះជាពានទី២ សម្រាប់គ្រូបង្វឹកជនជាតិបារាំង Zinedine Zidane ក្នុងការដឹក នាំ Real Madrid តាំងពីខែមករា ឆ្នាំ២០១៦ មក ជំនួសកៅអីលោក Rafael Benitez ដែលបានត្រូវបានបណ្តេញចេញពីតំណែង ក្រៅពីពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ហើយ Sevilla ក្រុមជើងឯកពានលំដាប់ទី២ Europa League រដូវកាលឆ្នាំ២០១៥-២០១៦ ដូចគ្នា។
កីឡាករ Marco Asensio ជាអ្នករកគ្រាប់ទី១ ឲ្យ Real Madrid នៅនាទីទី២១ មុនពេលដែល Franco Vazquez រកគ្រាប់តាមបានស្មើវិញនៅនាទីទី៤១ ក្នុងវគ្គទី១ ក្នុងទឹកដីកណ្តាលនោះ និងកីឡាករ Yevheniy Konoplyanka ជួយឲ្យ Sevilla នាំមុខវិញនៅនាទីទី៧២ ដោយបាល់ប៉េណាល់ទី តែកីឡាករខ្សែការពារ Sergio Ramos ជាអ្នកបង្ខំឲ្យមានការប្រកួតបន្ថែមម៉ោងកើតមានឡើង តាមរយៈរកបានគ្រាប់ចុងក្រោយនៅនាទីទី៩០ មុនពេលដែលគ្រាប់ជ័យជំនះ កើតឡើងនៅនាទីបន្ថែម ១៥នាទី ២ដង នាទីទី១១៩ ធ្វើបានសម្រេចដោយកីឡាករខ្សែការពារ Daniel Carvajal៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង