Samsung បានធ្វើការផ្លាស់ប្តូរការកំណត់សំគាល់ សម្រាប់ Galaxy Note 7 ថ្មី ថាជាម៉ូដែលមានសុវត្ថិភាព ដោយអ្នកប្រើប្រាស់ មិនចាំបាច់ធ្វើការត្រួតពិនិត្យលើប្រអប់ ឬក៏ឆែកលេខ IMEI នោះទេ។
Samsung កំពុងតែធ្វើការញាប់ដៃញាប់ជើង ក្នុងការរៀបចំស្មាតហ្វូន Note7 ថ្មីៗរបស់ខ្លួន ដើម្បីផ្លាស់ប្តូរដល់អតិថិជន នៅទូទាំងពិភពលោក។ ដើម្បីជាជំនួយក្នុងការកំណត់សំគាល់ បណ្តា Galaxy Note 7 ថ្មីៗ ដែលធានាថាជាម៉ូដែលមានសុវត្ថិភាព Samsung បានប្រើប្រាស់សញ្ញាសំគាល់ជាអក្សរ “S” នៅលើប្រអប់។
ជាក់ស្តែង សញ្ញាសំគាល់នេះ វារាងតូចបន្តិច ហើយអាចនឹងមិនគ្រប់គ្រាន់ដើម្បីធ្វើការកំណត់សំគាល់តាមរយះនេះ Samsung ក៏បានបន្ថែមធ្វើការផ្លាស់ប្តូរទាំងពណ៌នៃ អាយខុន (icon) រូបថ្ម ដែលបង្ហាញ នៅលើអេក្រង់ Note 7 ថ្មីទៀតផង។
icon រូបថ្មពណ៌ស គឺជាម៉ូដែលមានបញ្ហាថ្ម, បើមានពណ៌បៃតង វានឹងជាម៉ូដែលមានសុវត្ថិភាព
ជាក់ស្តែង ពេលអ្នកសម្លឹងមើលអាយខុនរូបថ្ម នៅជ្រុងខាងលើ និងខាងស្តាំនៃអេក្រង់ Note 7 ថ្មី នោះអ្នកនឹងបានឃើញ វាមានពណ៌បៃតងវិញ ជំនួសឲ្យពណ៌ស ដូចកាលពីម៉ូដែលមុន។ តាមរយះនេះ អ្នកប្រើប្រាស់អាចកំណត់សំគាល់បានថា Note 7 របស់អ្នកជាម៉ូដែលមានសុវត្ថិភាពភ្លាមៗ ដោយ មិនបាច់មើលទៅលើប្រអប់ (អាចមានហានិភ័យពីការប្តូរប្រអប់ ពីសំណាក់ជនខិលខូច ដែលមិនមែនពីខាងក្រុមហ៊ុន) ឬមិនចាំបាច់ឆែកលេខ IMEI នោះទេ។
ដូច្នេះ អ្នកប្រើប្រាស់ Note 7 ថ្មី គ្រាន់តែសម្លឹងមើលទៅលើរូបអាយខុនថ្ម ដែលមានពណ៌បៃតង នោះអ្នកអាចស្ងប់ចិត្តបានហើយ។ បើសិនជារូបថ្មនោះ មានពណ៌ស អ្នកត្រូវប្រុងប្រយ័ត្នបន្តិច ព្រោះវាជាម៉ូដែលមុន ដែលមានបញ្ហាថ្ម និងអាចផ្ទុះបាន។
យោងតាម Samsung Cambodia ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរ Galaxy Note 7 ម៉ូដែលថ្មីមានសុវត្ថិភាពចាប់ពីថ្ងៃទី ០៥ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ខាងមុននេះ សម្រាប់អ្នកដែលបានមកធ្វើការចុះឈ្មោះប្តូរយក Note 7 ថ្មី ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៦៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Genk